ក្រុមហ៊ុនបារាំងមួយមានឈ្មោះថា Kulara Water ដែលផលិតទឹកអូ គូលែន និងមូលនិធិបុរាណវិទ្យា និងការអភិវឌ្ឍន៍ហៅកាត់ថា (ADF) បានសហការរួមគ្នាដាំដើមឈើឡើងវិញនៅតំបន់ភ្នំគូលែន ក្រោយពីព្រៃឈើនៅទីនោះ បានបាត់បង់ដោយសារកាប់ទន្ទ្រានដីព្រៃពីសំណាក់ប្រជាពលរដ្ឋ និងឈ្មួញទុច្ចរិតមួយចំនួន។
បើតាមលោក ចេប៊ី ហ្សើវង់ (JB Chevance) ប្រធានអង្គការ (ADF) បានលើកឡើងថា ព្រៃឈើនៅតំបន់ភ្នំគូលែន នៅសេសសល់ប្រមាណ២០% តែប៉ុណ្ណោះ ដោយឡែកប្រមាណ៨០%ទៀត ត្រូវបានបាត់បង់ ដោយសារការកាប់បំផ្លាញពីសំណាក់ប្រជាពលរដ្ឋ និងឈ្មួញទុច្ចរិត។ ដូច្នេះហើយទើបក្រុមហ៊ុន Kulara Water ដែលផលិតទឹកអូ គូលែន និងអង្គការ (ADF) សហការគ្នាដាំដើមឈើឡើងវិញ ដើម្បីប្រែក្លាយតំបន់នៅទីនោះ ជាតំបន់អេកូទេសចរណ៍ ក៏ដូចជាចង់ឱ្យបរិស្ថាននៅទីនោះ មានសោភ័ណ្ឌភាពស្រស់បំព្រង ព្រមទាំងចង់បង្ហាញឱ្យប្រជាពលរដ្ឋរស់នៅទីនោះ យល់ដឹងពីបរិស្ថាន ជាពិសេសគឺសារៈសំខាន់នៃការការពារព្រៃឈើ។
ដោយឡែកលោក សុខ ហេង ជាបុគ្គលិកបម្រើការងារនៅក្រុមហ៊ុន Kulara Water បានអះអាងថា ការដែលក្រុមហ៊ុន Kulara Water សម្រេចដាំដើមឈើនៅតំបន់ភ្នំគូលែនឡើងវិញ គឺក្នុងគោលបំណងដើម្បីការពារប្រភពទឹក ដែលបានមកពីភ្នំគូលែន សម្រាប់ផលិតទឹកអូ គូលែន និងស្រោចស្រង់ព្រៃឈើនៅទីនោះដែលបានបាត់បង់ ដោយសារការកាប់បំផ្លាញ និងទន្ទ្រានយកដី ពីសំណាក់ប្រជាពលរដ្ឋ និងឈ្មួញទុច្ចរិតដែរ…………
សំឡេង៖
សូមបញ្ជាក់ថា ភ្នំគូលែនមានទំហំ ៣៧៣៧៣ហិកតា លាតសន្ធឹងចាប់ពីភ្នំក្បាលស្ពានក្នុងស្រុកបន្ទាយស្រី និងស្រុកស្វាយលើ ជាភ្នំមានសណ្ឋានដីរាបស្មើនៅផ្នែកខាងលើ និងត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យបញ្ចូលទៅជាឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម ភ្នំគូលែន ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន។ នៅតំបន់ភ្នំគូលែននេះ សំបូរទៅដោយជីវៈចម្រុះ និងព្រៃឈើជាច្រើន ក៏ប៉ុន្តែក្រោយមកព្រៃឈើនៅតំបន់ភ្នំគូលែន ត្រូវទទួលរងនូវការកាប់បំផ្លាញពីសំណាក់ប្រជាពលរដ្ឋ និងឈ្មួញទុច្ចរិតយកធ្វើជាកម្មសិទ្ធិ។
កន្លងមកទៅក្រុមអ្នកជំនាញជាតិ និងអន្តរជាតិ បានសម្ដែងការព្រួយបារម្ភអំពីការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរទៅលើទេសភាពភ្នំគូលែន ដែលស្ដែងចេញពីសកម្មភាពការកាប់បំផ្លាញព្រៃឈើ ធ្វើឱ្យទំហំនៃការខូចខាតរីកធំឡើងជាលំដាប់។ ថ្មីៗនេះអង្គការ (ADF) ក្រោមជំនួយឧបត្ថម្ភពីអង្គការអភិវឌ្ឍន៍សហប្រជាតិ ហៅកាត់ថា UNDP បានធ្វើការសិក្សាស្រាវជ្រាវរកឃើញថា ព្រៃឈើនៅតំបន់ភ្នំគូលែន នៅសេសសល់តែ២០% ប៉ុណ្ណោះ ក្រៅពីនេះត្រូវបានកាប់បំផ្លាញអស់ទៅហើយ៕