JICA ផ្ដល់​ជំនួយឥតសំណង​២៧​លាន​ដុល្លារ​លើ​គម្រោង​ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់​

01-11-2019 11:40 am 87

​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ  នៅ​ថ្ងៃ​ទី​០១ ខែ​វិច្ឆិកា​នេះ បាន​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​ឥត​សំណង សម្រាប់​អនុវត្ត​គម្រោង​អភិវឌ្ឍ​ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់​ក្នុង​រាជធានី​ភ្នំពេញ (The Project for Sewerage System Development in Phnom Penh) ជាមួយ​លោក Yuichi SUGANO ប្រធាន​តំណាង JICA ប្រចាំ​នៅ​កម្ពុជា​។ 

JICA ផ្ដល់​ទឹកប្រាក់​ចំនួន ២ ៧៧៧ លាន​យ៉េន ឬ ប្រមាណ​ជា ២៧​លាន​ដុល្លា​រអា​មរិក លើ​គម្រោង​អភិវឌ្ឍ​ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់ ក្នុង​រាជធានី​ភ្នំពេញ ដែល​មាន​ទិសដៅ ចម្រោះ​ទឹក​កខ្វក់ មុន​ពេល​បង្ហូរ​ចូល​ទន្លេ​។

​គម្រោង​នេះ ធ្វើឡើង​តាមរយៈ ការកសាង​សង់​រោងចក្រ ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​មួយកន្លែង នៅ​បឹង​ជើងឯក ក្នុង​សង្កាត់​ជើងឯក ខ័ណ្ឌដង្កោ រាជធានី​ភ្នំពេញ និង បំពង់​បង្ហូរទឹក​កង្វក់​ដែល​មាន​ប្រវែង ២០០០ ម៉ែត្រ មុខកាត់ ៥០០ មី​លី​ម៉ែត្រ ភ្ជាប់​ពី​ស្ថានីយ៍​បូមទឹក​កខ្វក់​បឹងត្របែក ដែល​រោងចក្រ​ប្រព្រឹត្ត​កម្មនេះ មាន​សមត្ថភាព​ចម្រោះ​ទឹក​កខ្វក់​បាន ៥០០០ ម៉ែត្រគូប​ក្នុង​មួយថ្ងៃ​។ 

ការសាងសង់​នឹងត្រូវ​ចាប់ផ្ដើម​នៅ​ចុងឆ្នាំ​២០២០ ដែល​ប្រើ​រយៈពេល​ប្រមាណ ៣២ ខែ ហើយ​គម្រោង​នេះ​ក៏​នឹង ផ្ដល់ជំនួយ​បច្ចេកទេស​សម្រាប់​ពង្រឹង​សមត្ថភាព​មន្ត្រី​លើ​ប្រតិបត្តិការ​និង​ថែទាំ​រោងចក្រ និង ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ជាដើម ដែល​នេះ​ជា​គម្រោង​ទី​១​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បំពេញ​បន្ថែម​ក្នុង​គម្រោង​ការពារ​ទឹកជំនន់ នឹង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​លូ​ក្នុង​រាជធានី​ភ្នំពេញ ដែល​បាន​ឆ្លើយតប​ទៅនឹង​សេចក្ដីត្រូវការ​ជា​អាទិភាព ក្នុង​ការអភិវឌ្ឍ​ប្រព័ន្ធ​ចម្រោះ​ទឹក​កង្វក់ ដែល​នាំមក​នូវ​ការការពារ និង​លើកកម្ពស់​គុណភាព​ទឹក និង អនាម័យ​បរិស្ថាន ស្រប​ទៅ​នឹង​មុំ​ទី​១​នៃ​ចតុកោណ ដូច​មានចែង​ក្នុង​ឯកសារ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​របស់​រដ្ឋាភិបាល​កម្ពុ​ជា​។​

​គួរ​រំលឹក​ផងដែរ​ថា ក្នុង​ឆ្នាំ ២០១៩​នេះ រដ្ឋាភិបាល​ជប៉ុន​តាម​រយៈ JICA បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន សហប្រតិបត្តិការ​ចំនួន ៤ គម្រោង​ហើយ ដែល​មាន​ទឹកប្រាក់​ប្រមាណ​ជាង ៨ ០៥៥ លាន​យ៉េន ឬ​ស្មើនឹង​ទឹកប្រាក់​ប្រមាណ ៧៧ លាន​ដុល្លា​អាមេរិក និង ឥណទាន​សម្បទាន​ប្រមាណ​ជិត ៣៤ លាន​ដុល្លា​អាមេរិក​៕

ព័ត៌មានផ្សេងទៀត