មានការលើកឡើងថាបាតុកម្មនៅជប៉ុន គ្មានឥទ្ធិពលអ្វីប៉ះពាល់ដល់រដ្ឋាភិបាលទេ

04-11-2019 11:13 am 553

អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា និងប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើង ថា ការធ្វើបាតុកម្មរបស់ពលករខ្មែរធ្វើការនៅប្រទេសជប៉ុន ដើម្បីគាំទ្រការវិលត្រឡប់របស់លោកសម រង្ស៊ី និងអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ទៅកាន់ប្រទេសកម្ពុជាវិញនោះ មិនមានឥទ្ធិពលអ្វីប៉ះពាល់ដល់រដ្ឋាភិបាលកម្ពុជានោះទេ ហើយគ្រាន់តែការបញ្ចេញមតិរបស់ក្រុមតូចមួយ នៃអតីតគណបក្សប្រឆាំងតែប៉ុណ្ណោះ។ ការបញ្ជាក់នេះបន្ទាប់ពីលោកសម រង្ស៊ី អតីតមេដឹកនាំ នៃអតីតគណបក្សប្រឆាំង បានឲ្យដឹង ថា កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ពលករខ្មែរជាច្រើនរយនាក់នៅប្រទេសជប៉ុន បានប្រមូលផ្តុំគ្នានៅទីក្រុងហ៊ីរ៉ូស៊ីម៉ា(Hiroshima) ក្នុងភូមិភាគនិរតីនៃប្រទេសជប៉ុន ដើម្បីធ្វើបាតុកម្មគាំទ្រដំណើរមាតុភូមិនិវត្តន៍ អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ មកកាន់ប្រទេសកម្ពុជា។

យ៉ាងណាក៏ដោយលោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានលើកឡើង ថា ការធ្វើបាតុកម្មនេះគ្រាន់តែជាការបញ្ចេញមតិរបស់ក្រុមតូចមួយ ដែលគាំទ្រអតីតគណបក្សប្រឆាំង។ ប៉ុន្តែមិនបានធ្វើឲ្យប៉ះពាល់ ដល់ដំណើរការរបស់រដ្ឋាភិបាលកម្ពុជានោះឡើយ។ លោកបានថ្លែងយ៉ាងដូច្នេះ ថា”គ្រាន់តែជាការបញ្ចេញមតិមួយ នូវក្រុមតូចមួយនៅក្នុងសាច់រឿងហ្នឹង វាមិនប៉ះពាល់ដល់ការងាររបស់រាជរដ្ឋាភិបាលទេ”។

ចំណែកលោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងដែរ ថា ការបាតុកម្មរបស់ពលករខ្មែរនៅជប៉ុននេះ នឹងមិនមានឥទ្ធិពលអ្វីដែលនាំឲ្យលោកសម រង្ស៊ីរួចទោស ឬមកកម្ពុជាដោយស្រួលនោះទេ ។ ជាមួយគ្នានេះលោកពេជ្រ ស្រស់ ក៏បានបង្ហាញការមិនពេញចិត្ត ដែលពលករខ្មែរនៅក្រៅប្រទេសធ្វើបាតុកម្មដូចនេះ ដែលនាំឲ្យប៉ះពាល់កិត្តិយស និងមុខមាត់ប្រទេសជាតិ។ ប្រធានគណបក្សយុវជនកម្ពុជា បានថ្លែងយ៉ាងដូច្នេះ ថា”ការធ្វើបាតុកម្មនៅប្រទេសជប៉ុន មិនមែនតែលើកនេះទេគឺច្រើនលើកហើយ តែសួរវិញថាលទ្ធផលបាតុកម្មវាបានស្អីខ្លះ វាអត់បានអីក្រៅពីគេមាក់ងាយជាតិសាសន៍ខ្លួនឯង ឲ្យគេឃើញជាតិសាសន៍ខ្លួន ឯងបែកបាក់ ឬមិនចុះសម្រុងគ្នាក្នុងការអភិវឌ្ឍន៍ប្រទេស”។

បើតាមលោកហៃ វណ្ណា ប្រធានចលនាសង្គ្រោះជាតិនៅជប៉ុន បានប្រាប់សារព័ត៌មានបរទេសផ្សាយជាភាសាខ្មែរ ថា រហូតមកដល់ពេលនេះ មានពលករខ្មែរនៅជប៉ុនចំនួន៦នាក់ បានសម្រេចចិត្តធ្វើដំណើរទៅប្រទេស ថៃនាថ្ងៃទី៦ ខែវិច្ឆិកា ដើម្បីត្រៀមអមដំណើរអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សប្រឆាំង វិលចូលប្រទេសកម្ពុជាវិញ៕ 

ព័ត៌មានផ្សេងទៀត