រដ្ឋាភិបាល​​ផ្តើម​​ចល័ត​​ទ័ព​​តាម​ព្រំដែន​ ខណៈ​​ថ្ងៃ​វិល​​ចូល​​ស្រុក​​លោក​​សម រង្ស៊ីជិត​​ចូល​មក​ដល់​​

01-11-2019 10:39 am 604

​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ​នៃ​ខេត្ត​បន្ទាយមានជ័យ​ដែល​ជា​ខេត្ត​នៅ​ជាប់​ព្រំដែន កម្ពុជា​-​ថៃ នៅ​ថ្ងៃ​ទី​០១ វិច្ឆិកា​នេះ បាន​ដាក់ពង្រាយ​នៅតាម​បណ្តោយ​ព្រំដែន និង​ធ្វើ​ការហ្វឹកហាត់​រួមគ្នា ដើម្បី​បង្កើន​ការថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​។​ការហ្វឹកហាត់​រួមគ្នា​នេះ គឺធ្វើឡើង​ខណៈ​កាល​បរិច្ចេទ​ផ្លូវការ​នៃ​ការវិលចូល​កម្ពុជា​វិញ​របស់​លោក សម រង្ស៊ី កាន់តែ​ខឹត​ជិត​ចូលមក​ដល់​។ 

​តាំងពីព្រឹក​ព្រលឹម​នា​ថ្ងៃ​នេះ​កម្លាំង​ទាំង​៣​ប្រភេទ​នៃ​ខេត្ត​បន្ទាយមានជ័យ​រួមមាន កងទ័ព កងរាជអាវុធហត្ថ និង នគរបាល​ខេត្ត​ប្រដាប់​ទៅ​ដោយ​អាវុធ​គ្រប់​ដៃ បានចាប់ផ្តើម​ចល័ត​កងកម្លាំង​ចេញពី​ទីបញ្ជាការ​ទិស​ទី​១ បន្ទាយមានជ័យ និង ពី​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ឆ្ពោះទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ដើម្បី​បើក​ការហ្វឹកហាត់​រួមគ្នា​។​

​បើ​តាម​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ បានឱ្យដឹងថា ការហ្វឹកហាត់​រួមគ្នា​នៅពេលនេះ គឺ​ដើម្បី​បង្កើន​ការថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង សុវត្ថិភាព​នៅក្នុង​ខេត្ត​ដែល​ជាប់​ព្រំដែន​ថៃ​មួយ​នេះ​ហើយ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​បន្ទាយ កុំ​មាន​ការភ្ញាក់ផ្អើល និង​ព្រួយបារម្ភ​។​

​ការ​ចល័ត​ទ័ព​របស់​រដ្ឋាភិបាល​យ៉ាង​ដូច្នេះ គឺធ្វើឡើង​ខណៈ​កាល​បរិច្ចេទ​ផ្លូវការ​នៃ​ការវិលចូល​កម្ពុជា​វិញ​របស់​លោក សម រង្ស៊ី ការ​តែ​ជិត​ចូលមក​ដល់​។ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ខែ​សីហា អះអាងថា​នឹង​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា​ខាង​មុខ តាម​ច្រកព្រំដែន​ថៃ និង​បាន​អំពាវនាវ​ឱ្យ​ពលករ​ដែល​កំពុង​ធ្វើកា​រ​ក្រៅប្រទេស និង​អ្នកគាំទ្រ​លោក ប្រមូលផ្តុំ​គ្នា​ចាំ​ទទួល និង​អមដំណើរ​លោក​ត្រឡប់មកវិញ​។​

​តែ​យ៉ាងណាក៏ដោយ គម្រោង​នៃ​វិល​ចូល​ស្រុក​របស់​អាឌិត​បក្សប្រឆាំង​នាពេលនេះ រាជរដ្ឋាភិបាល​កម្ពុជា​ចាត់ទុកថា ជា​អំពើ​រដ្ឋប្រហារ​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់ និង បញ្ជា​ឱ្យ​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី ខេត្ត អនុវត្ត​ក្នុង​ការគ្រប់គ្រង​សន្តិសុខ និង​សុវត្ថិភាព​សង្គម​ក្នុង​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​ថ្ងៃទី​៩ ខែ​វិច្ឆិកា​ដើម្បី​ដោះស្រាយ​សភាពការណ៍​នៅ​ចំពោះមុខ​។​

​ក្នុង​លិខិត​របស់​លោក ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ចេញ​នៅ​ថ្ងៃទី​៣០ ខែតុលា បានបញ្ជាក់​ថា គណៈ​បញ្ជាការ​ក្រុង ស្រុក ខណ្ឌ​ទាំង​អស់​នៅ​ទូទាំង​ប្រទេស ត្រូវ​ពង្រឹង​កិច្ចសហការ​បង្កើន​ការគ្រប់គ្រង ការចេញ​-​ចូល របស់​ប្រជាជន​ស្រប​តាម​លិខិត​បទដ្ឋាន​កំណត់ និង​គ្រប់គ្រង​មុខសញ្ញា​នានា​តាម​គោលការណ៍​ជំនាញ​។​

​ចាប់តាំងពី​ពេលនោះ​មក ក្រុម​អាជ្ញាធរ​កម្ពុជា​នៅ​ច្រក​ទ្វារ​អន្តរជាតិ កម្ពុជា​-​ថៃ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ មាន​ការ​ដាក់​ពង្រាយ​កម្លាំង​នគរបាល ដើម្បី​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​នៅក្នុង​ច្រកទ្វារ និង បាន​សម្រុក​ចាប់​ខ្លួន​សកម្មជន​សំខាន់ៗ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ស្ទើរ​មិន​លោះ​ថ្ងៃ​។ គិត​ត្រឹម​ថ្ងៃនេះ​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រឆាំង សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​ចាប់ខ្លួន​បាន​កើន​ដល់​ជិត​៦០​នាក់ ហើយ​ចំនួន​នេះ​អាច​នឹង​បន្ត​កើន​ផង​ដែរ​នៅ​ថ្ងៃ​៩​វិច្ឆិកា​ជិត​ចូលមក​ដល់​៕

ព័ត៌មានផ្សេងទៀត