នាយករដ្ឋមន្ត្រីចិនថា នឹងពិភាក្សាផ្ដល់ជំនួយឥតសំណង សម្រាប់អភិវឌ្ឍន៍ខេត្តព្រះសីហនុ

04-11-2019 7:37 am 269

លោកលឺ ខឺឈាង(Li Keqiang)នាយករដ្ឋមន្ត្រីនៃប្រទេសចិន បានសន្យាថារដ្ឋាភិបាលទីក្រុងប៉េកាំង នឹងពិភាក្សាជាមួយរដ្ឋាភិបាលទីក្រុងភ្នំពេញ ទៅលើការអភិវឌ្ឍន៍ខេត្តព្រះសីហនុ ជាពិសេសការផ្ដល់ជំនួយឥតសំ​ណងសម្រាប់អភិវឌ្ឍន៍ខេត្តដ៏មានសក្ដានុពលរបស់កម្ពុជាមួយនេះតែម្ដង។ ការសន្យានេះគ្រាលោកហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានជួបពិភាក្សាជាមួយលោកលី ខឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រីនៃប្រទេសចិន កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងឱកាសដែលមេដឹកនាំប្រទេសទាំង២ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ នៅទីក្រុងបាងកក ប្រទេសថៃ។ នេះបើយោងតាមការផ្សព្វផ្សាយ នៅ​លើទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។

ក្នុងជំនួបនេះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានស្នើដល់ភាគីចិន ក្នុងការគាំទ្រដល់ការអភិវឌ្ឍ នៅខេត្តព្រះសីហនុ ដោយសារក្រុមហ៊ុនជាច្រើនរបស់ចិន នឹងត្រូវធ្វើការវិនិយោគនៅក្នុងខេត្តព្រះសីហនុ។ ជាការឆ្លើយ​តបលោកលី ខឺឈាង បានគាំទ្រចំពោះគម្រោងនៃការអភិវឌ្ឍន៍នៃខេត្តព្រះសីហនុនេះ ហើយលោកបញ្ជាក់ថា ប្រទេសទាំង២នឹងធ្វើការពិភាក្សាគ្នា ជាពិសេសលើជំនួយឥតសំណង ដើម្បីជួយដល់ការអភិវឌ្ឍនៃខេត្តព្រះ​សីហនុនេះ។ ពាក់ព័ន្ធនៅខេត្តព្រះសីហនុនេះដែរ គឺនៅឆ្នាំនេះជាឆ្នាំដែលប្រទេសទាំង២ បានឯកភាពនូវការអនុវត្តកិច្ចសហប្រតិបត្តិការទៅលើច្បាប់ ដែលប្រទេសកម្ពុជា-ចិនបានឯកភាពគ្នា ហើយកន្លងមកបានឯក​ភាព និងរួមគ្នាក្នុងការអនុវត្តច្បាប់នៃប្រទេសទាំង២ផងដែរ។ ចំណែកទាក់ទងនឹងកិច្ចប្រជុំលើកទី៥ គណៈកម្មាធិការនៃអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដោយលោកហ៊ុន សែន បានស្នើឲ្យមានជំនួបនេះ មុនបំណាច់ឆ្នាំ២០​១៩ខាងមុខនេះ ដែលគ្រោងនឹងធ្វើនៅឯខេត្តព្រះសីហនុនោះ។ លោកនាយករដ្ឋមន្ត្រីចិន បានមានប្រសាសន៍ ថា ចិននឹងគាំទ្រក្នុងការរៀបចំនៃកិច្ចប្រជុំនេះ ដើម្បីពិភាក្សាទាក់ទងនឹងរឿងថវិកានៃប្រទេសទាំង២ ផង​ដែរ៕ 

ព័ត៌មានផ្សេងទៀត