មន្ទីរ​បញ្ច​កោណ​​បង្ហាញ​វីដេអូ​​នៃ​ការ​វាយឆ្មក់​​សម្លាប់​​មេដឹកនាំ​​ក្រុម​រដ្ឋ​អ៊ីស្លាម​

31-10-2019 3:38 pm 344

​មន្ទីរ​បញ្ច​កោណ​កាលពី​ថ្ងៃ​ពុធ​បានបង្ហាញ​នូវ​រូបភាព​វីដេអូ​សកម្មភាព យោធា​អាមេរិក​ធ្វើ​ប្រតិ​បត្ដិកា​រវាយ​ប្រហាររ​យៈ​ពេល​ពីរ​ម៉ោង ដើម្បី​សម្លាប់​មេដឹកនាំ​ក្រុម​រដ្ឋ​អ៊ីស្លាម​អា​ប៊ូ​បាគ័រ អាល់​បា​ដេឌី​។ នៅក្នុង​វីដេអូ​ឃើញ​មាន​កងកម្លាំង​ពិសេស​អាមេរិក​ប្រដាប់​ដោយ​អាវុធ រួមទាំង​ឧទ្ធម្ភាគចក្រ​ចូលទៅ​ទីតាំង​គោលដៅ​។ វីដេអូ​ថត​បាន​ដោយ​យន្ដហោះ​គ្មាន​មនុស្ស​បើក ក៏​បានបង្ហាញ​ផងដែរ​ថា​កង​កុម្មង់ដូ​អាមេរិក បាន​ខិតចូល​ជិត​បរិវេណ​ដែល​បា​ដេឌី​ស្ថិតនៅ និង​មាន​ការវាយប្រហារ​ពីលើ​អាកាស​ដោយ​យន្ដហោះ​ចម្បាំង​F-15 និង​យន្ដហោះ​គ្មាន​មនុស្ស​បើក​MQ-9​បន្ថែមទៀត​។​

​មេបញ្ជាការ​នៃ​ទីបញ្ជាការ​កណ្ដាល​អាមេរិក​លោក​ឧត្ដមសេនីយ៍​ហ្វ្រេង ម៉ាឃែ​ន​ហ្ស៊ី​(Frank McKenzie) បាន​និយាយថា DNA​ដែល​ប្រើ​សម្រាប់​បញ្ជាក់​ពី​អត្ដ​សញ្ញាណ​របស់​បា​ដេឌី គឺជា​គំរូ​ប្រមូលបាន​ក្នុងអំឡុងពេល​ឃុំឃាំង​លោក​ក្នុង​ជំរំ​Camp Bucca​ក្នុងប្រទេស​អ៊ីរ៉ាក់​កន្លងមក​។ លោក​ម៉ាឃែ​ន​ហ្ស៊ី​បានប្រាប់​អ្នកសារព័ត៌មាន​ថា លោក​មិនអាច​បញ្ជាក់​បានទេ​លោក​បា​ដេឌី​ពិតជា​បាន​ស្រែកយំ​ក្នុងពេល​ចុងក្រោយ​របស់លោក ដូចដែល​ប្រធានាធិបតី​ដូណាល់ ត្រាំ​បាន​អះអាង​ក្នុង​សុន្ទរកថា​តាម​ប៉ុស្ដិ៍​ទូរទស្សន៍​កាលពី​ថ្ងៃអាទិត្យ​សប្ដាហ៍​មុន​នោះ​។ 

​យ៉ាងណាក៏ដោយ​លោក​ម៉ាឃែ​ន​ហ្ស៊ី​បន្ថែមថា មេដឹកនាំ​ក្រុម​ភេ​វករ​បាន​លូន​ចូលក្នុង​ផ្លូវ​ក្រោម​ដី​ជាមួយ​ក្មេងៗ​ពីរ​នាក់​និង​បាន​បំផ្ទុះ​សម្លាប់​ខ្លួនឯង​នៅពេល​ទាល់​ចក្រ​។ លោក​បា​ដេឌី​ក៏​ទំនងជា​បាន​បាញ់ប្រហារ​លើ​កងកម្លាំង​អាមេរិក​វិញ​តាម​រន្ធ​ក្រោម​ដី​។ ស្របពេល​លោក​ត្រាំ​និង​មន្ដ្រី​មួយចំនួនទៀត​ជឿជាក់ថា បា​ដេឌី​បានសម្លាប់​កុមារ​បីនាក់​បន្ទាប់មក​ក៏​ផ្ទុះ​សម្លាប់​ខ្លួនឯង​នោះ លោក​ម៉ាឃែ​ន​ហ្ស៊ី​ឆ្លើយថា​តាម​ព័ត៌មាន​ថ្មី​ទើប​ទទួលបាន មាន​ក្មេងៗ​តែ​ពីរ​នាក់​ប៉ុណ្ណោះ​ដែល​នៅ​ជាមួយ​រូបគេ ហើយ​ក្មេង​ទាំងពីរ​នាក់​អាយុ​ក្រោម​១២​ឆ្នាំ​។​

​លោក​ឧត្ដមសេនីយ៍​គូសបញ្ជាក់​ផងដែ​រថា ប្រតិ​បត្ដិកា​រតាម​សម្លាប់​មេដឹកនាំ​ក្រុម​រដ្ឋ​អ៊ីស្លាម​គឺជា​ផែនការ​រៀបចំ​ទុក​មុន​នៅ​ស៊ី​រី វា​មិន​ពាក់ព័ន្ធ​នឹង​ការបញ្ជាឲ្យ​ដកទ័ព​អាមេរិក​ចេញពី​ស៊ីរី​របស់​លោកត្រាំ​ឡើយ​។ ការដក​ទ័ព​ពិតជា​មិនបាន​ពាក់ព័ន្ធ​ក្នុង​ប្រតិ​ប​ត្ដិ​ការទេ ហើយក៏​មិនមែនជា​ចំណែក​នៃ​ការផ្ដល់​ព័ត៌មាន​ក្នុងការ​ស៊ើបការណ៍​ដែរ​។ ប៉ុន្ដែ​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី​ដឹកនាំ​ដោយ​ក្រុមឃឺ​ដ បាន​ផ្ដល់ព័ត៌មាន​ទាក់ទង​នឹង​ការ​ស៊ើប​ការណ៍ ដែល​វា​ពិតជា​មាន​ប្រយោជន៍​សម្រាប់​ប្រតិ​បត្ដិកា​រ​។ រីឯ​ការធ្វើ​ប្រតិ​ប​ត្ដិ​ការជាក់ស្ដែង​គឺ​មានតែ​កងទ័ព​អាមេរិក​ប៉ុណ្ណោះ​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​មុន​លោក​ត្រាំ​បានប្រកាស​ពី​ការស្លាប់ របស់​មេដឹកនាំ​ក្រុម​រដ្ឋ​អ៊ីស្លាម​លោក​អា​ប៊ូ បាគ័រ អាល់​បា​ដេឌី​។ សម្រាប់​អ្នកជំនាញ​បាន​និយាយថា​ការគំរាមកំហែង​របស់​ក្រុម​នេះ នឹង​នៅតែ​បន្ដ​ដដែល​ទោះបី​បាត់បង់​មេដឹកនាំ​ហើយ​ក្ដី​។ ការវាយប្រហារ​សងសឹក​ទំនងជា​អាច​កើតមានឡើង ពី​សំណាក់​ក្រុម​អ្នក​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​ដែល​នៅ​សេសសល់ និង​ពី​សំណាក់​ក្រុម​សកម្មប្រយុទ្ធ​ផ្សេងទៀត​៕

ព័ត៌មានផ្សេងទៀត