ស្ដេច​ថៃ​​បណ្ដេញ​​មន្ដ្រី​បួនរូប​ទៀត​​ចេញពី​តំណែង​​ដោយសារ​​ប្រព្រឹត្ដ​មិនគ​ប្បី​

30-10-2019 11:16 am 483
មហាក្សត្រថៃព្រះបាទម៉ាហា វ៉ាជីរ៉ាឡុងកន

មហាក្សត្រ​ថៃ​ព្រះបាទ​ម៉ា​ហា វ៉ា​ជី​រ៉ា​ឡុងកន បានចេញ​បញ្ជា​ឲ្យ​ដក​មន្ដ្រី​បួនរូប​ទៀត​ចេញពី​តំណែង​។ នេះ​បើតាម​ការប្រកាស​របស់​ព្រះបរមរាជវាំង​កាលពី​ថ្ងៃ​អង្គារ ជា​ករណី​ថ្មី​មួយទៀត​បន្ទាប់ពី​ព្រះអង្គ​បាន​បណ្ដេញ​មន្ដ្រី​៦​នាក់​ចេញពី​ព្រះបរមរាជវាំង​កាលពី​សប្ដាហ៍​មុន​។ នៅក្នុង​សេចក្ដីប្រកាស​បញ្ជាក់ថា មន្ដ្រី​ក្នុង​វាំង​ពីររូប​ជា​អង្គរក្ស​យាម​បន្ទប់ ត្រូវបាន​បណ្ដេញចេញ​ដោយសារតែ​ប្រព្រឹត្ដ​អំពើ​មិន​គប្បី និង​អំពើ​ផិតក្បត់​ចាត់ទុកថា​រំលោភ​លើ​ច្បាប់​។ 

​ដោយឡែក​មន្ដ្រី​ពីរ​នាក់​ទៀត​ជា​យោធា ត្រូវបាន​បណ្ដេញ​ចេញពី​ការងារ​ដោយសារ​មាន​ឥរិយាបថ​ឆ្មើង​ឆ្មៃ មិន​ស័ក្ដិសម​នឹង​តួនាទី​ក្នុងនាម​ជា​បុគ្គលិក​យាម​នៅ​រាជ​វាំង​។ មន្ដ្រី​ទាំង​បួនរូប​ត្រូវបាន​ដកហូត​តំណែង និង​ឋានៈ​របស់​ពួកគេ​ជា​ផ្លូវការ​តែម្ដង​។ 

​គួរ​បញ្ជាក់ថា ចាប់តាំងពី​ឡើង​គ្រងរាជ្យ​បន្ទាប់ពី​បិតា​សោយ​ទិវង្គត​ក្នុង​ឆ្នាំ​២០១៦ ព្រះបាទ​ម៉ា​ហា វ៉ា​ជី​រ៉ា​ឡុងកន​បាន​បង្ហាញឲ្យឃើញថា ទ្រង់​ជា​ក្សត្រ​ដែល​ប្រកាន់យក​រដ្ឋធម្មនុញ្ញ​ជាធំ​។ ព្រះអង្គ​បាន​គ្រប់គ្រង​រាជកិច្ច​ដោយផ្ទាល់ និង​បាន​ផ្ទេរ​អង្គភាព​យោធា​ចំនួន​ពីរ ឲ្យ​ស្ថិតក្រោម​ការគ្រប់គ្រង​ដោយផ្ទាល់​របស់​ទ្រង់​ផងដែរ​៕

ព័ត៌មានផ្សេងទៀត