លោក​​ហ៊ុន សែន​​នឹង​ទៅ​​ចូលរួម​​កិច្ច​ប្រជុំ​កំពូល​​អាស៊ាន​​នៅក្រុងបាងកក

01-11-2019 4:31 pm 882
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។រូបភាពកន្លងមក

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើ​ក​ទី​៣៥ និង កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ នា​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៩ នេះ​។​ជា​កិច្ចប្រជុំ​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី​០២ ដល់​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា នា​ទីក្រុង​បាងកក ក្រោម​មូលបទ «​ជំរុញ​ភាពជា​ដៃគូ​សម្រាប់​ចីរភាព​»​។ 

​នៅ​ចុង​សប្ដាហ៍​នេះ កិច្ចប្រជុំ​កំពូល​អាស៊ាន​លើ​ក​ទី​៣៥ នឹង​ត្រូវ​រៀបចំ​ធ្វើ​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ ដោយ​មាន​ការចូលរួម​ពី​បណ្ដា​មេដឹកនាំ​អាស៊ាន​ទាំង​១០ រួម​នឹង​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ជា​ដៃគូ​ផ្សេងទៀត​។ នៅ​ថ្ងៃ​ទី​២​ស្អែក​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តំណាងឱ្យ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើ​ក​ទី​៣៥ និង កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​។​

​ទន្ទឹម​នឹង​ការចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើ​ក​ទី​៣៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ លោកនាយក​រដ្ឋមន្ត្រី ក៏​គ្រោង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​ថ្នាក់ដឹកនាំ និង​ឥស្សរជន​មកពី​ប្រទេស​ជា​សមាជិក​អាស៊ាន និង ប្រទេស​ដៃគូ​សន្ទនា​អាស៊ាន  នឹង​អញ្ជើញ​ចូលរួម​កម្មវិធី​អាហារ​ការងារ​ពេល​ព្រឹក​ជាមួយ​លោក ង្វៀន សួន​ហ៊ុក នាយករដ្ឋមន្ត្រី​វៀតណាម និង​លោក ថង​លូន ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី​ឡាវ​ផងដែរ​។​

​ចំណែក​មន្ត្រី​ដែល​អមដំណើរ​លោក​នាយ​ក​រដ្ឋមន្ត្រី​ទៅ​ចូលរួម​កិច្ចប្រជុំ​ដ៏​មាន​សារសំខាន់​ប្រចាំឆ្នាំ​នាពេលនេះ រួមមាន​៖ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​, លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​, លោក​បណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​អប់រំ យុវជន និង​កីឡា ព្រមទាំង​ឥស្សរជន​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​ធុរកិច្ច​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា​ផងដែរ​។​

​សូមបញ្ជាក់​ថា ព្រឹត្តិការណ៍​ប្រជុំ​កំពូល​អាស៊ាន និង កិច្ចប្រជុំ​ពាក់ព័ន្ធ គឺជា​ព្រឹត្តិការណ៍​ដ៏​មាន​សារសំខាន់​បំផុត​សម្រាប់​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ឬ​ហៅ​ថា អាស៊ាន​។ ជា​រៀងរាល់ឆ្នាំ ថ្នាក់ដឹកនាំ​នៃ​បណ្ដា​ប្រទេស​អាស៊ាន​បាន​ជួបប្រជុំ​គ្នា​លើ​ប្រធាន​រឿង​ជាច្រើន ដើម្បី​វាយតម្លៃ​និង​កំណត់​បទដ្ឋាន​តំបន់ ដើម្បី​ឲ្យ​ប្រទេស​ជា​សមាជិក​រួមរស់​ជាមួយ​គ្នា​ប្រកបដោយ​ភាព​ស៊ី​ច​ង្វាន់ និង កាន់តែ​ចុះសម្រុង​។​

​សម្រាប់ប្រធានបទនៃ​កិច្ចប្រជុំ​នៅ​ឆ្នាំ​នេះ ត្រូវបាន​គេ​មើលឃើញថា ទំនង​ជា​ចៀស​មិន​ផុត​ពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​តំបន់ ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ថ្នាក់​តំបន់​គ្រប់​ជ្រុងជ្រោយ​ឡើយ​។ ព្រោះថា បញ្ហា​ទាំងនេះ ជា​រឿង​ដ៏​សំខាន់​ដែល​ទាមទារ​ឱ្យ​ប្រទេស​ជា​សមាជិក​រួមគ្នា​ដោះស្រាយ ដើម្បី​ស្ថេរភាព​សម្រាប់​តំបន់​អាស៊ាន និង ពិភពលោក​ទាំងមូល​៕

 ពាក្យគន្លឹះ  លោកហ៊ុនសែនAsean

ព័ត៌មានផ្សេងទៀត