លោកផៃ ស៊ីផាន សោកស្ដាយនិងហួសចិត្តចំពោះការស្នើរបស់មេបាតុករហុងកុង

01-11-2019 4:47 pm 2783

អ្នកនាំពាក្យរដ្ឋាភិបាលលោកផៃ ស៊ីផាន សម្ដែងការសោកស្ដាយ និងហួសចិត្តដូចនេះ បន្ទាប់ពីលោកចូសហ័រ វ៉ុង មេដឹកនាំបាតុករទីក្រុងហុងកុង បានសរសេរក្នុងបណ្ដាញសង្គម (Twitter)កាលពីថ្ងៃទី៣១ ខែតុលាកន្លងទៅនេះ ដោយបានអំពាវនាវឲ្យសហគមន៍អន្តរជាតិ ជួយឃ្លាំមើលព្រឹត្តិការណ៍នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលជាថ្ងៃលោកសម រង្ស៊ី និងអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សប្រឆាំង​ ប្រកាសវិលត្រឡប់ទៅកម្ពុជាវិញ។ ជាមួយគ្នានេះលោកចូសហ័រ វ៉ុង ក៏បានបង្ហាញការគាំទ្រ ចំពោះការវិលត្រឡប់របស់អតីតមេដឹកនាំ អតីតគណបក្សប្រឆាំងនេះផងដែរ។

យ៉ាងណាក៏ដោយលោផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានឆ្លើយតបតាមរយៈហ្វេសប៊ុករបស់លោក នៅថ្ងៃទី១ ខែវិច្ឆិកាដោយសម្ដែងការសោកស្ដាយ និងហួសចិត្តចំពោះការលើកឡើង របស់មេដឹកនាំបាតុករហុង​កុ​ងនេះ។ លោកផៃ ស៊ីផាន បានសរសេរថា ការលើកឡើងនេះ គឺមិនត្រឹមតែបង្ហាញការយល់ដឹង មិនច្បាស់ចំពោះបញ្ហានយោបាយនៅកម្ពុជានោះទេ ថែមទាំងការចំអកឡកឡឺយដ៏ធ្ងន់ធ្ងរមួយប្រឆាំង នឹងលទ្ធិប្រជាធិប​តេយ្យ និងនីតិរដ្ឋកម្ពុជា។

អ្នកនាំពាក្យរដ្ឋាភិបាល បានបញ្ជាក់ ថា លោកសម រង្ស៊ី មិនមែនជាមេបាតុកម្មនោះទេ ដែលខុសគ្នាពីលោកចូសហ័រ វ៉ុង (JOSHUA WONG) ដែលជាមេបាតុករនៅទីក្រុងហុងកុង។ លោកសម រង្ស៊ី ជាមេដឹកនាំរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោតសកល ដែលមានគណបក្សចូលរួមចំនួន២០។ បើតាមលោកផៃ ស៊ីផាន គឺលោកសម រង្ស៊ី ត្រូវបានតុលាការផ្ដន្ទាទោសជាច្រើនករណី និងជាឧក្រិដ្ឋ​ជន ហើយថាលោកសម រង្ស៊ី និងបក្សពួកជាក្រុមបំផ្លាញជាតិ សាសនា ព្រះមហាក្សត្រ និងសន្តិភាពកម្ពុជា។

សូមជម្រាបថា លោកសម រង្ស៊ី កាលពីថ្ងៃទី២៩ ខែតុលាកន្លងទៅនេះ បានអំពាវនាវដល់ប្រទេសកាន់លទ្ធិប្រជាធិបតេយ្យចូលរួមដឹងលឺ ចំពោះការវិលត្រឡប់ទៅកម្ពុជារបស់អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះ​ជាតិ។ លោកថា ក្រោយពីបាននិរទេសខ្លួនច្រើនឆ្នាំមកហើយ រូបលោកនឹងវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ នៅថ្ងៃ៩ វិច្ឆិកា ឆ្នាំ២០១៩នេះ។ លោកសម រង្ស៊ី ក៏បានបញ្ជាក់ជាថ្មីថា គម្រោងនៃការវិល​ត្រឡប់ទៅកម្ពុជារបស់លោក និងអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ គឺបំផុសឲ្យមានចលនាមហាជន ឬហៅថា“អំណាចប្រជាពលរដ្ឋ”ដោយសន្តិវិធី និងអហិង្សា៕ 

ព័ត៌មានផ្សេងទៀត