លោក​ស ខេង ដាក់ចេញ​វិធានការ​៨​ចំណុច​បង្កើន​ការរក្សាសន្តិសុខថ្ងៃ​បុណ្យអុំទូក​

30-10-2019 3:16 pm 159
  ស្តាប់
ស្តាប់ជាសំឡេង

​ដើម្បី​បង្កើន​ការថែរក្សា​សុខសន្តិភាព សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម សំដៅ​បន្ត​បង្ក​បរិយាកាស​ដល់ ប្រជាជន​យើង ចូលរួម​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា និង​ព្រះរាជ​ពិធី​បុណ្យអុំទូក ប្រកបដោយ​សុខ​សុវត្ថិភាព និង​ភាព​សប្បាយរីករាយ ក្រសួងមហាផ្ទៃ បានធ្វើ​ការណែនាំ​ដល់ ប្រធាន​គណៈបញ្ជាការ ឯកភាព​រដ្ឋបាល​រាជធានី -​ខេត្ត អនុវត្ត​នូវ​វិធានការ​ចាំបាច់​ចំនួន ៨​ដូចជា​៖

១៖ អភិបាល​រាជធានី ខេត្ត និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព រដ្ឋបាល​រាជធានី ខេត្ត ត្រូវមាន​វត្ត​មាននៅ​រាជធានី ខេត្ត​សាមី ជាប់​ជាប្រចាំ ចាប់ពី​ដើម​ខែវិច្ឆិកា រហូតដល់​ពិធី​បុណ្យជាតិ ទាំងពីរ​ខាងលើ ត្រូវបាន​ប្រារព្ធ ចប់សព្វគ្រប់​។ ទន្ទឹមនេះ ត្រូវ​រៀបចំ​ចាត់ចែង​មន្ត្រី​ប្រចាំការ នៅតាម​សាលា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដើម្បី​ត្រៀមលក្ខណៈ​ដោះស្រាយ​សភាពការណ៍​ចំពោះមុខ នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។​

២៖ រាជធានី ខេត្ត​នីមួយៗ ត្រូវ​ចាត់ចែង​រៀបចំ​ពី​ធី​បុណ្យជាតិ​ខាងលើនេះ ស្របតាម​គោលការណ៍​ណែនាំ​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ ។​

៣៖ ត្រូវ​បញ្ជា ដឹកនាំ និង​សម្របសម្រួល​កងកម្លាំង​មាន​សមត្ថកិច្ច ដែល​ស្ថិតក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ដើម្បី​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា ដើរ​ទន្ទឹមនឹង​ការជំរុញ​ការចូលរួម អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព សំដៅ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​ឱ្យ​បានល្អ នៅ​គ្រប់​មូលដ្ឋាន​ទូទាំង​រាជធានី ខេត្ត​។​

៤៖ ត្រូវ​ដឹកនាំ ណែនាំ​ដល់​មេបញ្ជាការ កងកម្លាំង​មាន​សមត្ថកិច្ច​នានា ដែល​ស្ថិតក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ឲ្យ​ត្រួតពិនិត្យ​វត្តមាន​កម្លាំង​ក្រោម​ឱវាទ និង​គ្រប់គ្រង​ចាត់ចែង​ប្រើប្រាស់​កម្លាំង ស្របតាម​ផែនការ ដែល​បានកំណត់ និង​ត្រួតពិនិត្យ​ជាប្រចាំ​នូវ​ការអនុវត្ត​ផែនការ​នេះ ជាពិសេស​ការចាត់តាំង​អនុវត្តតាម​សេចក្តីណែនាំ ស្តីពី​ការរៀបចំ​ការការពារ​សុវត្ថិភាព​មន្ត្រី​ដឹកនាំ​ថ្នាក់ក្រោម​ជាតិ ។​

៥៖ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​គ្រប់​ថ្នាក់ និង​អង្គភាព​ជំនាញ​ជុំវិញ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​គ្រប់​ថ្នាក់ ត្រូវ​បង្កើន​ការគ្រប់គ្រង​វត្តមាន និង​ការបំពេញ​ការងារ​របស់​មន្ត្រីរាជការ និង​បុគ្គលិក​ក្រោម​ឱវាទ ឱ្យបាន​ហ្មត់ចត់​ស្របតាម​លិខិតបទដ្ឋាន និង​គោលការណ៍​កំណត់​។​

៦៖ ដឹកនាំ ណែនាំ​ដល់​កម្លាំង​មាន​សមត្ថកិច្ច និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ក្នុង​រាជធានី ខេត្ត​នីមួយៗ ធ្វើ​ការតាមដាន​ក្តាប់​សភាពការណ៍​សកម្ម​ភាព​ចលនា​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ ដែល​ប៉ុនប៉ង​ធ្វើ​រដ្ឋ ប្រហារ​ផ្តួលរំលំ រាជរដ្ឋាភិបាល​ស្របច្បាប់ ដើម្បី​ចាត់វិធានការ​ច្បាប់​ឱ្យបាន​ម៉ឺងម៉ាត់ និង​ត្រូវ​អប់រំ ប្រជាជន​ឱ្យ​ចៀសវៀង​ការចូលរួម​ក្នុង​សកម្មភាព​ណាមួយ នៃ​គម្រោង​ផែនការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​។​

៧៖ ដឹកនាំ ណែនាំ​ដល់​គណៈបញ្ជាការ​ក្រុង ស្រុក ខណ្ឌ ដើម្បី​ដឹកនាំ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ សង្កាត់ និង​អាជ្ញាធរ ឃុំ សង្កាត់ ភូមិ ឱ្យ​ពង្រឹង​កិច្ចសហការ​បង្កើន​ការគ្រប់គ្រង​ការចេញ​-​ចូល របស់​ប្រជាជន​ស្របតាម លិខិត បទដ្ឋាន​កំណត់ និង​គ្រប់គ្រង​មុខសញ្ញា​នានា​តាម​គោលការណ៍​ជំនាញ​។ 

៨៖ រាជធានី ខេត្ត ដែលមាន​ទូក​មក​ចូលរួម​ក្នុង​ព្រះរាជ​ពិធី​បុណ្យអុំទូក នៅ​រាជធានី​ភ្នំពេញ ត្រូវ​ចាត់តាំង​អភិបាលរង​រាជធានី ខេត្ត ០១​រូប ដើម្បី​ដឹកនាំ ចំណុះ​ទូក និង​អ្នករួមដំណើរ ដើម្បី​ធ្វើ​ការសម្របសម្រួល​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុង​ការចាត់ចែង​ទីកន្លែង​ស្នាក់នៅ ការថែរក្សា​សុខភាព អនាម័យ និង​កិច្ចសហការ​ចូលរួម​ក្នុង​ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព ក្នុង​ពិធីបុណ្យ​នេះ​៕

ព័ត៌មានផ្សេងទៀត