លោក​ហ៊ុន សែន​៖ ពិ​ព័​រណ៌ការ​ងារ​ជា​ឱកាស​ដ៏​ល្អ​បំផុត​សម្រាប់​យុវជន​រក​ការងារ​ធ្វើ​

30-10-2019 12:22 pm 147

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​អំពាវនាវ​ដល់​យុវជន ដែល​កំពុង​រក​ការងារ​ធ្វើ អាច​ចូលរួម​ក្នុង​មហា​ព្រឹត្តិការណ៍​ការងារ​ប្រចាំឆ្នាំ នៅ​ដើម​ខែ​វិច្ឆិកា​ខាងមុខនេះ ដែល​អាច​នឹង​ផ្តល់​ឱកាស​ដល់​យុវជន​ទាំង​នោះ ទទួលបាន​ការងារ​ធ្វើ​។ ដោយៈ​សៅ វិសាល​

​តាមរយៈ​ទំព័រ​ហ្វេ​សប៊ុក លោកនាយក​រដ្ឋមន្ត្រី មានប្រសាសន៍​បញ្ជាក់​ថា ចាប់ពី​ថ្ងៃ​ទី​០២-០៣ ខែវិច្ឆិកា ឆ្នាំ​២០១៩​ខាងមុខនេះ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នឹង​រៀបចំ​"​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ប្រចាំឆ្នាំ​២០១៩" នៅ​មជ្ឍមណ្ឌល​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។ នេះ​ជា​ឱកាស​ដ៏​ល្អ​បំផុត សម្រាប់​យុវជន​ដែល​កំពុង​រក​ការងារ​ធ្វើ​។ ឱកាស​ការងារ​ល្អៗ​គ្រប់​ប្រភេទ​ជាង ២ ម៉ឺន​កន្លែង ពី​ក្រុមហ៊ុន​ធំៗ​ជាង ១៥០ កំពុង​រងចាំ​យុវជន យុវនារី ក៏ដូចជា​និស្សិត​របស់​យើង នៅក្នុង​ពិ​ព័​រណ៌​ការងារ​ប្រចាំ​ឆ្នាំ​នេះ​។​

​ប្រមុខ​រដ្ឋាភិបាល មានប្រសាសន៍​បន្ត​ថា នេះ​ជា​គោលនយោបាយ របស់​រាជរដ្ឋាភិបាល ស្តីពី មុខរបរ និង​ការងារ ក្នុង​គោលដៅ​ធ្វើឲ្យ​ប្រសើរឡើង នូវ​ដំណើរការ​ទីផ្សារការងារ កាត់បន្ថយ​ភាពមិន​ស៊ីគ្នា​រវាង​តម្រូវការ និង​ការ ,​ផ្គត់ផ្គង់​កម្លាំង​ពលកម្ម ,​បង្កើន​ប្រសិទ្ធភាព​ទីផ្សារការងារ​, អប់រំ​បណ្តុះបណ្តាល​ជំនាញ​,​និង​ការផ្តល់​នូវ​ព័ត៌មាន​ទីផ្សារការងារ​ជាដើម ដើម្បី​ទទួលបាន​ការងារ​សម​រ​ម្យ​, បង្កើន ប្រាក់ ចំណូល លើកកម្ពស់​ជីវភាព និង​ឈាន​ទៅ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។​

​លោកនាយក​រដ្ឋមន្ត្រី មានប្រសាសន៍​ទៀត​ថា ក្មួយៗ​យុវជន យុវនារី​អាច​ត្រៀម CV និង​រៀបចំ​ខ្លួន​ដើម្បី​ដាក់​ពាក្យ និង​សម្ភាសន៍​ភ្លាមៗ​នៅ​កន្លែង​តែង​ម្តង នៅក្នុង​ពិ​ពរ​ណ៌​ការងារ​នោះ​។ សូម​ជូនពរ​ក្មួយៗ​យុវជន​ទទួលបាន​ការងារ​ធ្វើ​គ្រប់ៗ​គ្នា​៕

ព័ត៌មានផ្សេងទៀត