ក្រសួងបរិស្ថាន​​​ស្រាវជ្រាវ​ពី​ផូស៊ីល​​ឈើ​​ដែល​ក្លាយជា​ថ្ម​នៅ​ដែនជម្រក​សត្វព្រៃ​លំផាត់​​

30-10-2019 2:54 pm 151

​អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន នៃ​ក្រសួងបរិស្ថាន សហការ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្ត​រតនគិរី បាន​ចុះ​ធ្វើ​ការសម្អាត​ទីតាំង​សម្រាប់ធ្វើ​កំណាយ សិក្សា​ស្រាវជ្រាវ​ផូស៊ីល​ឈើ ដែល​ស្ថិតនៅក្នុង​តំបន់ការពារធម្មជាតិ​ដែនជម្រកសត្វព្រៃ​លំផាត់ ចាប់ពី​ថ្ងៃទី​២២ ខែតុលា រហូតដល់​ថ្ងៃទី​១០ ខែវិច្ឆិកា ដោយមាន​ការចូលរួម​គាំទ្រ​ពី​អភិបាលស្រុក​លំផាត់ មេឃុំ មេភូមិ ប្រជា​សហគមន៍​តំបន់ការពារធម្មជាតិ​វាល​កំបោរ និង​កងកម្លាំងប្រដាប់អាវុធ​។​

​ក្រុមការងារ​រៀបចំ​បាន​សម្អាត​ទីតាំង និង​កន្លែង​ស្នាក់នៅ​ជា​បណ្តោះអាសន្ន ដោយមាន​ការចូលរួម​ការពារ​សន្តិសុខ​សុវត្ថិភាព ពី​មន្ត្រី​ឧទ្យានុ​រក្ស​។ ការអនុវត្ត​កំណាយ​ឈើ​ផូស៊ីល នឹង​ចាប់ផ្ដើម​ពី​ថ្ងៃទី​២៤ ខែតុលា ហើយ​និង​មានការ​សែនព្រេន​បែប​បងប្អូន​ជនជាតិដើម​ភាគតិច ដើម្បី​សុំ​សេចក្តីសុខ​សេចក្តី​សប្បាយ​។ គោលបំណង​នៃ​ការធ្វើ​កំណាយ ដើម្បី​សិក្សា​ស្រាវជ្រាវ​ប្រមូល​ទិន្នន័យ និង​សំណាក​សម្រាប់​ចងក្រង​ជា​ឯកសារ និង​អាច​ប្រែក្លាយ​តំបន់​នោះ ជា​តំបន់​ទេសចរណ៍​បែប​សិក្សា​ស្រាវជ្រាវ​ដល់​សិស្ស និស្សិត ដែល​អាចជា​ប្រយោជន៍​បង្កើន​ជីវភាព​ប្រជាពលរដ្ឋ​។​

​ក្រុមការងារ នាយកដ្ឋាន​តំបន់​បេតិកភណ្ឌ បានធ្វើ​កំណាយ​ស្រាវជ្រាវ ពី​ផូស៊ីល​ឈើ​ដែល​ក្លាយជា​ថ្ម នៅ​ដែនជម្រកសត្វព្រៃ​លំផាត់ ខេត្ត​រតនគិរី ដោយមាន​ការចូលរួម​ពី​អ្នកបច្ចេកទេស​ពី រាជបណ្ឌិតសភា​កម្ពុជា ក្រសួង​វប្បធម៌ អ្នកស្រាវជ្រាវ​សត្វ អ្នក​ធរណីវិទ្យា ក្រុមការងារ​ស្ម័គ្រចិត្ត និង​មន្ត្រី​ឧទ្យានុ​រក្ស ។​ជា​លទ្ធផល​ក្រុមការងារ បាន​រកឃើញ​ផូស៊ីល​ឈើ​មួយ​ដើម​ដែល​នៅមាន​រូបរាង​ជា​ដើមឈើ មាន​ប្រវែង​១៣​ម៉ែត្រ កំពុង​បន្ត​ពិនិត្យ​ទីតាំង​ផូស៊ីល​ឈើ ១៨​ដើម​ទៀត​៕

ព័ត៌មានផ្សេងទៀត