លោក​ហ៊ុន សែន ស្នើ​ឲ្យមាន​ការពង្រីក​​ពាណិជ្ជកម្ម រវាង​អាស៊ាន ​និង​ឥណ្ឌា ​បន្ថែមទៀត​​

03-11-2019 2:39 pm 307

​បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន​លើក​ទី​២២ រួចមក លោក​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​បន្ត​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ឥណ្ឌា​លើក​ទី​១៦ ជាមួយ​ប្រមុខរដ្ឋ​-​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន និង​នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក​ណារិ​នដ្រា ម៉ូ​ឌី នៅ ទីក្រុង​បាងកក ព្រះរាជាណាចក្រ​ថៃ​។​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន និង​នាយករដ្ឋមន្ត្រី​ឥណ្ឌា បាន​ពិភាក្សាគ្នា​យ៉ាង​ស៊ីជម្រៅ​ទាក់ទិន​ទៅ​វឌ្ឍនភាព និង​ការរីកចម្រើន​នានា នៃ​ទំនាក់ទំនង​រវាង​អាស៊ាន​-​ឥណ្ឌា ក្នុង​រយ​:​ពេល​ជាង​១៦​ឆ្នាំកន្លងមក​។ 

​មេដឹកនាំ​ឥណ្ឌា បាន​លើក​យកមក​ពិភាក្សា​ពី​បញ្ហា​ឥណ្ឌូ​-​ប៉ា​ស៊ី​ហ្វីក ក្នុងនោះ​ឥណ្ឌា បានលើកឡើង​ពី​ការជាប់​ពាក់ព័ន្ធ​របស់ខ្លួន ដោយមាន​ការច្របាច់បញ្ចូល​ជាមួយ​គោលនយោបាយ ធ្វើ​សកម្មភាព​ឆ្ពោះទៅ​ទិសខាងកើត (Act East Polocy) តាមរយៈ​វិស័យ​ចំនួន​៤ គឺ​ការការពារ​សន្តិសុខ​ម​ហា​សមុទ្រ​ឥណ្ឌា សមាហរណកម្ម​ជាមួយ​អាស៊ីអាគ្នេយ៍ ការធ្វើឲ្យ​ស៊ីជម្រៅ​នូវ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ ជាមួយនឹង​ការធ្វើឲ្យមាន​តុល្យភាព​រវាង​មហាអំណា​ច​នានា និង​ការគ្រប់គ្រង​ជម្លោះ​ជាមួយ​ប្រទេស​ចិន​។​

​នាយករដ្ឋមន្ត្រី​កម្ពុជា លោក​ហ៊ុន សែន បានប្រកាស​គាំទ្រ​ដល់​ការពិភាក្សា​ដើម្បី​រៀបចំ​នូវ​ផែនការ​សកម្មភាព​ថ្មី ឆ្នាំ​២០២១-២០២៥ ជា​ឯកសារ​សម្រាប់​អនុវត្ត​សកម្មភាព​កិច្ចសហប្រតិបត្តិការ​រួម ដែល​នឹង​ផ្តល់​ផលប្រយោជន៍​ឲ្យ​អាស៊ាន និង​ឥណ្ឌា​។ ប៉ុន្តែ ជាមួយគ្នានេះ ក្នុងនាម​រដ្ឋាភិបាល​កម្ពុជា លោក​សូមឲ្យ​អាស៊ាន និង​ឥណ្ឌា ផ្តល់​អាទិភាព​ខ្ពស់​ដល់​ការពង្រឹង និង​ពង្រីក​ពាណិជ្ជកម្ម និង​ការវិនិយោគ រវាង​អាស៊ាន និង​ឥណ្ឌា បន្ថែមទៀត ដើម្បី​សម្រេច​ឲ្យបាន​នូវ​គោលដៅ​ពាណិជ្ជកម្ម ២០០​ពាន់​លាន​ដុល្លា នៅ​ឆ្នាំ​២០២២ ពិសេស​ទៅទៀត​នោះ កម្ពុជា​ស្នើឲ្យ​ជំរុញ​កិច្ចសហប្រតិបត្តិការ​បន្ថែម លើ​ការតភ្ជាប់​ជា​រូបវ័ន្ត និង​ឌីជីថល រវាង​អាស៊ាន និង​ឥណ្ឌា ជាពិសេស​សម្រាប់​ប្រទេស​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម តាមរយៈ​ការ​ផ្តល់ជំនួយ​ហិរញ្ញប្បទាន និង​ជំនួយ​បច្ចេកទេស​ផ្សេងៗ​៕

ព័ត៌មានផ្សេងទៀត