តុលាការ​កោះហៅ​លោក​សម រង្ស៊ី ចូល​បំភ្លឺ​ជុំវិញ​បណ្តឹង​លោក​ស ខេង នៅ​ថ្ងៃ​៧​វិច្ឆិកា​

31-10-2019 7:42 pm 3546

​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​លោក​សម រង្ស៉ី អតីត​មេដឹកនាំ​គណបក្សប្រឆាំង ចូល​ឆ្លើយបំភ្លឺ​នៅ​តុលាការក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខនេះ ពាក់ព័ន្ធ​ករណី​ញុះញង់ ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ដែល​ប្តឹង​ដោយ លោក​ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​។​

​ដីកា​នេះ​ត្រូវបាន​ក្រុម​សមត្ថកិច្ច យក​ទៅ​បិទ​នៅផ្ទះ​របស់ លោក សម រង្ស៊ី នៅ​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៩​នេះ​។​

​លោក​សម រង្ស៊ី កាលពី​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០១៩ បាន​សរសេរ​វាយប្រហា​រថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​អ្នក​បញ្ជាការ​ឲ្យ​សម្លាប់ លោក ហុក ឡង់ឌី ហើយ​ថា​កូនប្រុស​របស់ លោក ហុក ឡង់ឌី គឺ​លោក​ឌី វិជ្ជា ជា​ដែល​ជា​កូនប្រសារ​របស់​នាយក​រដ្ឋមន្ត្រី ដែរនោះ កំពុង​រៀបចំ​ផែនការ​ជាមួយ​លោក​ស ខេង ដើម្បី​រក​វិធី​សងសឹក​។​

​ជុំវិញ​ការចោទប្រកាន់​នេះ លោក ស ខេង បាន​ដាក់ពាក្យ​ប្តឹង និង​បាន​ទាមទារ​ឲ្យ​តុលាការ ចាត់កា​រលោក សម រង្ស៊ី ទៅតាម​ផ្លូវ​ច្បាប់​ឲ្យបាន​ធ្ងន់ធ្ងរ​បំផុត និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៤​ពាន់​លាន​រៀល ស្មើ​ប្រមាណ ១​លាន​ដុល្លារ​អាមេរិក​៕

ព័ត៌មានផ្សេងទៀត