លោក​ត្រាំ​​អះអាងថា​​បុរស​ដែល​​គ្រោង​​ស្នង​តំណែង​​មេដឹកនាំ​​ក្រុម​IS​​ក៏​ស្លាប់​ដែរ​

30-10-2019 3:12 pm 241

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​និយាយថា បុរស​ម្នាក់​ដែល​ចាត់ទុកថា​អាច​ជំនួស​តំណែង​មេដឹកនាំ​ក្រុម​រដ្ឋ​អ៊ីស្លាម​ដែល​ទើប​ស្លាប់​ថ្មីៗ​នេះ​បាន ក៏ត្រូវ​កងទ័ព​អាមេរិក​សម្លាប់​ដែរ​។ លោក​ត្រាំ​បានបញ្ជាក់​នៅលើ​ប្រព័ន្ធ​ធ្វី​ត​ទ័​រ​កាលពី​ថ្ងៃ​អង្គារ​ថា “​មនុស្ស​ទីមួយ​ដែល​គេ​គិតថា​អាច​ជំនួស​អា​ប៊ូ បាគ័រ អាល់​បា​ដេឌី​បាន ត្រូវ​កងទ័ព​អាមេរិក​បញ្ចប់​ហើយ​។ រូបគេ​នោះ​ត្រូវ​ចាត់ទុកថា​ជា​អ្នក​ដែល​ស័ក្ដិសម​បំផុត នឹង​កាន់ដំណែង​មេដឹកនាំ​ក្រុម​រដ្ឋ​អ៊ីស្លាម ឥលូវ​នេះ​គេ​ក៏​ស្លាប់​ដែរ​។​” លោក​ត្រាំ​មិន​បានបញ្ជាក់​ឈ្មោះ​បុរស​នោះទេ តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​បាន​រាយការណ៍​ថា រូបគេ​ទំនងជា​ជំនួយការ​ជិតស្និទ្ធ​របស់​បាគ័​រអាល់​បា​ដេឌី និង​ជា​អ្នកនាំពាក្យ​ក្រុម​សកម្មប្រយុទ្ធ​ផងដែរ​។ 

​កាលពី​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​មុន​លោក​ត្រាំ​បានប្រកាស​ពី​ការស្លាប់ របស់​មេដឹកនាំ​ក្រុម​រដ្ឋ​អ៊ីស្លាម​លោក​អា​ប៊ូ បាគ័រ អាល់​បា​ដេឌី ក្នុងអំឡុងពេល​កងកម្លាំង​ពិសេស​អាមេរិក​ធ្វើ​ប្រតិ​បត្ដិការនៅ​ស៊ីរី​។ លោក​ត្រាំ​ក៏បាន​បង្ហោះ​នូវ​រូបភាព​សត្វ​សុនក​នៅលើ​ធ្វី​ត​ទ័​រ ជា​សុនក​ចូលរួម​ក្នុង​ប្រតិ​បត្ដិការស​ម្លាប់​អាល់បាដេ​ឌី​។ យោធា​អាមេរិក​បាន​និយាយថា ពួកគេ​នឹង​បង្ហាញ​វីដេអូ​នៃ​ការ​វាយឆ្មក់​របស់​ពួកគេ​ក្នុងពេល​ឆាប់ៗ​។​

​ជុំវិញ​ការ​បង្ហោះ​សារ​នៅលើ​ធ្វី​ត​ទ័​រ​កាលពី​ថ្ងៃ​អង្គារ​របស់លោក​ត្រាំ ត្រូវបាន​គេ​មើលឃើញថា​ជា​កិច្ចខិតខំ​ប្រឹងប្រែង​មួយ​របស់​អាមេរិក និង​ធ្វើឲ្យ​គេ​ចាប់អារម្មណ៍​ថា​ប្រតិបត្ដិការ​យោធា​ប្រឆាំង​ក្រុមរ​ដ្ឋ​អ៊ីស្លាម កំពុង​ទទួលជោគជ័យ​យ៉ាង​ធំធេង​បំផុត​។ ប៉ុន្ដែ​អ្នកជំនាញ​បាន​និយាយថា​ការគំរាមកំហែង​របស់​ក្រុម​នេះ នឹង​នៅតែ​បន្ដ​ដដែល​ទោះបី​បាត់បង់​មេដឹកនាំ​ហើយ​ក្ដី​។ ការវាយប្រហារ​សងសឹក​ទំនងជា​អាច​កើតមានឡើង ពី​សំណាក់​ក្រុម​អ្នក​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​ដែល​នៅ​សេសសល់ និង​ពី​សំណាក់​ក្រុម​សកម្មប្រយុទ្ធ​ផ្សេងទៀត​។ 

​សូម្បី​រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​អាមេរិក​លោក​ម៉ាក អេ​ស្ព័​រ​(Mark Esper)​បាន​ប្រាប់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទដែរថា ស្ថានភាព​សន្ដិសុខ​នៅ​ក្នុងប្រទេស​ស៊ី​រី​កំពុងតែ​ស្មុគស្មាញ​នៅឡើយ ហើយ​ស្ថានការណ៍​នេះ​ពុំទាន់​អាច​លែងដៃ​បានទេ​។ រដ្ឋាភិបាល​អាមេរិក​គ្រោង​នឹង​បើក​កិច្ចប្រជុំ​អន្ដរជាតិ​មួយ​នៅ​ខែក្រោយ ដើម្បី​ស្វែងរក​កិច្ចសហប្រតិបត្ដិការ​បង្ក្រាប​សមាជិក​ដែល​នៅ​សេសសល់​របស់​ក្រុម​សកម្មប្រយុទ្ធ​។ សម្រាប់​ប្រទេស​មួយចំនួនទៀត​បានលើកឡើង​ថា ពួកគេ​ក៏​នៅតែ​ស្ថិតក្នុង​ការប្រកាសអាសន្ន ចំពោះ​ការវាយប្រហារ​សងសឹក​ពី​ក្រុម​សកម្មប្រយុទ្ធ​ដែល​ដើរ​តាម​ក្រុម​រដ្ឋ​អ៊ីស្លាម​៕

ព័ត៌មានផ្សេងទៀត