Huawei​​កំពុង​រុញ​​បណ្ដាញ​5G​​របស់ខ្លួន​​ចូលក្នុង​​តំបន់​អាស៊ីអាគ្នេយ៍​

03-11-2019 4:29 pm 142
រូបភាពបង្ហាញពីគម្រោង5Gរបស់ក្រុមហ៊ុនHuawei​

​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​ចិន​Huawei បានបញ្ជាក់​នៅ​ថ្ងៃទី​០៣​វិច្ឆិកា​នេះ​ថា បាន​ត្រៀមខ្លួន​រួចជាស្រេច​ចាំ​សហការ​ជាមួយ​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍ ក្នុងការ​ដំណើរការ​សេវាកម្ម​អ៊ី​ន​ធឺ​ណេត​5G​។ ក្រុមហ៊ុន​ក៏​ច្រានចោល​ការចោទប្រកាន់រ​បស់​អាមេរិក ថា​ក្រុមហ៊ុន​បាន​បំពាក់​ឧបករណ៍​ស៊ើបការណ៍​សម្ងាត់​បម្រើឲ្យ​ទីក្រុង​ប៉េកាំង​ផងដែរ​។ 

​អនុប្រធាន​ក្រុមហ៊ុន​Huawei​លោក​Edward Zhou បាន​និយាយ​ក្នុង​កិច្ចប្រជុំ​អាស៊ាន​ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ នៅ​ថ្ងៃអាទិត្យ​នេះ​ថា ចិន​និង​អាមេរិក​បច្ចុប្បន្នកំពុង​មាន​សង្គ្រាម​ពាណិជ្ជកម្ម និង​មាន​សង្គ្រាម​បច្ចេកវិទ្យា​មួយចំនួន​ផងដែរ ជា​រឿង​ដែល​Huawei​កំពុង​ផ្ដោត​យកចិត្ដទុកដាក់​ខ្លាំង​។ ប៉ុន្ដែ​យ៉ាងណាមិញ​Huawei​គាំទ្រ​ពេញទំហឹង​ដល់​អាស៊ាន ក្នុង​ការអភិវឌ្ឍ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត​ប្រើ​បច្ចេកវិទ្យា​ជំនាន់​ថ្មី​5G​។​

​ថៃ​ជា​ប្រទេស​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​អាស៊ាន បាន​ស្វាគមន៍​យ៉ាងខ្លាំង​ចំពោះ​ការបើក​ដៃ​របស់​ក្រុមហ៊ុន​Huawei​។  ចំណែក​ប្រទេស​ហ្វីលីពីន​ក៏​ចាប់អារម្មណ៍​ពី​គម្រោង​5G​របស់​Huawei​ដែរ ដោយ​គ្រោង​នឹង​ចាប់ផ្ដើម​ដំណើរការ​បណ្ដាញ​5G​ដំបូង​គេ​នៅ​អាស៊ីអាគ្នេយ៍​នា​រដូវក្ដៅ​ខាងមុខ ប្រើប្រាស់​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​Huawei​។​

​គួរ​បញ្ជាក់ថា បើតាម​ការបញ្ជាក់​ពី​អ្នកនាំពាក្យ​ក្រុមហ៊ុន​Huawei​កន្លងមក ក្រុមហ៊ុន​បាន​វិនិយោគ​ទឹកប្រាក់​ចំនួន​៥​ពាន់​លាន​ដុល្លារ​ក្នុង​ការសាកល្បង ហើយ​ត្រូវបាន​អញ្ជើញ​ឲ្យធ្វើ​តេស្ដ​ស្រដៀង​គ្នា​នៅ​ទីផ្សារ​អាស៊ីអាគ្នេយ៍​ផ្សេងទៀត​៕

ព័ត៌មានផ្សេងទៀត