ស្ងាត់ៗ​​ចិន​ប្រកាស​​ដំណើរការ​​សេវាកម្ម​5G​​ទ្រង់ទ្រាយ​ធំ​

01-11-2019 5:36 pm 129
ការផ្សព្វផ្សាយ​ពីសេវាកម្ម​5G​នៅចិន

​ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន បានសម្រេច​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការនូវ​សេវាកម្ម​5G ជា​សេវាកម្ម​ជំនាន់​ថ្មី​សម្រាប់​អ្នកប្រើប្រាស់​របស់ខ្លួន ខណៈដែល​ប្រទេសមួយ​នេះ​កំពុង​ព្យាយាម​ពង្រីក​ខ្លួន​ក្លាយជា​មេដឹកនាំ​បច្ចេកវិទ្យា​ក្នុង​ពិភពលោក​។ ក្រុមហ៊ុន​ទូរគមនាគមន៍​គ្រប់គ្រង​ដោយ​រដ្ឋ​មានដូចជា China Mobile, China Unicom និង China Telecom បានបង្ហាញ​ពី​ផែនការ​5G​នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។ វា​ធ្វើឡើង​ស្របពេល​ទីក្រុង​ប៉េកាំង​និង​ទីក្រុង​វ៉ាស៊ីនតោន បាន​ប្រណាំងប្រជែង​គ្នា​យ៉ាងខ្លាំង​ក្នុង​បញ្ហា​ពាណិជ្ជកម្ម​និង​បច្ចេកវិទ្យា​។​

​តាមពិត​ចិន​គ្រោង​ដាក់ឲ្យ​ដំណើរការ​សេវាក​ម្ម​5G​នៅ​ឆ្នាំក្រោយ​ទេ ប៉ុន្ដែ​បាន​ផ្លាស់ប្ដូរ​វិញ ហើយ​ស្ថានីយ​5G​ច្រើនជាង​១៣​ម៉ឺន​កន្លែង​នឹង​ចាប់ផ្ដើម​ដំណើរការ​នៅ​ចុង​ឆ្នាំនេះ ដើម្បី​គាំទ្រ​ដល់​បណ្ដាញ​5G ដែល​ធ្វើឲ្យ​ចិន​ក្លាយជា​ប្រទេសមួ​យមាន​បណ្ដាញ​5G​ធំជាងគេ​ក្នុង​លោក​។ អតិថិជន​នៅក្នុង​ទីក្រុង​ចំនួន​៥០​របស់​ចិន ក្នុងនោះ​មាន​ប៉េកាំង​និង​សៀង​ហៃ អាច​ប្រើប្រាស់​សេវាកម្ម​5G​បាន​ហើយ​នៅពេលនេះ​។​

​សូមបញ្ជាក់ថា 5G​គឺជា​បណ្ដាញ​ភ្ជាប់​អ៊ី​ន​ធឺ​ណេត​ឥត​ខ្សែជំនា​ន់ទី​៥ មាន​ល្បឿន​លឿន​ក្នុង​ការទាញយក​ឯកសា​រ ឬក៏​បង្ហោះ​ទិន្នន័យ រីឯ​ការភ្ជាប់​របស់​វា​ក៏មាន​ស្ថិរភាព​ជាង​មុន​។ ក្រៅពី​ចិន​មាន​កូរ៉េខាងត្បូង អាមេរិក​និង​ចក្រភព​អង់គ្លេស ក៏​ចាប់ផ្ដើម​ដំណើរការ​បណ្ដាញ​5G​របស់​ពួកគេ​ដែរ​ក្នុងឆ្នាំនេះ​៕

ព័ត៌មានផ្សេងទៀត