អាស៊ាន​​ត្រូវ​ពង្រឹង​​សមាហរណកម្ម​សេដ្ឋកិច្ច​​និង​ធ្វើ​សេរីភាវូបនីយកម្ម​​បន្ថែម​

03-11-2019 10:57 am 228

​នាយករដុ្ឋមន្ដ្រី​សិង្ហបុរី​លោកលី សៀន​ឡុង​បាន​និយាយ​កាលពី​ថ្ងៃ​សៅ​រ៍ថា ខណៈ​កំពុង​ប្រឈម​នឹង​បញ្ហា​សេដ្ឋកិច្ចពិភពលោក​ធ្លាក់ចុះ សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅ​កាត់​ថា​អាស៊ាន ត្រូវតែ​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ធ្វើ​សមាហរណកម្ម និង​លើកកម្ពស់​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​ដោយ​សេរី បើកចំហ និង​ឈរលើ​មូលដ្ឋាន​ច្បាប់​។ ថ្លែង​ក្នុង​កិច្ចប្រជុំ​អាស៊ាន​លើក​ទី​៣៥​នៅក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ លោក​លី​បានចង្អុលបង្ហាញ​ថា សេដ្ឋកិច្ចពិភពលោក​បាន​ចុះខ្សោយ តាំងពី​អាស៊ាន​បាន​ជួប​លើកចុងក្រោយ​ក្នុង​ខែមិថុនា​។ ជាមួយនឹង​ចំនួន​ប្រជាជន​កាន់តែ​ច្រើនឡើង ការគាំទ្រ​សម្រាប់​សាកលភាវូបនីយកម្ម​និង​ពហុភាគី​និយម​នៅតែ​បន្ដ​យ៉ាប់យ៉ឺន​។​

​រដ្ឋ​ជា​សមាជិក​អាស៊ាន​នីមួយៗ​មាន​ទំនួល​ខុសត្រូវ​លើ​បញ្ហា​ក្នុងស្រុក​ផ្ទាល់ខ្លួន ប៉ុន្ដែ​ស្ថានភាព​ពិភពលោក​បានធ្វើឲ្យ​មានភាព​បន្ទាន់​ជាងពេ​ល​ណាៗ​ទាំងអស់​សម្រាប់​អាស៊ាន​។ ជាមួយ​ស្ថានភាព​បន្ទាន់​ដូច្នេះ ចាំបាច់​ត្រូវ​រួមគ្នា​ធ្វើឲ្យ​ស៊ីជម្រៅ​នូវ​កិច្ចសហប្រតិបត្ដិការរ​បស់​អាស៊ាន ទប់ទល់​នឹង​និន្នាការ​ខាងក្រៅ​ដែល​មិន​អំណោយផល ក៏ដូចជា​បញ្ហា​ព្រួយបារម្ភ​ផ្សេងៗ​ទៀត ជាមួយនឹង​សំឡេង​រួបរួមគ្នា​តែមួយ​។ នៅ​ចំពោះមុខ​បញ្ហា​សេដ្ឋកិច្ច អាស៊ាន​ត្រូវតែ​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ធ្វើ​សមាហរណកម្ម និង​លើកកម្ពស់​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​ដោយ​សេរី បើកចំហ និង​ផ្អែកលើ​ច្បាប់​នៃ​ប្រព័ន្ធ​ពាណិជ្ជកម្ម​។ នេះ​ជាការ​បញ្ជាក់បន្ថែម​របស់​នាយករដ្ឋមន្ដ្រី​សិ​ង្ហ​បុរី​។​

​លោក​សង្កត់ធ្ងន់​ដែរថា អាស៊ាន​ត្រូវតែ​ចាត់វិធានការ​ជា​ជំហាន​បន្ទាប់ ដើម្បី​អនុវត្ដ​ផែនការ​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ​២០២៥ និង​បំពេញ​របៀបវារៈ​ដែល​មិនទាន់​បានបញ្ចប់​។ អាស៊ាន​ត្រូវ​ការពង្រីក​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​ដៃគូ​របស់ខ្លួន និង​ធ្វើ​សេរីភាវូបនីយកម្ម​ពាណិជ្ជកម្ម​បន្ថែមទៀត​ជាមួយ​ពួកគេ​ផងដែរ​។ គំនិត​ផ្ដួចផ្ដើម​ដ៏​លេចធ្លោ​មួយ​គឺជា​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​នៅក្នុង​តំបន់​។ ហេតុនេះ​លោក​រីករាយ​ដែល​ការចរចា​លើ​បញ្ហា​ពាក់ព័ន្ធ​មានការ​រី​ច​ចម្រើន​គួរឲ្យកត់សម្គាល់ ហើយ​លោក​ទន្ទឹងរង់ចាំ​លទ្ទផល​ល្អ​ដែល​សម្រេចបាន​នៅពេលប​ន្ទា​ប់​៕

ព័ត៌មានផ្សេងទៀត