សាកសព​៣៩​ដែល​រកឃើញ​នៅ​អង់គ្លេស ត្រូវគេ​ជឿថា​ជា​ជនជាតិ​វៀតណាម​ទាំងអស់​

02-11-2019 10:47 am 545

ដំបូង​ឡើយ​មានការ​សន្និដ្ឋានថា សាកសព​ចំនួន​៣៩​ដែល​រកឃើញ​នៅក្នុង​ទូ​កុងតឺន័រ​ក្នុងប្រទេស​អង់គ្លេស គឺជា​ជន​ជាតិចិន​។ ប៉ុន្តែ​ជាង​១០​ថ្ងៃក្រោយ ដោយ​ផ្អែកលើ​ការស្រាវជ្រាវ ប៉ូលិស​និយាយថា សាកសព​ដែលមាន​បុរស​៣១​នាក់ និង​នារី​៨​នាក់​នោះ គឺជា​ជនជាតិ​វៀតណាម​ទាំងអស់​។ បើទោះជា​បែបនេះ​ក្តី ប៉ូលិស​នៅតែ​មិនទាន់​បង្ហាញ​អត្តសញ្ញាណ​ជាក់លាក់ របស់​ជនរងគ្រោះ​នៅឡើយ​ទេ ដោយ​កំពុង​ទំនាក់ទំនង​ផ្ទាល់ ជាមួយ​គ្រួសារ​មួយចំនួន​នៅ​វៀតណាម និង​នៅ​ចក្រភព​អង់គ្លេស ព្រមទាំង​ជាមួយ​រដ្ឋាភិបាល​វៀតណាម​ផងដែរ​។ ពេលនេះ​ប៉ូលិស​កំពុង​ស៊ើបរក​មូលហេតុ ដែល​បណ្តា​លឲ្យមនុស្ស​៣៩​នាក់​ស្លាប់បាត់​បង់ជីវិត ហើយ​ត្រូវគេ​យកមក​ញាត់​នៅក្នុង​ទូ​កុងតឺន័រ​យ៉ាង​អណោច​អធម៌​។​

​ជាមួយគ្នា​នោះ​ក៏​នឹងមាន​ការសម្របសម្រួល ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​នៃ​ប្រទេស​វៀតណាម និង​ចក្រភព​អង់គ្លេស ដើម្បី​ជួយ​ក្រុមគ្រួសារ​ជនរងគ្រោះ ក្នុងករណី​ដែល​ចង់​នាំ​មនុស្ស​ជា​ទីស្រឡាញ់​របស់​ពួកគេ​ត្រឡប់ទៅផ្ទះ​វិញ​។ នេះ​បើតាម​ការបញ្ជាក់​ពី​ប៉ូលិស​អង់គ្លេស​។ ក្នុងពេល​ដំណាលគ្នា​នោះ ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​ទីក្រុង​ឡុង​ដ៍ បាន​សំដែង​នូវ​ការសោកស្តាយ​យ៉ាងខ្លាំង និង​បាន​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ​ទាំងអស់​។​

​ចាប់តាំងពី​ផ្ទុះ​ដំណឹង​ឃាត់​រថយន្ដ​កុងតឺន័រ ដឹក​សាកសព​កាលពី​ថ្ងៃទី​២៣​តុលា មាន​ក្រុមគ្រួសារ​ជនជាតិ​វៀតណាម នៅក្នុង​ប្រទេស​វៀតណាម​មួយចំនួន បាន​សម្តែង​នូវ​ការព្រួយបារម្ភ​ថា សាច់ញាតិ​របស់​ពួកគេ អាច​ស្ថិតក្នុង​ចំណោម​សាកសព​ទាំងនោះ​។ ព្រួយបារម្ភ ព្រោះ​គ្រួសារ​ខ្លះ បាន​ទទួលដំណឹង​មិនល្អ​ពី​សាច់ញាតិ មុន​បាត់​ការទាក់ទង​។ នៅ​ក្នុងនោះ មាន​ការទម្លាយ​សារ​របស់​នារី​ជនជាតិ​វៀតណាម​ឈ្មោះ Pham Thi Tra My អាយុ ២៦​ឆ្នាំ ដែល​ក្រុមគ្រួសារ​សង្ស័យ​ស្ថិតក្នុង​ចំណោម​សាកសព​ទាំង​៣៩​នាក់ បាន​ផ្ញើ​សារ​ទៅ​ក្រុមគ្រួសារ​របស់​នាង​ដោយ​និយាយថា  " ដំណើរ​ទៅកាន់​ទឹកដី​បរទេស​របស់​នាង​បាន​បរាជ័យ​ហើយ "​។ រីឯ​ឪពុក​របស់​បុរស​ឈ្មោះ Le Van Ha​អាយុ​៣០​ឆ្នាំ ប្រកប​របរ​កសិកម្ម ជឿជាក់ថា កូនប្រុស​របស់លោក ប្រហែល​ស្ថិតនៅក្នុង ចំណោម​សាកសព​ដែល​រកឃើញ​។​

​ពាក់ព័ន្ធ​នឹង​ការឃាត់​បាន​រថយន្ត​ដឹក​សាកសព ដែល​ធ្វើដំណើរ​តាម​ស្រឡាង​មកពី​ប្រទេស​បែលហ្ស៊ិក​នេះ ធ្វើឲ្យមាន​ក្ដីបារម្ភ​កើតឡើង​ជាថ្មី ជុំវិញ​បញ្ហា​ជួញដូរ​មនុស្ស​។ នៅក្នុង​សំណុំរឿង​នេះ អ្នកបើករថយន្ត​ម្នាក់ ភេទ​ប្រុស អាយុ ២៥ ឆ្នាំ​មកពី​អៀរ​ឡង់​ខាងជើង ត្រូវបាន​ចាប់ខ្លួន ពីបទ​សង្ស័យ​ឃាតកម្ម​។ ក្រោយមក​នៅ​ថ្ងៃ​សុក្រ​ទី​១​ខែវិច្ឆិកា ប៉ូលីស​អង់គ្លេស​និយាយថា លោក​Eamon Harrison អាយុ ២៣ ឆ្នាំ​មកពី​អៀរ​ឡង់​ខាងជើង ក៏​ត្រូវបាន​ចោទប្រកាន់​ពីបទ​មនុស្សឃាត​ដែរ​។ Harrison បាន​បង្ហាញខ្លួន​នៅ​តុលាការ​ជាន់ខ្ពស់​ក្នុង​ទីក្រុង Dublin ប្រទេស​អៀរ​ឡង់ នៅពេល​ចាប់ផ្តើម​នីតិវិធី ដើម្បី​ធ្វើ​បត្យាប័ន​លោក ពី​អៀរ​ឡង់​ទៅ​អង់គ្លេស​។​

ប៉ូលិស​ក៏​កំពុងតែ​ស្វែងរក​បងប្អូន​ពីរ​នាក់​ទៀត មកពី​អៀរ​ឡង់​ខាងជើង​ឈ្មោះ Ronan និង Christopher Hughes ដែល​ត្រូវបាន​គេ​សង្ស័យ​ពីបទ​មនុស្សឃាត និង​ការជួញដូរ​មនុស្ស​។ ចំណែក​ប៉ូលីស​វៀតណាម​វិញ និយាយថា​ពួកគេ​បាន​ចាប់ខ្លួន​មនុស្ស​ពីរ​នាក់ និង​បាន​កោះហៅ​អ្នក​ផ្សេងទៀត មក​សាកសួរ​នៅ​ថ្ងៃ​សុក្រ​ទី​១​ខែវិច្ឆិកា បន្ទាប់ពី​បាន​បើក​ការស៊ើបអង្កេត​ព្រហ្មទណ្ឌ ទៅលើ​ការសង្ស័យ​ការជួញដូរ​មនុស្ស​៕ 


ព័ត៌មានផ្សេងទៀត