ADB ផ្តល់​ហិរញ្ញប្បទាន​៨៩​លាន​ដុល្លារ​ ជួយ​លើ​ការផ្គត់ផ្គង់​ទឹក​-​អនាម័យ​ជនបទ

31-10-2019 4:02 pm 143
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រសួង​សេដ្ឋកិច្ច និង​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) នៅ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៩ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចំនួន​ពីរ ក្នុងតម្លៃ​ទឹកប្រាក់​ចំនួន​៨៩​លាន​ដុល្លារ ដែល​នឹង​បង្កើន​លទ្ធភាព​របស់​តំបន់​ជនបទ ក្នុង​ការទទួលបាន​សេវា​ផ្គត់ផ្គង់​ទឹក និង​អនាម័យ ព្រមទាំង​កែលម្អ​កិច្ចខិតខំ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​របស់​កម្ពុជា​។ ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ ធ្វើឡើង​ក្រោម​អ​ធីបតី​ភាព​របស់ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោកស្រី Sunniya Durrani-Jamal នាយិកា ADB ។​

​លោកស្រី Sunniya Durrani-Jamal បានឱ្យដឹងថា កម្មវិធី​ទាំងពីរ​នេះ​គាំទ្រ​ដល់​វិស័យ អាទិភាព​ទាំង​៤ របស់​យុទ្ធសាស្ត្រ​ចតុកោណ រួម​មានដូចជា ការអភិវឌ្ឍ​ធនធានមនុស្ស​តាមរយៈ​ការកែលម្អ ការថែទាំ​សុខភាព សាធារណៈ និង​អាហារូបត្ថម្ភ ពិពិធ​កម្ម​សេដ្ឋកិច្ច ការលើកកម្ពស់​ការអភិវឌ្ឍ​វិស័យ​ឯកជន ការងារ និង​មុខរបរ តាមរយៈ​កិច្ច​គាំទ្រ​សហគ្រាស​ធុន​តូច និង​មធ្យម ព្រមទាំង​ការអភិវឌ្ឍ​ប្រកបដោយ​បរិយា​ប័ន្ន និង​ចីរភាព តាមរយៈ​ការលើកកម្ពស់​វិស័យ​កសិកម្ម និង​ការអភិវឌ្ឍ​ជនបទ​»​។​

​ពលរដ្ឋ​ប្រមាណ ៤០០.០០០​នាក់ នឹង​ទទួលបាន​ប្រយោជន៍​ពី​កម្មវិធី​អភិវឌ្ឍ​វិស័យ​សេវា​ផ្គត់​ផ្គត់​ទឹក និង អនាម័យ​ជនបទ ដំណាក់កាល​ទី​៣ ដែល​ធនាគារអភិវឌ្ឍន៍អាស៊ី​បានអនុម័ត​កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៩ តាមរយៈ ការសាងសង់ និង​ការស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្គត់ផ្គង់​ទឹក និង​អនាម័យ ចំនួន ២.៥០០ កន្លែង ការអនុវត្ត យុទ្ធនាការ​លើកកម្ពស់​ការយល់ដឹង ក្នុងភូមិ​ចំនួន​៤០០ នៃ​ខេត្ត​ចំនួន​១០ ក្នុងប្រទេស ។

​​គួរ​បញ្ជាក់ថា សេវា​ផ្គត់ផ្គង់​ទឹក និង​អនាម័យ​នៅតែ​បន្ត​មាន​ភាពខ្វះខាត​នៅ​តំបន់​ជនបទ​ដែលមាន​ប្រជាជន​ចំនួន ៧៧% នៃ​ចំនួន​ប្រជាជន​សរុប​ក្នុងប្រទេស​ចំនួន ១៦.៤​លាន​នាក់​។​ក្នុង​ឆ្នាំ​២០១៧​បើទោះបីជា​គ្រួសារ​ជនបទ​ចំនួន​៧៣%​ទទួលបាន​ការផ្គត់ផ្គង់​ទឹកស្អាត​ក៏ដោយ ប៉ុន្តែ​មានតែ​១១% ប៉ុណ្ណោះ ទទួលបាន​ការផ្គត់ផ្គង់​ទឹក​តាមរយៈ​ការភ្ជាប់​បណ្តាញ​បំពង់​ទុយោ​។​ស្របគ្នា​នេះដែរ​ពលរដ្ឋ​ដែល​រស់នៅ​តំបន់​ជនបទ​ចំនួន ៥៦%​ទទួលបាន​អនាម័យ​ប្រសើរ​ជាង​មុន ហើយ​ពលរដ្ឋ​ជនបទ​ប្រមាណ​៤១%​នៅតែ​បន្ត​អនុវត្ត​ការ​បន្ទោបង់​ពាសវាល​ពាសកាល ដែល​បង្កឱ្យមាន​ជំងឺ​រាគរូស និង​បញ្ហា​សុខភាព​សាធារណៈ​ដទៃទៀត​៕


 ពាក្យគន្លឹះ  ​ក្រសួង​សេដ្ឋកិច្ចADB

ព័ត៌មានផ្សេងទៀត