សាកសព​រកឃើញ​​ទាំង​៣៩​នាក់​​នៅ​អង់គ្លេស​​ទំនងជា​ជនជាតិ​​វៀតណាម​

03-11-2019 2:07 pm 202

​វៀតណាម​បាន​បញ្ជាក់ថា ខ្លួន​សូម​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការជួញដូរ​មនុស្ស បន្ទាប់ពី​ប៉ូលិស​អង់គ្លេស​និយាយថា ពួកគេ​ជឿជាក់​មនុស្ស​ដែល​ស្លាប់​ទាំង​៣៩​នាក់​រកឃើញ​ក្នុង​រថយន្ដ​ដឹកទំនិញ​នៅ​អង់គ្លេស គឺជា​ជនជាតិ​វៀតណាម​។ ក្រសួងការបរទេ​សវៀ​ត​ណា​ម​បាន​អំពាវនាវ​ឲ្យ​គ្រប់​ប្រទេស​ទាំងអស់​ក្នុង​ពិភពលោក ត្រូវ​បង្កើន​កិច្ចសហប្រតិបត្ដិការ​ប្រយុទ្ធ​ប្រឆាំងនឹង​បទឧក្រិដ្ឋ​នេះ​។ 

​អាជ្ញាធរ​វៀតណាម​និង​អង់គ្លេស​បច្ចុប្បន្ន កំពុងធ្វើការ​ជាមួយគ្នា​ដើម្បី​កំណត់​អត្ដ​សញ្ញាណ​សាកសព​រកឃើញ​ក្នុង​រថយន្ដ​កុងតឺន័រ នៅក្នុង​ទីក្រុង​Essex​ចក្រភព​អង់គ្លេស​កាលពី​ថ្ងៃទី​២៣​ខែតុលា​។ ដំបូង​ឡើយ​សាកសព​ទាំង​នោះគេ​សន្និដ្ឋានថា​ជា​ជន​ជាតិចិន ប៉ុន្ដែ​ក្រោយមក​ទើប​ទទួលបាន​ព័ត៌មាន​ពី​ការបាត់​សមាជិកគ្រួសារ​ជនជាតិ​វៀតណាម ដែល​អាចពាក់ព័ន្ធ​នឹង​ការរកឃើញ​សាកសព​នៅ​អង់គ្លេស​។ 

​ជុំវិញ​ករណីនេះ​មាន​មនុស្ស​ជាច្រើន​នាក់​ត្រូវបាន​ចាប់ខ្លួន ក្នុងនោះ​មាន​អ្នកបើកបរ​រថយន្ដ​ដឹក​សព​ឈ្មោះ​លោក​Maurice Robinson អាយុ​២៥​ឆ្នាំ ដែល​បាន​បង្ហាញខ្លួន​នៅ​តុលាការ​កាលពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​មុន ពីបទ​ឃាតកម្ម​។ ព្រះរាជអាជ្ញា​បាន​ចោទប្រកាន់ថា​លោក​Robinson​គឺជា​ផ្នែក​មួយ នៃ​ក្រុម​អ្នករត់ពន្ធ​មនុស្ស​ក្នុង​ពិភពលោក​។ 

​ប៉ូលិស​ក៏​កំពុង​ស្វែងរក​បងប្អូន​ប្រុស​ពីរ​នាក់​ទៀត​មកពី​អៀរ​ឡង់​ខាងជើង ឈ្មោះ​Ronan​អាយុ​៤០​ឆ្នាំ និង​Christopher Hughes​អាយុ​៣៤​ឆ្នាំ ដែល​ត្រូវបាន​សង្ស័យ​ពីបទ​មនុស្សឃាត​និង​ការជួញដូរ​មនុស្ស​។ ដោយឡែក​មនុស្ស​ម្នាក់ទៀត​ឈ្មោះ​Eamonn Harrison​អាយុ​២២​ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​នៅ​ទីក្រុង​Dublin​សាធារណរដ្ឋ​អៀរ​ឡង់ ពីបទ​មនុស្សឃាត​នៅ​ចក្រភព​អង់គ្លេស​។ ចំណែក​នៅ​វៀតណាម​ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស​ពីរ​នាក់​ផងដែរ ជុំវិញ​ការជួញដូរ​មនុស្ស​។​

​ពេលនេះ​ក្រុមគ្រួសារ​ជនជាតិ​វៀតណាម​មួយចំនួន កំពុង​រង់ចាំ​ចម្លើយ​ទាំង​ព្រួយបារម្ភ ព្រោះ​ខ្លាច​សមាជិកគ្រួសារ​របស់គេ​ដែល​បាត់ខ្លួន ស្ថិតក្នុង​ចំណោម​មនុស្ស​ស្លាប់​ទាំង​៣៩​នាក់​។ យោងតាម​របាយការណ៍​របស់​អង្គការ​ប្រឆាំង​ទាសភាព​អន្ដរជាតិ ជនជាតិ​វៀតណាម​លេចធ្លោ​ជាងគេ ក្នុងចំណោម​អ្នក​ដែល​ត្រូវបាន​ស្គាល់​ថា ជា​ជនរងគ្រោះ​នៃ​ការជួញដូរ​មនុស្ស​នៅ​ចក្រភព​អង់គ្លេស​៕

ព័ត៌មានផ្សេងទៀត