ការបំពុល​ខ្យល់​នៅ​ប្រទេស​ឥណ្ឌា ឈានដល់​កម្រិត​មិនអាច​ទ្រាំទ្រ​បាន​

04-11-2019 11:06 am 112

​កាលពី​ថ្ងៃអាទិត្យ នៅក្នុង​តំបន់​ជាច្រើន គឺ​គុណភាព​ខ្យល់​បាន​ចុះខ្សោយ​ទៅក្នុង​កម្រិត គ្រោះថ្នាក់ មិនអាច​ទ្រាំទ្រ​បាន ដែលមាន​សក្តានុពល​បង្កឲ្យមាន​ជំងឺ​ផ្លូវដង្ហើម​។ ក្រុមន្ត្រី​បានប្រកាសពី​ភាពអាស​ន្ន​ផ្នែក​សុខភាព​សាធារ​ណៈ ហើយ​អភិបាលក្រុង​ញូវដែលី​លោក​Arvind Kejriwal បាន​ប្រដូច​ទីក្រុង​នេះ ទៅនឹង​បន្ទប់​ចំហេះ​ឧស្ម័ន​។ រីឯ​អង្គការ​សុខភាព​ពិភពលោក​ហៅ​កាត់​ថា WHO និយាយថា មួយ​ភាគបី​នៃ​ការស្លាប់ ដោយសារ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ជំងឺមហារីក​សួត និង​ជំងឺ​បេះដូង បណ្តាលមកពី​ការបំពុល​ខ្យល់​នេះ​។ WHO ឲ្យដឹង​នៅលើ​គេហទំព័​ររបស់ខ្លួន​ថា ករណីនេះ គឺមាន​ឥទ្ធិពល​ស្មើ​ទៅនឹង​ការជក់​ថ្នាំជក់ ។​

​អាជ្ញាធរ​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ នៅតែ​ក្នុងផ្ទះ​កុំ​ចេញ​ទៅណា បើ​ពុំមាន​ការចាំបាច់ ដើម្បី​ការពារ​សុខភាព​រៀងៗ​ខ្លួន​។ ម៉ាស​ចំនួន ៥ លាន​ត្រូវ​បាន​ប្រគល់ឲ្យ នៅតាម​សាលារៀន​កាលពី​ថ្ងៃ​សុក្រ ខណៈ​អាជ្ញាធរ​ក៏បាន​ចេញ​សេចក្តីណែនាំ ឲ្យ​បិទ​សាលារៀន​បណ្តោះអាសន្ន​។ ជាមួយគ្នា​នោះ បរិយាកាស​ដ៏​អាក្រក់​បែបនេះ បានធ្វើឲ្យ​ជើងហោះហើ​រជាង​៣០ បាន​បង្វែរ​ទិសដៅ ហើយ​ការងារ​សាងសង់​ត្រូវបាន​ផ្អាក នៅពេល​ទីក្រុង​នេះ ស្ថិតក្នុង​ភ្នក់​អ័ព្ទ​យ៉ាង​ក្រាស់​។ 

​កាលពី​ថ្ងៃអាទិត្យ​យុវជន​នៅ​ក្រុង​ញូវដេលី បាន​ចេញមក​តវ៉ា​ដើម្បី​ទាមទារ​ឲ្យមាន​សកម្មភាព ដោះស្រាយ​បញ្ហា​ខ្យល់ពុល​ក្នុង​បរិយាកាស​។ អ្នក​តវ៉ា​ម្នាក់​បាន​និយាយថា នាង​ចង់បាន​វិធានការ​ប្រឆាំងនឹង​ការ​បំពុលបរិស្ថាន ដែលមាន​រយៈពេល​វែង​និង​ប្រកបដោយ​និរន្តរភាព​។ Jaivipra មាន​ការព្រួយបារម្ភ អំពី អនាគត​និង​សុខភាព​របស់​ពួកគេ ក៏ដូចជា​កុមារ​និង​មនុស្ស​ចាស់ ដែលជា​ជន​ងាយ​រងគ្រោះ​។ 

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អ្នកនយោបាយ​ឥណ្ឌា បាន​ស្តីបន្ទោស​គ្នា​ទៅវិញទៅមក ខណៈ​លោក Harsh Vardhan រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​និង​សុខុមាលភាព​គ្រួសារ បាន​អំពាវនាវ​ឲ្យ​ប្រជាជន បរិភោ គ​ការ៉ុត ជួយ​ឲ្យ​ង​កាយ​ទទួលបាន​វីតាមីន​A ប៉ូ​តា​ស្យូម​និង​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម ដែល​ការពា​រប្រ ឆាំង​នឹង​ភាព​ងងឹតភ្នែក​ពេលយប់ និង​ជួយ​ប្រឆាំងនឹង​ការបំពុល​ផ្សេងៗ​ទៀត ដែល​គ្រោះថ្នាក់​ដល់​សុខភាព​។​

​កត្តា​ធំ​មួយ​នៅ​ពីក្រោយ​កម្រិត​នៃ​ការបំពុល​ខ្លាំង​នៅពេលនេះ គឺ​កសិករ​នៅក្នុង​រដ្ឋ​ជិតខាង បាន​ដុត​ចំបើង​ឬ​សំរាម​នានា​ដែល​នៅ​សេសសល់​ក្នុង​ដី​ស្រែចម្ការ ដើម្បី​សម្អាត​ស្រែចម្ការ​របស់​ពួកគេ​។ សកម្មភាព​នេះ បាន​បង្កើតជា​ភាគល្អិត កាបូន​ឌីអុកស៊ីត  nitrogen dioxide និង​sulphur dioxide ហើយ​គួបផ្សំ​ជាមួយ​សំណល់​នៃ​កាំជ្រួច ដែល​បាន​បាញ់​ក្នុង​ពិធីបុណ្យ​កាលពី​មួយ​សប្តាហ៍​កន្លង​ទៅ ធ្វើឲ្យ​បរិយាកាស​ក្នុង​ខ្យល់​កាន់តែ​អាក្រក់​ទៅៗ​។ បើទោះជា​បែបនេះ​ក្តី ក៏​ពុំមាន​ការទាត់ចោល​ឡើយ នូវ​ផ្សែង​យានយន្ត និង​ការបំភាយ​ឧស្ម័ន ពី​រោងចក្រ ឧស្សាហកម្ម ដែល​បាន​រួមចំណែក​ធ្វើឲ្យមាន​ភាពកខ្វក់​ក្នុង​រិយា​កាសកាន់​តែ​ច្រើនឡើង​។ ប្រជាជន​ឥណ្ឌា​សង្ឃឹមថា ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុងពេល​ឆាប់ៗ នឹង​លាង​សំអាត​ការបំពុល​ក្នុង​បរិយាកាស​នាពេលនេះ​៕

 ពាក្យគន្លឹះ  ប្រទេសឥណ្ឌាខ្យល់ពុល

ព័ត៌មានផ្សេងទៀត