ទីបំផុត​​អង់គ្លេស​​សម្រេចយក​​ថ្ងៃទី​១២​ធ្នូ​​សម្រាប់​ការបោះឆ្នោត​​មុន​កំណត់​

30-10-2019 8:50 am 206

​ចក្រភព​អង់គ្លេស​បានកំណត់​យក​ថ្ងៃទី​១២​ខែធ្នូ​ខាងមុខ ដើម្បី​រៀបចំ​ការបោះឆ្នោត​ជា​សកល​មុន​កំណត់​មួយ បន្ទាប់ពី​សមាជិកសភា​គាំទ្រ​លើ​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការបោះឆ្នោត​មុន​កំណត់​នេះ​។ លទ្ធផល​នៃ​ការបោះឆ្នោត​មុន​កំណត់ ទទួលបាន​បន្ទាប់ពី​អង់គ្លេស​ជួប​ភាពជាប់គាំង​ជាច្រើន​ខែ ជុំវិញ​ការដើរ​ចេញពី​សហភាព​អឺរ៉ុប ដែល​អឺរ៉ុប​ទើប​ឯកភាព​ឲ្យ​ពន្យារពេល​ចាកចេញ​បី​ខែ​។ 

​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការស្នើសុំ​ឲ្យ​បោះឆ្នោត​មុន​កំណត់ ត្រូវបាន​លោក​នាយករដ្ឋមន្ដ្រី​អង់គ្លេស​បូរី​ស ច​ន​សុន​ដាក់​ទៅ​រដ្ឋសភា ហើយក៏​មាន​ការបោះឆ្នោត​សម្រេច​កាលពី​ថ្ងៃ​អង្គារ ទទួលបាន​សំឡេងគាំទ្រ​៤៣៨​ទល់នឹង​២០​។ គណបក្សប្រឆាំង​បានសម្រេច​គាំទ្រ​ផែនការ​បោះឆ្នោត​មុន​កំណត់​នេះ បន្ទាប់ពី​សហភាព​អឺរ៉ុប​ពន្យារពេល​ឲ្យ​អង់គ្លេ​សពី​ថ្ងៃទី​៣១​ខែតុលា រហូតដល់​ថ្ងៃទី​៣១​ខែមករា​ឆ្នាំ​២០២០ ជា​ពេល​ត្រូវ​ផ្ដាច់ខ្លួន​ពី​អឺរ៉ុប​។​

​មេដឹកនាំ​គណបក្ស​ពលករ​លោកជេរេ​មី ខ​ប៊ីន​(Jeremy Corbyn) បាន​និយាយថា ការបោះឆ្នោត​នេះ​គឺជា​ការផ្ដល់​ឱកាស​ដើម្បី​ផ្លាស់ប្ដូរ​ប្រទេស ហើយក៏​ផ្ដល់ឱកាស​ដើម្បី​ចាប់យក​ផលប្រយោជន៍​ប្រជាជន​ត្រឡប់មកវិញ​។ លោក​បញ្ជាក់បន្ថែម​ថាគ​ណ​បក្ស​របស់លោក នឹង​ចាប់ផ្ដើម​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ប្រកបដោយ​មហិច្ឆតា សម្រាប់​ការផ្លាស់ប្ដូរ​ពិតប្រាកដ​ដែល​អង់គ្លេស​មិន​ធ្លាប់មាន​។ ប៉ុន្ដែ​សមាជិកសភា​មួយចំនួន​នៃ​គណបក្ស​ពលករ ក៏​សម្ដែង​ការមិនពេញចិត្ដ​ចំពោះ​ពេលវេលា​នៃ​ការបោះឆ្នោត​ដែរ ដោយ​ជឿជាក់ថា​មានតែ​ការធ្វើប្រជាមតិ​ប៉ុណ្ណោះ អាចជួយ​ដោះស្រាយ​ការចាកចេញ​របស់​អង់គ្លេស​ពី​អឺរ៉ុប​បាន​(Brexit)​។​

​សម្រាប់​គណបក្ស​អភិរក្ស​របស់លោក​បូរី​ស ច​ន​សុន សង្ឃឹមថានឹង​ប្រមូលបាន​ការគាំទ្រ​ពី​សាធារណជន ដើម្បី​ឈ្នះ​សំឡេង​ភាគច្រើន​នៅក្នុង​ការបោះឆ្នោត ដូច្នេះ​អង់គ្លេស​អាច​ចាកចេញ​ពី​អឺរ៉ុប​បាន​កាន់តែ​ឆាប់​។ លោក​ច​ន​សុន​ក៏​រំពឹងថា​ការបោះឆ្នោត​នឹង​ផ្ដល់ឲ្យ​លោក​នូវ​អាណត្ដិ​ថ្មី ដើម្បី​បំបែក​ភាពជាប់គាំង​នា​ពេលបច្ចុប្បន្ន​។ លោក​សង្កត់ធ្ងន់ថា​វា​ជា​ពេលដែល​ត្រូវ​រួបរួមគ្នា ធ្វើឲ្យ​ការចាកចេញ​របស់​អង់គ្លេស​ប្រ​ព្រឹត្ដ​ទៅដោយ​ជោគជ័យ​។​

​សូមបញ្ជាក់ថា ប្រសិន​មាន​ការបោះឆ្នោត​កើតឡើង​តាម​កំណត់ នោះ​នឹងមាន​យុទ្ធនាការ​ឃោសនាបោះឆ្នោត​រយៈពេល​៥​សប្ដាហ៍​គិតដល់​ថ្ងៃ​បោះឆ្នោត​។ ការបោះឆ្នោត​មុន​កំណត់​នេះ​ទំនងជា​ធ្វើឲ្យមាន​ការជជែក​ជា​សាធារណៈ​ឡើងវិញ ថា​តើ​ចក្រភព​អង់គ្លេស​គួរតែ​ចាកចេញ​ពី​សហភាព​អឺរ៉ុប​ឬក៏​អត់​៕

ព័ត៌មានផ្សេងទៀត