រដ្ឋសភា​អាមេរិក​​អនុម័ត​​សេចក្ដីសម្រេច​​ស្ដីពី​​ការស៊ើបអង្កេត​​លោក​ដូណាល់ ត្រាំ​

01-11-2019 1:26 pm 209

​រដ្ឋសភា​អាមេរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បានអនុម័ត​លើ​សេចក្ដីសម្រេច​មួយ ទាក់ទង​នឹង​ដំណើរការ​ស៊ើបអង្កេត​ជា​ផ្លូវការ​លើ​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​។ នេះ​គឺជា​ជំហាន​មួយ​ដ៏​សំខាន់បំផុត សម្រាប់​ការស៊ើបអង្កេត​ដែល​កំពុង​បន្ដ និង​សម្រាប់​កំណត់​ពី​ដំណាក់កាល​បន្ទាប់​ក្នុង​ការស៊ើបអង្កេត​។ សេចក្ដីសម្រេច​ទទួលបាន​ការបោះឆ្នោត​គាំទ្រ​២៣២​ទល់នឹង​១៩៦​ប្រឆាំង ហើយ​នេះ​ក៏​ជា​លើកដំបូង​ដែល​រដ្ឋសភា​អាមេរិក មាន​ការបោះឆ្នោត​ទាក់ទង​នឹង​សំណើ​ឲ្យមាន​ការស៊ើបអង្កេត​ដូច្នេះ​។​

​សេចក្ដីសម្រេច​ទទួលបាន​ការអនុម័ត​យ៉ាង​ទូលំទូលាយ ប៉ុន្ដែ​ក៏មាន​សមាជិកសភា​ពីររូប​មកពី​គណបក្ស​ប្រជាធិបតេយ្យ​ជំទាស់​ដែរ​។ ចំណែក​សមាជិក​សភាគ​ណ​បក្ស​សាធារណរដ្ឋ ពុំមាន​អ្នកគាំទ្រ​នឹង​សេចក្ដីសម្រេច​នេះ​ទេ ខណៈ​សមាជិកសភា​មកពី​គណបក្ស​ឯករាជ្យ ដែល​ទើប​ចាកចេញ​ពី​គណបក្ស​សាធារណរដ្ឋ​កាលពីដើម​ឆ្នាំនេះ បាន​បោះឆ្នោត​គាំទ្រ​។ គួរ​បញ្ជាក់ថា នៅ​រដ្ឋសភា​អាមេរិក​គណបក្ស​ប្រជាធិបតេយ្យ មាន​សំឡេង​ច្រើនជាង​គណបក្ស​សាធារណរដ្ឋ​។​

​សេចក្ដីសម្រេច​នឹង​ផ្ដល់នូវ​សេចក្ដីលម្អិត​ពី​នីតិវិធី​របស់​សភា ដែល​នឹងត្រូវ​ផ្លាស់ប្ដូរ​សំណើ​ចោទប្រកាន់ ចូលទៅ​ក្នុងដំណាក់កាល​ស៊ើបអង្កេត​បន្ទាប់ ករណី​បែកធ្លាយ​ព័ត៌មាន​ថា​លោក​ត្រាំ​ប៉ុនប៉ង​ដាក់​សម្ពាធ​ប្រទេស​អ៊ុ​យក្រែន ឲ្យចូល​ជ្រៀតជ្រែ​កការបោះឆ្នោត​ប្រ​ធានា​ធិបតី​អាមេរិក​នៅ​ឆ្នាំក្រោយ​។ នោះ​គឺ​តាមរយៈ​ការទទូច​ឲ្យ​អ៊ុ​យក្រែ​ន​ស៊ើបអង្កេត​លើ​ក្រុមគ្រួសារ​គូប្រជែង​នយោបាយ មាន​លោកចូ បាយដិ​ននិង​កូនប្រុស​របស់​លោក​។ លោក​បាយដិន​ជា​អតីត​អនុប្រធានាធិ​ប​តី​អាមេរិក ហើយ​បច្ចុប្បន្ន​ជា​បេក្ខជន​នយោបាយ​មួយរូប​របស់​គណបក្ស​ប្រជាធិបតេយ្យ ត្រូវគេ​រំពឹងថា​នឹង​ក្លាយជា​គូប្រជែង​នយោបាយ ដ៏​មាន​សក្ដានុពល​បំផុត​របស់លោក​ត្រាំ​ក្នុង​ការបោះឆ្នោត​នៅ​ឆ្នាំ​២០២០​។ 

​ចំពោះ​ប្រធានរដ្ឋសភា​ជាធម្មតា​មិន​ធ្វើជា​អធិបតី​ទេ ប៉ុន្ដែ​សម្រាប់​ការបោះឆ្នោត​ជា​ប្រវត្ដិសាស្ដ្រ​នេះ អ្នកស្រី​ណាន​ស៊ី ផេ​ឡូ​ស៊ី បាន​ធ្វើជា​អធិបតី​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​។ អ្នកស្រី​ផេ​ឡូ​ស៊ី​ក៏បាន​បោះឆ្នោត​លើ​សេចក្ដីសម្រេច​ផងដែរ ក្នុង​បំណង​ទាញ​ឲ្យ​យក​ចិត្ដទុក​ដាក់ចំពោះ​បញ្ហា​ប្រឈម​។ មុនពេល​បោះឆ្នោត​អ្នកស្រី​ផេ​ឡូ​ស៊ី​និយាយថា អ្នកស្រី​បាន​បោះឆ្នោត​ដើម្បី​អនុម័ត​លើ​សេចក្ដីសម្រេច ប៉ុន្ដែ​បាន​ចាត់ទុកថា​ជា​ថ្ងៃ​ដែល​សោកសៅ​បំផុត ព្រោះ​គ្មាន​នរណាម្នាក់​ចូលក្នុង​សភា​ដើម្បី​ចោទប្រកាន់​លោក​ប្រធានាធិបតី​។​

​លោកស្រី​សង្កត់ធ្ងន់ថា “​នៅថ្ងៃនេះ​យើង​បាន​ឈាន​ទៅមុខ​មួយ​ជំហាន​ទៀត ដោយបាន​ដាក់ចេញ​នូវ​នីតិវិធី​របស់​យើង​ប្រកបដោយ​តម្លាភាព​និង​បើកចំហ​សម្រាប់​លោក​ប្រធានាធិបតី​។ វា​មិនមែនជា​ការនិយាយ​ពី​ការប្រកាន់​បក្សពួកនិយម​ទេ ប៉ុន្ដែ​និយាយ​ពី​ការ​ស្នេហា​ជាតិ​”៕

ព័ត៌មានផ្សេងទៀត