កំណើត​បទ​បែប​ខ្មែរ កំពុង​បន្ត​ដំណើរ​ក្នុង​សង្គម​រស់​តាម​វិធី​អ្នក​ស្រឡាញ់​ជួយ​

03-11-2019 7:22 pm 179
  ស្តាប់
ស្តាប់ជាសំឡេង

​បទ​ខ្មែរ គឺជា​ប្រភេទ​បទ​ចម្រៀង​ដែល​ប្រើប្រាស់​ដើម្បី​លោម​ប្រលោម បំពេរ​អ្នក​ស្តាប់ ឱ្យស្លុង​អារម្មណ៍​តាម​អត្ថន័យ​នៃ​បទ​ចម្រៀង ដែល​ទាំងនោះ គឺជា​ការប្រើ​សីល្ប៍វិធី​ក្នុង​ការតែង​និពន្ធ​របស់​អ្នកនិពន្ធ​កាលពី​ជំនាន់​មុន ។ ​នៅ​សម័យ​សង្គមរាស្ត្រនិយម សិល្បៈ​បទ​ចម្រៀង​ខ្មែរ ត្រូវ​បាន​រីកចម្រើន​លូតលាស់​យ៉ាង​សុះសាយ ហើយ​បទ​ចម្រៀង​ទាំងនោះ ក៏​ត្រូវ​បាន​ច្រៀង​លោម​បំពេរ​អស់​មនុស្ស​មួយ​នគ​រដែរ ។ 

​យ៉ាងណាក៏ដោយ បច្ចុប្បន្ន​ការនិពន្ធ​ថ្មី​តាម​បែបផែន​នៃ​បទ​ចម្រៀង​ទាំងនោះ ហាក់​ពុំ​សូវ​មាន​ទៀតឡើយ បើ​ទោះបីជា​នៅ​មាន​ការគាំទ្រ​ពី​មហាជន​ក្តី ។ ក្នង​នាទី​បទ​យកការណ៍​នា​ថ្ងៃនេះ យើង​នឹង​មាន​លើក​បង្ហាញ​នូវ​កវីនិពន្ធ​មួយក្រុម ដែល​បាន​ធ្វើឱ្យ​បទ​បែប​ខ្មែរ​នេះ បន្ត​មាន​វត្តមាន​នៅក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន ទោះបីជា​ជួប​នូវ​បញ្ហា​ប្រឈម​ច្រើនក្តី ។

[ សំឡេង​បទ​ចម្រៀង កោះអណ្តែត ]

​កោះអណ្តែត គឺ​ជា​បទ​ចម្រៀង​មួយ​បទ ដែល​និពន្ធ​ទំនុកច្រៀង​ឡើង​ដោយ លោក ម៉ៃ វឌ្ឍនា និពន្ធ​បទ​ភ្លេង​ដោយ​លោក អ៊ុក សំអាត និង​ច្រៀង​ឡើង​ដោយ លោក ជិន វឌ្ឍនា ។​

​សូរស័ព្ទ​នៃ​ចម្រៀង និង​សិល្ប៍​វិធី​នៃ​ការនិពន្ធ​ទាញយក​អារម្មណ៍​អ្នក​ស្តាប់​ឱ្យ​លង់ ចូល​ទៅ​បណ្តែតអារម្មណ៍​ក្នុង​បទ​ចម្រៀង ធ្វើឱ្យ​អ្នក​ស្តាប់​អាច​បិទ​ភ្នែក​ស្រមៃ​ឃើញ​នូវ​ទិដ្ឋភាព​ក្នុង​ដំណើរ​រឿង រៀបរាប់​តាម​ភូមិសាស្ត្រ​នេះ គឺជា​ការរៀបចំ រៀបរៀង​និពន្ធ​ឡើង​ជា​ដំណើរ​នៃ​បទ​ចម្រៀង​បែប​ខ្មែរ ។​

​បើសិន​ជា​និយាយ​តាម​អ្នក​ដែល​និយម​ចូលចិត្ត​ស្តាប់​បទ​ចម្រៀង​ខ្មែរ ពិតណាស់ ភាគច្រើន​ពួកគេ​ប្រាកដ​ជា​និយាយ​ថា បទ​ចម្រៀង​ប្រភេទ​នេះ ពុំ​សំបូរ​រក​មក​ស្តាប់​បំពេរ​អារម្មណ៍​មែន ។​

​ដូចគ្នា​ទៅ​នឹង​ការលើកឡើង​របស់​កវី​និពន្ធ​បទ​ចម្រៀង​កោះអណ្តែត ដែល​លោក​អ្នក​បាន​ស្តាប់​ពី​ខាងដើម លោក ម៉ៃ វឌ្ឍនា បាន​បង្ហើប​ប្រាប់​វិទ្យុ​វាយោ​ថា លោក​បាន​ចាប់យក​អាជីព​ជា​អ្នកនិពន្ធ​ទំនុកច្រៀង​បែប​ខ្មែរ ក៏​ព្រោះ​ដោយសារតែ​លោក​បាន​មើលឃើញ​ពី​កង្វះខាត​នៃ​ការបង្កើត​ថ្មី​នៃ​បទ​ចម្រៀង​ខ្មែរ​នៅក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន ពិសេស ការចាប់យក​អាជីព​និពន្ធ​បទ​ខ្មែរ​នេះ​គឺ​ក្នុង​គោលដៅ​នៃ​ការថែរក្សា​សម្ផស្ស​បទ​ចម្រៀង​ខ្មែរ​…
​សំឡេង​លោក ម៉ៃ វឌ្ឍនា ៖

​លោក ម៉ៃ វឌ្ឍនា មាន​ងារ​ជា​កវី​ជនបទ ។  កវី​រូបនេះ បានចាប់ផ្តើម​ដើររក​ទីតាំង​ផលិត​ស្នាដៃ​បទ​ចម្រៀង​របស់ខ្លួន លើកដំបូង នៅក្នុង​អំឡុង​ឆ្នាំ​២០១៥ ។ អាចនិយាយបាន​ថា ជា​និស្ស័យ នៅ​កន្លែង​ថត​ចម្រៀង​នោះ​ហើយ បាន​ផ្តល់ឱកាស​ឱ្យ​មាន​ជំនួប​មួយ​រវាង​លោក និង​លោក អ៊ុក សំអាត ជា​អ្នកនិពន្ធ​ទំនុក​ច្រៀង និង​បទ​ភ្លេង​ជើងចាស់​មួយរូប​តាំងពី​ជំនាន់​សម័យ​សង្គមរាស្ត្រនិយម ។​

​ក្នុង​ជំនួប​ជា​ឧបនិស្ស័យ ពិសេស​ដោយសារ​មាន​ទស្សនវិស័យ​និង​ក្តី​ស្រឡាញ់ក្នុង​វិស័យ​សិល្បៈ​ចម្រៀង​ដូចគ្នា​នោះ កវី​ទាំងពីរ​ក៏​បាន​ស្រា​ក់ដៃ​គ្នា រួម​សហការ​ផលិត​ប​ទ​ចម្រៀង​ខ្មែរ​ជា​បន្តបន្ទាប់​តាំងពី​ពេលនោះ​មក ។ 

​បើ​តាម​លោក ម៉ៃ វឌ្ឍនា បាន​ប្រាប់ថា ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​មកនេះ លោក​និង​ក្រុមការងារ បាន​ផលិត​ចេញ​នូវ​បទ​ចម្រៀង​ខ្ទង់​ចំនួន​ប្រមាណ​៥០​បទ​ចម្រៀង ក្នុងនោះ គឺ​រាប់បញ្ចូល​ទាំង​បទ​ចម្រៀង​ដែល​បាន​ផលិត​ចេញ​រួចរាល់ និង​បទ​ដែល​មិន​ទាន់​បាន​ផលិត​ចេញ​ដែរ ។​

[ សំឡេង​បទ​ចម្រៀង កន្សែងដៃ​ស្នេហ៍​កម្ម ]

​លោក ម៉ៃ វឌ្ឍនា នៅ​តែ​បង្ហាញ​នូវ​សុទិដ្ឋិនិយម​ថា បទ​ចម្រៀង​បែប​ខ្មែរ​នេះ គឺ​នៅតែ​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​មហាជន តែ​អ្វី​ជា​បញ្ហា គឺ​ភាព​កង្វះខាត​នៃ​ការផលិត​បទ​ចម្រៀង​ឱ្យ​ពួកគាត់​ស្តាប់​ឯណោះ​ទេ​…
​សំឡេង​លោក ម៉ៃ វឌ្ឍនា ៖

​កវី​ជនបទ​រូបនេះ បាន​បញ្ជាក់​ឱ្យដឹងថា ក្នុង​បទ​ចម្រៀង​មួយ​បទ លោក​ត្រូវ​ចំណាយពេល​ផលិត​យ៉ាង​តិច រយៈពេល​មួយ​ខែ ទើប​សម្រេច​ជា​លទ្ធផល ហើយ​មាន​បទ​ខ្លះ លោក​ត្រូវ​ចំណាយ​ស្ទើរតែ​ជិត​រយៈពេល​៦​ខែ ។​

​បើ​និយាយ​ចំពោះ​ការចំណាយ លោក​វឌ្ឍនា​បាន​បង្ហើប​ប្រាប់ថា បទ​ខ្លះ លោក​ត្រូវ​ចំណាយ​លើ​ការផលិត​ទាំងស្រុង ប្រមាណ​ជិត​១​ពាន់​ដុល្លារ ដូច្នេះហើយ ជា​ការចាំបាច់ គឺ​លោក​ត្រូវ​សន្សំ​ប្រាក់​ដែល​រកបាន​ពី​ការងារ​ផ្សេងទៀត យ៉ាងហោច​ចាប់ពី​២-៣​ខែ ដើម្បី​ជា​ទុន​សម្រាប់​ទុក​ផលិត​បទ​ចម្រៀង​បន្ត​…
​សំឡេង​លោក ម៉ៃ វឌ្ឍនា ៖

​ចំពោះ​អត្ថបទ​ចម្រៀង​ដែល​លោក​និពន្ធ​គឺ​សុទ្ធសឹងតែ​កើតឡើង​ក្រោម​សាច់រឿង​ពិតប្រាកដ ដែល​ភាគច្រើន ត្រូវបាន​មហាជន​សំណូមពរ​ឱ្យ​លោក​និពន្ធ​តាម​ហេតុការណ៍ មនោសញ្ចេតនា​ដែល​ពួកគេ​បាន​ជួប ។​

​ជា​បញ្ហា​ប្រឈម​សម្រាប់​ការងារ​ផលិត​បទ​ចម្រៀង​របស់​លោក លោក​បាន​បញ្ជាក់​ប្រាប់ថា មាន​ពីរ​ធំៗ ទី​មួយ​គឺ​បញ្ហា​ហិរញ្ញវត្ថុ និង​ទី​ពីរ​គឺ​បញ្ហា​កម្មសិទ្ធិបញ្ញា​…

​សំឡេង​លោក ម៉ៃ វឌ្ឍនា ៖

​នៅពេល​សួរ​ថា អ្វី​ជា​ទស្សនវិស័យ​របស់​លោក និង​ក្រុមការងារ​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង​ខ្មែរ​? បុរស​ដែល​មាន​ងារ​ថា​ជា​កវី​ជនបទ​រូបនេះ បាន​ប្រាប់ថា គឺជា​ការ​បំផុស​ចលនា​ចម្រៀង​ខ្មែរ​ឱ្យ​ងើប​ផុសផុល​នៅក្នុង​សង្គម​កម្ពុជា​ឡើង​វិញ ក្នុងនោះ រួមមាន​ទាំង​ការ​បំផុស​ឱ្យ​អ្នក​ដែល​មាន​និស្ស័យ​ក្នុងការ​តែង​និពន្ធ​គិត​អំពី​សិល្បៈ​នៃ​ការ​តែង​និពន្ធ និង​បំផុស​ចលនា​ឱ្យ​តន្ត្រីករ​លេងភ្លេង​បែប​ណា​ឱ្យ​ចេញ​ជា​ចរិត​ខ្មែរ​ជា​ដើម ។​

​ក្នុងនាម​ជា​អ្នកនិពន្ធ​ទំនុកច្រៀង​ខ្មែរ​មួយ​រូប លោក​សំណូមពរ​ឱ្យ​សាធារណជន​ទូទៅ នាំគ្នា​គាំទ្រ លើកស្ទួយ​យ៉ាងណាមិញ ចំពោះ​អ្នកនិពន្ធ មុន​នឹង​និពន្ធ ត្រូវ​តែ​ស្គាល់​អំពី​ខ្លួនឯង​ជា​ខ្មែរ​…
​សំឡេង​លោក ម៉ែ វឌ្ឍនា ៖

[ សំឡេង​បទ​ចម្រៀង ត្បូងឃ្មុំ​ទ្រនំ​ព្រាត់ ]

ព័ត៌មានផ្សេងទៀត