លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​ស្នើ​ភាគី​រុស្ស៊ី​ជួយ​ជំរុញ​អ្នក​វិនិយោគិន​មក​បណ្តាក់ទុន​នៅ​កម្ពុជា​បន្ថែម​ទៀត​

04-11-2019 11:19 am 158
  ស្តាប់
ស្តាប់ជាសំឡេង

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ស្នើ​ឲ្យ​នាយករដ្ឋមន្ត្រី​រុស្ស៊ី​លោក​ឌី​មី​ទ្រី មី​ដ​វី​ដេ​វ​(Dmitry Medvedev) ជួយ​ជំរុញ​វិនិយោគិន​រុស្ស៊ី​មក​បណ្តាក់ទុន​វិនិយោគ​បន្ថែម​ទៀត​នៅ​កម្ពុជា លើ​វិស័យ​មួយចំនួន​ដូចជា​៖ វិស័យ​កែច្នៃ​ម្ហូបអាហារ កសិឧស្សាហកម្ម  ឧស្សាហកម្ម Electronic ឧស្សាហកម្ម​បង្គំ និង​ឧស្សាហកម្ម​ផលិត​គ្រឿង​ម៉ាស៊ីន​ជាដើម​។​ការស្នើ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ខាងលើនេះ គឺធ្វើឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ កាលពី​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ក្នុងឱកាស​ដែល​លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៥ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។​

​ជា​ការឆ្លើយតប​លោកនាយ​ក​រដ្ឋមន្ត្រី​រុស្ស៊ី បាន​បញ្ជាក់​ប្រាប់​ដល់​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​ថា ប្រទេស​រុស្ស៊ី​ចង់​សហការ​ជាមួយ​កម្ពុជា លើ​វិស័យ​ជាច្រើន រួម​ទាំង​វិស័យ​ឧស្សាហកម្ម ហើយ​រុស្ស៊ី​ក៏​ចង់​បន្ត​ផ្ដល់​ការគាំទ្រ​ដល់​កម្ពុជា នៅ​ក្នុង​កិច្ចសហកា​រលើ​វិស័យ​ថាមពល ដូចជា​វិស័យ​ប្រេង វិស័យ​ទូរគមនាគមន៍ វិស័យ​ជលផល និង​ការបង្កើត​កិច្ចសហប្រតិបត្តិការ​ផ្សេងៗ​ទៀត​នៅ​កម្ពុជា​។​

​ជាមួយគ្នានេះ​ដែរ​លោក​ឌី​មី​ទ្រី មី​ដ​វី​ដេ​វ​(Dmitry Medvedev) បញ្ជាក់បន្ថែម​ថា ប្រទេស​ទាំង​ពីរ​ក៏​អាចមាន​កិច្ចសហការ​យ៉ាង​ល្អ​លើ​វិស័យ​ឧស្សាហកម្ម វិទ្យាសាស្ត្រ និង​វិស័យ​ផ្សេងៗ​ទៀត​។​ជាពិសេស​នៅ​ក្នុង​ការដោះមីន​នៅក្នុង​វិស័យ​ការពារជាតិ​ដែល​ប្រទេស​រុស្ស៊ី​ចង់​បន្ត​ក្នុង​ការបណ្ដុះបណ្ដាល​ផ្នែក​មន្ត្រី​យោធា​កម្ពុជា​។​មួយវិញទៀត​លោកនាយក​រដ្ឋមន្ត្រី​រុស្ស៊ី បានចាត់ទុក​កម្ពុជា គឺជា​មិត្ត​ជិតស្និទ្ធ​របស់​ខ្លួន​ផង​ដែរ​។​

​នៅក្នុង​ជំនួប​នោះ​ដែរ លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា ក៏​បាន​ថ្លែងអំណរគុណ ដល់​ភាគី​រុស្ស៊ី ក្នុង​ការបន្ត​ត្រៀម​ធ្វើ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​មួយចំនួន រួម​ទាំង​វិស័យ​វប្បធម៌​ផងដែរ ជាពិសេស​រុស្ស៊ី​បាន​គាំទ្រ​ដល់​កម្ពុជា ឲ្យក្លាយ​ជាប្រទេស​សង្កេតការណ៍​នៃ​អង្គការ​កិច្ចសហប្រតិបត្តិការ​សៀង​ហៃ ហើយ​ផ្ដល់​នូវ​វគ្គ​បណ្ដុះបណ្ដាល​ដល់​មន្ត្រី​យោធា​កម្ពុជា និង​ផ្ដល់​ជំនួយ​បច្ចេកទេស​ក្នុង​វិស័យ​កំចាត់មីន​ផងដែរ​។​

​សូមបញ្ជាក់​ថា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ធ្វើដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៣៥ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ចាប់ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៩៕ 

 

ព័ត៌មានផ្សេងទៀត