កម្ពុជា​ស្នើ​អាស៊ាន​និង​អង្ក​ការ​សហប្រជាជាតិ​បន្ត​ទប់ស្កាត់​សកម្មភាព​ភេរវកម្ម​អន្តរជាតិ​

04-11-2019 11:05 am 169
  ស្តាប់
ស្តាប់ជាសំឡេង

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានស្នើ​អាស៊ាន និង អង្ក​ការ​សហប្រជាជាតិ បន្ត​ខិតខំ​រួមគ្នា ទប់ស្កាត់​សកម្មភាព​ភេរវកម្ម​អន្តរជាតិ ដែល​ការស្នើ​នេះ​ធ្វើឡើង​នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អង្គការសហប្រជាជាតិ​លើក​ទី​១០ ដែល​មាន​ការយាង និង​ចូលរួម​ពី​ប្រមុខរដ្ឋ​-​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន អង្គការសហប្រជាជាតិ កាលពី​ថ្ងៃ​ទី ០៣ វិច្ឆិកា ឆ្នាំ ២០១៩ នៅ​ទីក្រុង បាំង​កក ប្រទេស​ថៃ​។ 

​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា ចំពោះ​បញ្ហា​អំពើហិង្សា​ជ្រុលនិយម និង​អំពើ​ភេរវកម្ម កម្ពុជា​ស្នើ​អាស៊ាន និង​អង្ក​ការ​សហប្រជាជាតិ បន្ត​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​ថែមទៀត ក្នុង​ការទប់ស្កាត់​សកម្មភាព​ភេរវកម្ម​អន្តរជាតិ តាមរយ​ការ​:​ផ្លាស់ប្តូរ​បទពិសោធន៍ និង​ព័ត៌មាន​ជំនាញ​ចាំបាច់ ដែល​មន្ត្រី​អង្ក​ការ​សហប្រជាជាតិ​អាចធ្វើ​បាន​ជាមួយ​អាស៊ាន​។​

​លោកនាយក​រដ្ឋមន្ត្រី បន្តថា​កម្ពុជា​និង​ប្រទេស​អាស៊ាន​ទាំង​អស់ នឹង​បន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ ប្រកបដោយ​ប្រសិទ្ធភាព ជាមួយ​អង្គការ​សហប្រជាជាតិ និង​ទីភ្នាក់ងារ​នានា​របស់​អង្ក​ការ​សហប្រជាជាតិ ដើម្បី​ជំរុញ​អនុវត្ត​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ស្តីពី​ការប្រែប្រួល​អាកាសធាតុ​ឲ្យបាន​ពេញ​លេ​ញ និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​

​ទន្ទឹមនឹងនេះ មេដឹកនាំ​អាស៊ាន​-​អង្គការសហប្រជាជាតិ បាន​ចាត់ទុកថា អាស៊ាន និង​អង្គការ​សហប្រជាជាតិ នៅតែ​បន្ត និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ថែម​ទៀត រួម​ទាំង​ពង្រឹង​ទំនាក់ទំនង​រវាង​លេខាធិការដ្ឋាន​អាស៊ាន និង​លេខាធិការដ្ឋាន​អង្គការសហប្រជាជាតិ ដើម្បី​ពិនិត្យមើល​នូវ​ការអនុវត្ត សកម្មភាព​បំពេញបន្ថែម​ទៅវិញទៅមក ដែល​អាច​គាំទ្រ​ដល់​ការអនុវត្ត​ផែនការ​កសាង​សហគមន៍​អាស៊ាន ២០២៥ និង​របៀប​វារ​:​ឆ្នាំ​២០៣០ របស់​អង្គការសហប្រជាជាតិ សម្រាប់​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។​

​សូមបញ្ជាក់​ថា មេដឹកនាំ​អាស៊ាន​-​អង្ក​ការ​សហប្រជាជាតិ នឹង​ឈាន​ទៅ​ចេញ​ផ្សាយ​នូវ​សេចក្តីប្រកាស​របស់​ប្រធាន​កិច្ចប្រជុំ​កំពូល​អាស៊ាន អង្គការសហប្រជាជាតិ​លើក​ទី​១០ និង​ធ្វើ​ការកត់សំគាល់​ផែនទី​ចង្អុល សម្រាប់​ការបំពេញបន្ថែម​ឆ្នាំ​២០២០-២០២៥៕


ព័ត៌មានផ្សេងទៀត