ចិន​ចេញ​​ការព្រមាន​​នឹងមិន​អត់ឱន​​ចំពោះ​​ការប្រឆាំង​​នៅ​ហុងកុង​ឡើយ​

01-11-2019 4:27 pm 186
  ស្តាប់
ប្រធានាធិបតីចិនលោកស៊ី ជីនពីង
ស្តាប់ជាសំឡេង

​ប្រទេស​ចិន​នៅ​ថ្ងៃទី​០១​វិច្ឆិកា​នេះ​បានចេញ​ការព្រមាន​ខ្លាំងៗ​ថា ខ្លួន​នឹងមិន​លើកលែងឲ្យ​នរណាម្នាក់​ឡើយ ប្រសិនបើ​ចង់​បង្កបញ្ហា​ដល់​ប្រព័ន្ធគ្រប់គ្រង​នៅ​ហុងកុង​។ ការប្រកាស​នេះ​ធ្វើឡើង​ស្របពេល​ចិន​កំពុង​ដាក់ចេញ​ផែនការ​ជំរុញ​ការ​ស្នេហា​ជាតិ​នៅ​ហុងកុង និង​ផែនការ​និយាយ​ពី​របៀប​នៃ​ការជ្រើសរើស​ឬ​ផ្លាស់ប្ដូរ​មេដឹកនាំ​ហុងកុង ខណៈ​ផ្ទុះ​ការតវ៉ា​ជិត​៥​ខែ​កន្លងមក​។​

​ភាពចលាចល​នៅក្នុង​ក្រុង​ពាក់កណ្ដាល​ស្វយ័ត​មួយ​នេះ គឺជា​ប្រធានបទ​សំខាន់បំផុត​នៅក្នុង​កិច្ចប្រជុំ​រយៈពេល​បួន​ថ្ងៃ​របស់​គណបក្ស​កុម្មុយនីស្ដ​ចិន ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី​ស៊ី ជីន​ពីង​ក្នុង​សប្ដាហ៍​នេះ​។ នេះ​បើតាម​ការបញ្ជាក់​ពី​គណៈកម្មការ​ច្បាប់​ហុងកុង​និង​ម៉ា​កាវ លោក​Shen Chunyao​។ រដ្ឋាភិបាលកណ្ដាល​ក្រុង​ប៉េកាំង ធ្លាប់​បានបង្ហាញ​ភាពជឿជាក់​លើ​មេដឹកនាំ​ហុងកុង​លោកស្រី​ខា​រី ឡា​ម និង​ប៉ូលិស​ហុងកុង​ដើម្បី​បញ្ចប់​ការកើនឡើង​ការតវ៉ា​ដោយ​ហិង្សា​។ ប៉ុន្ដែ​មាន​ការឃ្លាំមើល​មិន​ដាក់​ភ្នែក ថា​តើ​មេដឹកនាំ​គណបក្ស​កុម្មុយនីស្ដ​ចិន នឹង​ចូល​ជ្រៀតជ្រែក​កាន់តែខ្លាំង​ឬ​យ៉ាងណា​ទៅលើ​ស្ថានភាព​នៅ​ហុងកុង ប្រសិនបើ​បាតុកម្ម​មិនអាច​គ្រប់គ្រង​បាន​។​

​លោក​Shen​បាន​និយាយថា មេដឹកនាំ​គណបក្ស​បាន​ឯកភាព​នឹង​អភិវឌ្ឍ​ប្រព័ន្ធគ្រប់គ្រង​រដ្ឋាភិបាលកណ្ដាល​បន្ថែមទៀត និង​ថែរក្សា​ភាពរុងរឿង​ស្ថិរភាព​រយៈពេល​យូរអង្វែង​។ ដូច្នេះ​ចិន​នឹងមិន​អត់ឱន​ឲ្យ​ឡើយ​អ្នក​ណាក៏ដោយ បើ​ពួកគេ​មាន​សកម្មភាព​ចង់​បង្កបញ្ហា​ដល់​មូលដ្ឋានគ្រឹះ​ប្រទេសមួយ​ប្រព័ន្ធ​ពីរ​។ ចិន​ក៏​មិន​លើកលែង​នូវ​រាល់​សកម្មភាព​ណា​ដែល​ចង់​បំបែកបំបាក់ និង​បង្ក​គ្រោះថ្នាក់​ដល់​សន្ដិសុខ​ជាតិ​។ ចិន​ប្ដេជ្ញា​នឹង​ទប់ស្កាត់​ការជ្រៀតជ្រែក​របស់​កង​កម្លាំង​បរទេស នៅក្នុង​កិច្ចការ​របស់​ហុងកុង​និង​ម៉ា​កាវ​។​

​នៅក្នុង​កិច្ចប្រជុំ​ដឹកនាំ​ដោយ​លោក​ស៊ី លោក​ក៏បាន​ពិភាក្សា​ពី​វិធីសាស្ដ្រ​ដើម្បី​ធ្វើឲ្យ​ប្រសើរឡើង​នូវយ​ន្ដ​ការតែងតាំង និង​ដក​នាយក​ប្រតិ​បត្ដិនិ​ង​មន្ដ្រី​សំខាន់នៃ​រដ្ឋបាល​ពិសេ​សនៅក្នុង​តំបន់ ដោយ​រដ្ឋាភិបាលកណ្ដាល​ផងដែរ​។ រីឯ​ប្រព័ន្ធ​ស្របច្បាប់​នៅក្នុង​ទីក្រុង​ហុងកុង ក៏​អនុញ្ញាតឲ្យ​ធ្វើ​សកម្មភា​ព​ដើម្បី​បង្កើន​ការការពារ​សន្ដិសុខ​ជាតិ​។ ឥស្សរជន​នៅក្នុង​គណបក្ស​កុម្មុយនីស្ដ​បានសម្រេច​បង្កើន​ការអប់រំ​ការស្នេ​ហាជា​តិ ជា​មធ្យោបាយ​មួយ​ដើម្បី​ទប់ស្កាត់​ការតវ៉ា​ដឹកនាំ​ដោយ​យុវជន​៕

 ពាក្យគន្លឹះ  ចិនហុងកុង​ការតវ៉ា

ព័ត៌មានផ្សេងទៀត