ចិន​បោះទុន​ជាង​២២៦​លាន​ដុល្លារ សង់​សណ្ឋាគារ​លំដាប់​ផ្កាយ​៥​នៅ​ព្រះសីហនុ​

30-10-2019 6:54 pm 212

​សណ្ឋាគារ​លំដាប់​អន្តរជាតិ​ផ្កាយ​៥ ដែល​ត្រូវបាន​បោះទុន​វិនិយោគ​សាសង់ ដោយ​ក្រុមហ៊ុន​ហុងកុង ប៊ីលាន អ៊ិច​ប្រ៊េស​គ្រុប ហូល​ឌី​ង លីមីត​ធី​ត មាន​ឈ្មោះថា «CAMBODIA SIHANOUKVILLE V-CONTINENT INTERNATIONAL HOTEL»​។ សណ្ឋាគារ​ដ៏​ប្រណិត​មួយ​នេះ ទើបតែ​រៀបចំ​ពិធី​បញ្ចុះបឋមសិលា​សាង​សង់ នៅ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៩ និង​រំពឹង​សាងសង់​រួចរាល់​នៅ​ឆ្នាំ​២០២១​។ 

​សណ្ឋាគារ Sihanouk Ville V-Continent International Hotel មាន​គម្រោង​សាងសង់​និង​អាជីវកម្ម​សណ្ឋាគារ​ផ្កាយ​៥ មាន​ចំនួន ១,១១១ បន្ទប់ ស្មើនឹង ១២០,០០០​ម៉ែត្រការ៉េ ការិយាល័យ​និង​បន្ទប់​បុគ្គលិក នៅលើ​ផ្ទៃដី​ទំហំ ១៦,០០០​ម៉ែត្រការ៉េ ដែលមាន​អគារ​ទាំងអស់​ចំនួន ៤​អគារ​។ នៅក្នុង​នោះ​មាន​អគារ​១០​ជាន់ ២​អគារ​, សណ្ឋាគារ​កំពស់​២៧​ជាន់ ១​អគារ​, ខុន​ដូរ​កំពស់​២៤​ជាន់​១​អគារ និង​មាន​ផ្សារ​ទំនើប​ពីរ​ជាន់ នៅ​ចំ​កណ្តាល​ទំហំ ១១,៥០០​ម៉ែត្រការ៉េ លាតសន្ធឹង​លើ​ផ្ទៃដី ដែល​ស្ថិតនៅ​ក្នុងភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​

​សំណង់​សណ្ឋាគារ​លំដាប់ថ្នាក់​អន្តរជាតិ​នេះ បាន​លេចចេញ​ជា​រូបរាង​ឡើង ស្របពេល​មាន​ការបង្ហាញ​នូវ ផែនការ​សរុប​នៃ​ឆ្នាំ​២០៣០ ឲ្យដឹងថា​តំបន់សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ នឹងត្រូវ​អភិវឌ្ឍ​ជា​ទីក្រុង​ទំនើប ដែលមាន​ឆ្នេរ​ស្អាត​ជាងគេ តំបន់​សេដ្ឋកិច្ច​ពហុ​មុខងារ និង​មជ្ឈមណ្ឌល​ដឹក​ជញ្ចូន​អន្តរជាតិ​នៅពេលខាងមុខ​។ រដ្ឋាភិបាល​កម្ពុជា​នឹង​អភិវឌ្ឍ​ក្រុងព្រះសីហនុ ជា​មជ្ឈមណ្ឌល​សន្និបាត និង​ពាណិជ្ជកម្ម​សម្រាប់​អាស៊ាន​។ បន្ទាប់ពី​ការអភិវឌ្ឍ​ថាមពល​សំណង់ ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា ផ្លូវដែក​អាស៊ី ផ្លូវ​ល្បឿន​លឿន អាកាសយានដ្ឋាន​និង​កំពង់ផែ​ក្រុងព្រះសីហនុ ពិតជា​ក្លាយជា​ទីក្រុង​ដ៏​សំខាន់​មួយ ក្រោម​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ «​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់ និង​ផ្លូវថ្នល់​» ដែល​បាន​ដាក់ចេញ​ដោយ​រដ្ឋាភិបាល​ចិន​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក Kong Kuok Leong អគ្គនាយក​ក្រុមហ៊ុន​ហុងកុង ប៊ីលាន អ៊ិច​ប្រ៊េស គ្រុប ហូល​ឌី​ង លីមីត​ធី​ត និង​ត្រូវបាន​ចុះផ្សាយ​ដោយ​សារព័ត៌មាន​Fresh News ។​

​តាមរយៈ​គម្រោង​នេះ រំពឹង​នឹង​បង្កើតឲ្យមានឱ​កាសកា​រងារ​កាន់តែច្រើន និង​លើកកម្ពស់​ការអភិវឌ្ឍ​ន៍​សេដ្ឋកិច្ច​ទូទៅ របស់​ប្រជាជន​ក្នុង​មូលដ្ឋាន ក៏ដូចជា​ប្រជាជន​ទូទាំងប្រទេស និង​កាត់បន្ថយ​ការ​ចំណាកស្រុក ដើម្បី​ស្វែងរក​ការងារ​នៅ​ក្រៅប្រទេស​ផងដែរ​។ លើសពីនេះ​ទៀត គម្រោង​នេះ​ក៏​ត្រូវបាន​គេ​រំពឹង​ដែរថា នឹង​ងា​ច​ទាក់ទាញ​ការវិនិយោគ ប្រកបដោយ​គុណភាព​កាន់តែច្រើន ដែល​នាំឲ្យ​ក្រុងព្រះសីហនុ ក្លាយជា​ទីក្រុង​ទេសចរណ៍​អន្តរជាតិ​នា​ពេលអនាគត​៕ 

ព័ត៌មានផ្សេងទៀត