ក្រសួង​បរិស្ថាន​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​បរិស្ថាន​ឆ្នាំ​២០១៩

04-11-2019 11:45 am 94
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រសួង​បរិស្ថាន បាន​រៀបចំ​បើក​«​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​បរិស្ថាន​ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២០»  ដើម្បី​ចូលរួម​ចែករំលែក​ចំណេះដឹង និង​បទពិសោធ ពាក់ព័ន្ធ​នឹង​កិច្ច​គាំពារ​បរិស្ថាន ការគ្រប់គ្រង​ធនធានធម្មជាតិ ការអភិរក្ស​ជីវៈចម្រុះ និង​ការអភិវឌ្ឍ​ដោយ​ចីរភាព​ដឹកនាំ​ដោយ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន នៅ​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ ២០១៩​។ 

លោក ផៃ ប៊ុន​ឈឿន រដ្ឋលេខាធិការ​ប្រចាំការ​មានប្រសាសន៍ថា វេទិកា​នេះ រៀបចំឡើង ដើម្បី​ពិនិត្យ​និង​វាយតម្លៃ​លើ​សមិទ្ធផល​នានា ដែល​សម្រេចបាន​នា​ពេលកន្លងមក និង​ចូលរួម​ពិភាក្សា ផ្លាស់ប្តូរ​យោបល់ និង​ចែករំលែក​បទពិសោធន៍​ល្អ ដើម្បី​រិះរក​ដំណោះស្រាយ​សមស្រប​ចំពោះ​បញ្ហា​ប្រឈម​នានា និង​ដាក់​ចេញ​នូវ​ទិសដៅ​ការងារ​សម្រាប់​ការអនុវត្ត​បន្ត សំដៅ​លើកកម្ពស់​កិច្ច​គាំពារ​បរិស្ថាន ការគ្រប់គ្រង​ធនធានធម្មជាតិ ការអភិរក្ស​ជីវៈចម្រុះ និង​ការអភិវឌ្ឍ​ដោយ​ចីរភាព ឱ្យ​កាន់តែ​ប្រសើរ​ឡើង​បន្ថែម ។​

នៅក្នុង​ឱកាស​នោះ​ដែរ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បានបញ្ជាក់​ថា ក្រសួង​បរិស្ថាន និង​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព បាន​ត្រៀម​ខ្លួន​រួចជាស្រេច​ដើម្បី​សហការ​ជាមួយ​ក្រសួង ស្ថាប័ន និង​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់ ប្រែក្លាយ​អនុសាសន៍ ដែល​កើតចេញ​ពី​សន្និបាត​នេះ ទៅ​ជា​គំនិត​ផ្តួចផ្តើម​គោលនយោបាយ ផែនការ​សកម្មភាព គម្រោង និង​វិធានការ​ជាក់ស្តែង​នានា សំដៅ​ធានាបាន​នូវ​កិច្ច​គាំពារ​បរិស្ថាន ការគ្រប់គ្រង​ធនធានធម្មជាតិ និង​ការអភិរក្ស​ជីវៈចម្រុះ ព្រមទាំង​ការអភិវឌ្ឍ​និង​ការរស់នៅ​ដោយ​ចីរភាព សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់រូប និង​គ្រប់​ជំនាន់​។​

សូមបញ្ជាក់​ថា «​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​បរិស្ថាន​ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២០» របស់​ក្រសួង​បរិស្ថាន ប្រព្រឹត្ត​ទៅ​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​០៤ ដល់​ថ្ងៃ​ទី​០៥​ខែវិច្ឆិកា ឆ្នាំ​២០១៩ ដោយ​មាន​បទ​បង្ហាញ កិច្ចពិភាក្សា ផ្លាស់ប្តូរ​យោបល់​ជាច្រើន លម្អិត​អំពី​បញ្ហា​ប្រឈម មេរៀន បទពិសោធន៍ សំណូមពរ និង​អនុសាសន៍​ផ្សេងៗ របស់​អគ្គនាយកដ្ឋាន អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរ​៕

ព័ត៌មានផ្សេងទៀត