ការតវ៉ា​​នៅតែ​ផ្ទុះ​ឡើង​​ក្នុង​ប្រទេសឈី​លី​​ទោះ​ប្រធានាធិបតី​​រុះរើ​​គណៈរដ្ឋមន្ដ្រី​

30-10-2019 4:56 pm 170
រូបភាព​​ការតវ៉ា​​ក្នុងប្រទេស​ឈីលី

​ការតវ៉ា​ក្នុង​ប្រទេសឈី​លី​នៅតែ​បន្ដ​ផ្ទុះឡើង​ដដែល ទោះបីជា​លោក​ប្រធានាធិបតី​បាន​រុះរើ​គណៈរដ្ឋមន្ដ្រី​ក៏ដោយ​។ កាលពីដើម​សប្ដាហ៍​នេះ​មាន​ក្រុមបាតុករ​រាប់ពាន់នាក់ បាននាំគ្នា​ប្រមូលផ្ដុំ​តវ៉ា​តាម​ដងផ្លូវ​ក្នុង​រដ្ឋធានី​សាន​ទី​អេ​ហ្គូ​របស់​ឈី​លី​។ ពួកគេ​បាន​អំពាវនាវ​ឲ្យ​លោក​ប្រធានាធិបតី​ចុះ​ចេញពី​តំណែង ហើយក៏​បាន​ប៉ះទង្គិច​ជាមួយ​កងកម្លាំង​សន្ដិសុខ​ផងដែរ​។ ភាពចលាចល​បាន​កើតឡើង​ខ្លាំងក្លា ដោយ​ក្រុម​តវ៉ា​នាំគ្នា​ដុត​ភ្លើង​នៅតាម​ផ្លូវ​សំខាន់ ហើយ​ប៉ូលិស​ក៏​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក កាំភ្លើង​គ្រាប់​ជ័រ​និង​កាណុង​បាញ់​ទឹក ដើម្បី​បំបែក​ក្រុម​តវ៉ា​។ ស្ថានភាព​បែបនេះ​លោក​ប្រធានាធិបតី បាន​អំពាវនាវ​ឲ្យ​ក្រុម​តវ៉ា​ត្រូវ​អត់ធ្មត់​និង​ត្រូវធ្វើ​អ្វីដែល​ស្របច្បាប់​។​

​លោក​ប្រធានាធិបតី​Sebastian Pinera បាន​រុះរើ​គណៈរដ្ឋមន្ដ្រី​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ បន្ទាប់ពី​មាន​ការតវ៉ា​កើតឡើង​ជាច្រើន​ថ្ងៃ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិចណាស់​២០​នាក់​។ តាម​ការបញ្ជាក់​លើ​ប្រព័ន្ធ​ធ្វី​ត​ទ័​រ គោលបំណង​នៃ​ការផ្លាស់ប្ដូរ​ដើម្បី​បើកផ្លូវ​ឲ្យមាន​ការចរចា និង​ស្វែងរក​យុត្ដិធម៌​សម្រាប់​ដោះស្រាយ​វិបត្ដិ​ជាប់គាំង​។ លោក​បាន​ផ្លាស់ប្ដូរ​សមាជិក​គណៈរដ្ឋមន្ដ្រី ក្នុងនោះ​មាន​រដ្ឋមន្ដ្រី​មហាផ្ទៃ រដ្ឋមន្ដ្រី​ហិរញ្ញវត្ថុ​និង​ការ និង​លេខាធិការ​ប្រធានាធិបតី​ផងដែរ​៕

 ពាក្យគន្លឹះ  ឈីលីការតវ៉ា

ព័ត៌មានផ្សេងទៀត