ប្រាសាទ​ជប៉ុន​​ដែល​​បញ្ចូល​ជា​​បេតិកភណ្ឌ​​ពិភពលោក​​ត្រូវ​ភ្លើង​ឆេះ​​យ៉ាង​​សន្ធោសន្ធៅ​

31-10-2019 8:33 am 461
ប្រាសាទ​​ដែលត្រូវ​អគ្គិភ័យ​ឆាបឆេះ

ប្រាសាទ​ស៊ូ​រី​(Shuri) ដែល​ត្រូវបាន​ដាក់បញ្ចូល​ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ​យូណេស្កូ​(UNESCO) ស្ថិតក្នុង​ខេត្ដ​អូ​គី​ណា​វ៉ា​នៅ​ភាគខាងត្បូង​ប្រទេស​ជប៉ុន ត្រូវបាន​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​។ ភ្លើង​បានចាប់ផ្ដើម​ឆាបឆេះ​នៅ​ទៀបភ្លឺ​ថ្ងៃទី​៣១​តុលា ហើយ​ភ្លាមៗ​អាជ្ញាធរ​បាន​បញ្ជូនរ​ថយ​ន្ដ​ពន្លត់អគ្គិភ័យ​ដើម្បី​ចុះ​អន្ដរាគមន៍​។ នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ​ក្នុង​ទីក្រុង​ណា​ហា បាន​បញ្ជាក់ថា​បាន​ទទួលដំណឹង​បន្ទាន់​កាលពី​ម៉ោង​ប្រមាណ​២​និង​៤០​នាទី​ម៉ោង​នៅ​ជប៉ុន ថា​មាន​អគ្គិភ័យ​ឆាបឆេះ​ទៅ​ប្រាសាទ​នេះ​។ ប៉ូលិស​បាន​បញ្ជាក់ថា សាល​ធំ​និង​អគារ​ក្បែរ​នោះបាន​ឆេះ​ដល់​ដី ហើយ​អគារ​ផ្សេងទៀត​កំពុង​ត្រូវ​ឆាបឆេះ​។ នៅ​ពុំទាន់​មាន​ការបញ្ជាក់​ពី​មូលហេតុ​នៅឡើយ​ទេ​។​

​សូមបញ្ជាក់ថា ប្រាសាទ​នេះ​ត្រូវបាន​សាងសង់ឡើង​ប្រមាណ​ជា​៥០០​ឆ្នាំ​មកហើយ ដោយ​រាជ្យ​វង្ស​រ្យូ​គ្យូ​(Ryukyu) ដែល​គេ​កំណត់ថា​ជា​សម្បត្ដិ​ជាតិ​របស់​ជប៉ុន​ក្នុង​ឆ្នាំ​១៩៣៣​។ ប្រាសាទ​នេះ​បាន​ឆេះ​ម្ដង​ហើយ​ក្នុងអំឡុង​សង្គ្រាមលោកលើកទីពីរ​។ ក្រោយមក​សាល​ធំ​ត្រូវបាន​ជួសជុល​ឡើងវិញ​ក្នុង​ឆ្នាំ​១៩៩២ និង​បាន​បម្រើ​ជា​កន្លែង​រៀបចំ​ពិធីជប់លៀង សម្រាប់​មេដឹកនាំ​កំពូល​ដែល​ចូលរួម​ក្នុង​កិច្ចប្រជុំ​ក្រុម​ទាំង​៨​។ សំណល់​នៃ​ប្រាសាទ​ដើម​ក៏ត្រូវ​បានកំណត់​ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក​របស់​យូណេស្កូ​ផងដែរ រួមជាមួយ​នឹង​ប្រាសាទ​ដែល​បាន​បែកបាក់​នៃ​រាជាណាចក្រ​រ្យូ​គ្យូ​ក្នុង​ខេត្ដ​អូ​គី​ណា​វ៉ា​៕

 ពាក្យគន្លឹះ  ជប៉ុនឆេះប្រាសាទ

ព័ត៌មានផ្សេងទៀត