ក្រោយ​ស្លាប់​មេដឹកនាំ ក្រុម​IS​បង្ហាញ​ឈ្មោះ​អ្នក​ស្នង​តំណែង និង​ប្តេជ្ញា​សងសឹក​អាមេរិក​

01-11-2019 12:17 pm 789

​មេដឹកនាំ​ថ្មី​ដែល​ត្រូវ​ស្នង​ដំណែង​បន្ត​ពី​លោក  Abu Bakr al-Baghdadi គឺ​លោក Abu Ibrahim al-Hashimi al-Quraishi​។ នេះ​យោងទៅតាម​ការប្រកាស លើ​ប្រព័ន្ធ​តេ​ឡេ​ក្រាម ក្រុម​រដ្ឋ​អ៊ីស្លាម​(IS)​នៅ​ថ្ងៃទី​៣១​ខែតុលា​។ ក្រុម​រដ្ឋ​អ៊ីស្លាម មិនបាន​ផ្តល់ព័ត៌មាន​លម្អិត អំពី​មេ​កើយ​ថ្មី​នោះទេ សូម្បីតែ​រូបថត​មេដឹកនាំ​ម្នាក់​នោះ ក៏​មិន​បង្ហាញឲ្យឃើញដែ​រ​។ ប៉ុន្តែ​បាន​ពណ៌នា​ថា Abu Ibrahim al-Hashimi al-Quraishi ជា « ឥស្សរជន​លេចធ្លោ​ម្នាក់​នៅក្នុង​ក្រុម jihad នៃ​អង្គការ​រដ្ឋ​អ៊ីស្លាម​»​។ សេចក្តីថ្លែងការណ៍ ក៏​បានឲ្យដឹង​បន្ថែមថា លោក Hashemi ជា​អ្នក​ប្រយុទ្ធ jihad ជើងចាស់​ម្នាក់ ដែល​ចូលរួម​យ៉ាងសកម្ម នៅក្នុង​ការ​ប្រយុទ្ធ​ប្រឆាំងនឹង​សហរដ្ឋអាមេរិក​នាពេល​កន្លងមក​។​

ការប្រកាស​ពី​សមាសភាព​មេដឹកនាំ​ថ្មី​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម ធ្វើឡើង​ក្នុងពេល​ជាមួយគ្នា ដែល​ក្រុម​នេះ បានបញ្ជាក់​ជា​ផ្លូវ​ការណ៍​នៅ​ថ្ងៃទី​៣១​ខែតុលា ថា មេដឹកនាំ​របស់​ពួកគេ គឺ Abu Bakr al-Baghdadi ពិតជា​បាន​ស្លាប់បាត់​បង់ជីវិត នៅក្នុង​ប្រតិបត្តិការ​យោធា​របស់​អាមេរិក​មែន​ហើយ​។ ពួកគេ​បាន​សំដែង​នូវ​អារម្មណ៍​សោកសៅ ដែល​បាត់បង់​មេដឹកនាំ​ដ៏​ស្មោះត្រង់ និង ប្តេជ្ញា​សងសឹក​ប្រឆាំងនឹង​អាមេរិក​ទៀតផង​។​

​ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម​ជ្រុលនិយម ខឹងសម្បា​យ៉ាងខ្លាំង ពី​របៀប​ដែល​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ ប្រកាស​ពី​ការស្លាប់​នៃ​មេដឹកនាំ​របស់​ពួកគេ​។ កាលពី​ថ្ងៃអាទិត្យ​សប្តាហ៍​មុន លោក​ត្រាំ​ប្រកាសថា​« Abu Bakr al-Baghdadi បាន​ស្លាប់​បន្ទាប់ពី​រត់គេច​ពី​កងកម្លាំង​អាមេរិក ទៅដល់​ផ្លូវ​ទ័ល​ក្នុង​រូង​ក្រោម​ដី ហើយ​ស្រែក​ខ្លាំងៗ យំ ថ្ងូ​រ មុននឹង​បំផ្ទុះ​គ្រាប់រំសេវ​ធ្វើ​អត្ថ​ឃាត​ខ្លួនឯង » ។ លោក​និយាយ​បន្ថែម​ជា​ភាសា​អង់គ្លេស ដោយ​មានន័យ​ជា​ភាសា​ខ្មែ​រថា​« Abu Bakr al-Baghdadi បាន​ស្លាប់​ដូចជា​សត្វ​ឆ្កែ​»​។ អ្នកនាំពាក្យ​របស់​មេ​នៃ​ក្រុម​រដ្ឋ​អ៊ីស្លាម​ថ្មី តាមរយៈ​សារ​ជា​សំឡេង​បាន​ហៅ​លោក​ត្រាំ​ថា « ជា​មនុស្ស​ចាស់​ឆ្កួត​លី​លា » ហើយ​បាន​ព្រមាន​សហរដ្ឋអាមេរិក​ថា អ្នកគាំទ្រ​របស់​ក្រុម​នេះ​នឹង​សងសឹក​ការស្លាប់​របស់លោក​Abu Bakr al-Baghdadi ។ អ្នកនាំពាក្យ​ម្នាក់នេះ បាន​ផ្តាំផ្ញើ​កុំឲ្យ​អាមេរិក​សប្បាយរីករាយ​នឹង​សេចក្តីស្លាប់​របស់​Abu Bakr al-Baghdadi ដោយ​អះអាងថា មេដឹកនាំ​ថ្មី​ដែល​ទើប​ជ្រើសរើស​នឹងមិន​ធ្វើឲ្យ​ការលះបង់ដ៏ធំធេង​របស់​Abu Bakr al-Baghdadi ឥតប្រយោជន៍​ឡើយ​៕


 ពាក្យគន្លឹះ  ក្រុមIS

ព័ត៌មានផ្សេងទៀត