ទីបំផុត​រកឃើញ​សាកសព​នារី​អង់គ្លេស​ដែល​បាត់​ខ្លួន​នៅ​កោះរ៉ុង​ហើយ​

31-10-2019 5:24 pm 571

​នៅ​ទីបំផុត នារី​ជនជាតិ​អង់គ្លេស ដែល​បាន​បាត់​ខ្លួន​ជាង​១​សប្តាហ៍ នៅ​កោះរ៉ុង ខេត្ត​ព្រះសីហនុ ត្រូវបាន​សមត្ថកិច្ច រក​ឃើញ​សព​របស់​នាង​ហើយ នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា​នេះ​។ សាកសព ត្រូវ​បាន​អណ្ដែត​រហូតដល់​ខេត្ត​កោះកុង ជាប់​ព្រំដែន​ទឹក​ប្រទេស​ថៃ ដែល​មាន​ចម្ងាយ​ជាង ១០០​គីឡូម៉ែត្រ ពី​កោះរ៉ុង​។​

​លោក ទៀ សុខា អគ្គលេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លំហរ​សមុទ្រ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា សព​នារី​ជនជាតិ​អង់គ្លេស ត្រូវបាន​រកឃើញ​នៅ​ម្ដុំ​កោះ​ឆ្លាម ក្នុង​ខេត្ត​កោះកុង ហើយ​នៅពេលនេះ កំពុងតែ​នាំ​សព​មក​លើ​គោក ដើម្បី​ធ្វើ​កោសល្យវិច្ច័យ​បន្ថែមទៀត​។​

​សូមបញ្ជាក់​ថា ស្ត្រី​រងគ្រោះ ជា​ជនជាតិ​អង់គ្លេស​រូបនេះ មានឈ្មោះ AMELIA LOUISE បាន​ចេញ​ពី​ក្រុងព្រះសីហនុ ឆ្ពោះ​ទៅ​គោលដៅ​ក្រុង​កោះរុង នៅ​ម៉ោង​៥​និង​០០​ល្ងាច ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៩ មក​ដល់​កោះរុង នៅ​ម៉ោង​៦​ល្ងាច​។ នាង​បាន​ចូល​ស្នាក់​នៅ​ផ្ទះសំណាក់ Ness Beach នៅ​ម៉ោង​៨​និង​១៥​នាទី​យប់​ថ្ងៃ​ដដែល ក្នុង​គោលបំណង​ទេសចរណ៍​។ មុន​បាត់​ខ្លួន​គេ​បាន​ប្រទះ​ឃើញ​នារី​រងគ្រោះ លើក​ចុង​ក្រោយ​នៅ​ម៉ោង​៣​និង​៣០​ទៀប​ភ្លឺ ឈានចូល​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៩ ក្នុង​ពិធី​ជប់លៀង​មួយ​នៅ​ឆ្នេរ​កោះរុង​(police beach) ក្រោយមក​ក៏​បាត់​ដំណឹង​តែម្តង​។ 

​ក្រោយមក​គេ​បាន​ប្រទះឃើញ​កាបូប​របស់​ស្ត្រី​រងគ្រោះ​នៅលើ​ផ្ទាំង​ថ្ម​ជាប់​ឆ្នេរ​ក្បែរ​កន្លែង​ធ្វើ​ពិធី​ជប់លៀង​នោះដែរ ដោយ​បញ្ហា​នេះ ត្រូវបាន​គេ​សង្ស័យថា ស្ត្រី​រងគ្រោះ​ក្រោយ​ពេល​ចប់​ពិធីជប់លៀង អាច​នឹង​ចុះ​លេង​ទឹក​ហើយ ក៏​ត្រូវ​លង់ទឹក​ស្លាប់ ក៏​ថា​បាន ប៉ុន្តែ​ទោះជា​យ៉ាង​ក៏ដោយ នេះ​គ្រាន់តែ​ជា​ការសន្និដ្ឋាន ក្រោយ​ផ្លូវការ​ប៉ុណ្ណោះ​។ ​យ៉ាងណាក៏ដោយ រហូតមកដល់​ពេលនេះ សម្រាប់​ការស្លាប់​របស់​នាង AMELIA LOUISE មិនទាន់​មាន​ការបញ្ជាក់​នៅឡើយ​ទេ រង់ចាំ​ការធ្វើ​កោសល្យវិច្ច័យ​សិន​៕​

ព័ត៌មានផ្សេងទៀត