លោកសម រង្ស៊ី អំពាវនាវឲ្យអន្តរជាតិដឹងលឺពីការវិលត្រឡប់របស់លោកទៅកម្ពុជា

30-10-2019 3:47 pm 688

សារជាវីដេអូដែលបង្ហោះកាលពីថ្ងៃទី២៩ ខែតុលា លោកសម រង្ស៊ី អតីតមេដឹកនាំ នៃអតីតគណបក្សប្រឆាំងបានថ្លែង ថា ក្រោយពីបាននិរទេសខ្លួនច្រើនឆ្នាំមកហើយ រូបលោកនឹងវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ នៅថ្ងៃ៩ វិច្ឆិកា ឆ្នាំ២០១៩នេះ។ ក្នុងសារនេះលោកសម រង្ស៊ី បង្ហាញក្ដីបារម្ភថា កងកម្លាំងរដ្ឋាភិបាលកម្ពុជានឹងចាប់ខ្លួនរូបលោក ហើយប្រើហិង្សាទៅលើមនុស្ស ដែលធ្វើដំណើរទៅជាមួយលោកផងដែរ។ ក្នុងសារជាវីដេអូដដែលនេះ លោកសម រង្ស៊ី ក៏បានបញ្ជាក់ជាថ្មី ថា គម្រោងនៃការវិលត្រឡប់ទៅកម្ពុជារបស់លោក និងអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិនាថ្ងៃទី៩ ខែវិច្ឆិកាខាងមុខនេះ គឺបំផុសឲ្យមានចលនាមហាជន ឬហៅថា“អំណាចប្រជាពលរដ្ឋ”ដោយសន្តិវិធី និងអហិង្សា។ ជាមួយគ្នានេះលោកសម រង្ស៊ី ក៏បានអំពាវនាវដល់ប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ ចូលរួមដឹងលឺចំពោះការវិលត្រឡប់ទៅកម្ពុជា របស់អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិផងដែរ។

កាលពីថ្ងៃទី២៤ ខែតុលាកន្លងទៅនេះ លោកស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា កាលពីឆ្នាំ២០១៣ លោកសម រង្ស៊ី មកកម្ពុជាដោយមានការលើកលែងទោស ដូច្នេះអ្នកគាំទ្ររបស់លោក អាចទៅទទួលលោកបាន។ ប៉ុន្តែលើកនេះខុសពីលើកមុន ពោលគឺលោកសម រង្ស៊ី មិនទាន់មានការលើកលែងទោស ពីព្រះមហាក្សត្រនោះឡើយ។ ដូច្នេះពេលលោកសម រង្ស៊ី មកដល់ប្រទេសកម្ពុជា នឹងត្រូវសមត្ថកិច្ចចាប់ខ្លួន។ លោកស ខេង បានបញ្ជាក់យ៉ាងដូច្នេះ ថា”មិនមែនដូចឆ្នាំ២០១៣ទេ ដែលគាត់(លោកសម រង្ស៉ី)មកដោយមានការលើកលែងទោស ហើយមកចូលរួមបោះឆ្នោត តាមបែបប្រជាធិបតេយ្យ ចឹងគាត់ចូលមកស្របច្បាប់ ប្រជាជនគាត់ទៅទទួលជារឿងធម្មតាអត់មានអីខុស ប៉ុន្ដែលើកនេះគាត់មកមិនមែនក្នុងន័យចឹងទេ គឺខុសគ្នាស្រឡះ”។

ចំណែកលោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ក៏បានបញ្ជាក់ដែរ ថា ប្រសិនបើមានជនបរទេសណាម្នាក់ធ្វើដំណើរចូលមកកម្ពុជា ជាមួយអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សប្រឆាំងនោះ គឺសមត្ថកិច្ចនឹងពិនិត្យ ថាតើជនបរទេសនោះមានសកម្មភាពបែបណា បើធ្វើសកម្មភាពប៉ះពាល់ដល់សន្តិសុខសង្គមនោះសមត្ថកិច្ចនឹងចាប់ខ្លួនភ្លាម។ លោកសុខ ឥសាន បានថ្លែងយ៉ាងដូច្នេះ ថា”បើកាលណាជនបរទេសមកជា មួយ យើងមើលថាតើជនបរទេសហ្នឹងកាន់ប៉ះស្ព័រមានវីសាចូល ឬអត់? បើអត់មានវីសារចូលទេ យើងដេញទៅវិញតែប៉ុណ្ណឹង ព្រោះយើងអត់ស្វាគមន៍ទេ ព្រោះអ្នកឯងមកខុសច្បាប់ តែបើថាកាតេកាតឺ ឬមួយក៏មានប្រតិកម្មអី អាហ្នឹងមានតែវ៉ៃខ្នោះ អាហ្នឹងច្បាប់អន្តរជាតិគឺវាអញ្ចឹង ព្រោះយើងជាប្រទេសឯករាជ្យ និងមានអធិបតេយ្យ ហើយតំណាងរាស្រ្តប្រទេសណាក៏ដោយ គឺធ្វើតំណាងរាស្រ្ដសម្រាប់បម្រើផលប្រយោជន៍របស់ខ្លួនទេ មិនមែនធ្វើអុកឡុកប្រទេសដទៃទេ”។

សូមជម្រាប ថា លោកស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការចាត់វិធានការច្បាប់ចំពោះសកម្មភាពទាំងឡាយណា ដែលប៉ុនប៉ងបំផ្លាញសុខសន្តិភាព ស្ថេរភាពនយោបាយ ការ ញុះញង់ឲ្យមានអំពើហិង្សា ចលនាបំបែកបំបាក់ផ្ទៃក្នុងជាតិ ឈានទៅផ្ដួលរំលំរដ្ឋាភិបាល គឺពុំមែនជាសកម្មភាពរំលោភសិទ្ធិមនុស្ស ក្នុងសង្គមប្រជាធិបតេយ្យនោះឡើយ។ លោកស ខេង បានលើកឡើងទៀតថា ការប្រកាសជាសាធារណៈ និងជាបន្តបន្ទាប់របស់លោកសម រង្ស៊ី អំពីគម្រោងផែនការដែលគេហៅថា ការវិលមកកម្ពុជាវិញនាថ្ងៃ៩ វិច្ឆិកាឆ្នាំ២០១៩ ដោយបានធ្វើការអំពាវនាវម្តងហើយម្តងទៀតឲ្យកងទព័ជាតិផ្ដាច់ខ្លួន ដើម្បីប្រឆាំងនឹងរដ្ឋាភិបាល ការបង្កើតមូលនិធិសម្រាប់ទ្រទ្រង់កងទ័ពខុសច្បាប់របស់ខ្លួន ការញុះញង់ប្រជាពលរដ្ឋឲ្យបះបោរផ្តួលរំលំរដ្ឋាភិបាល ការថ្លែងជាសាធារណៈប្រមាថមាក់ងាយព្រះមហាក្សត្រ និងទាមទារឲ្យព្រះអង្គដាក់រាជ្យ នោះគឺពិតជាពុំមែនជាសកម្មភាពដែលត្រូវប្រត្តិបត្តិជាធម្មតា ក្នុងសង្គមប្រជាធិបតេយ្យនោះឡើយ។ ហេតុនេះគម្រោងផែនការវិលចូលកម្ពុជាវិញរបស់លោកសម រង្ស៊ី និងបក្សពួកគឺជាគម្រោងនៃចលនាឧទ្ទាមសុទ្ធសាធ ហើយដែលនឹងនាំទៅដល់ការបំផ្លាញសុខសន្តិភាព និងការបំបែកបំបាក់ជាតិ ដែលអាចបង្កនូវគ្រោះមហន្តរាយធ្ងន់ធ្ងរមិនអាចប៉ាន់ស្មានបាន ចំពោះជាតិនិងប្រជាជនកម្ពុជា៕ 

ព័ត៌មានផ្សេងទៀត