អាមេរិក​​នៅតែ​​ប្រកាសអាសន្ន​​ពី​ក្រុម​រដ្ឋ​អ៊ីស្លាម​ទោះ​មេដឹកនាំ​​ពួកគេ​ស្លាប់​

29-10-2019 4:23 pm 203
  ស្តាប់
រដ្ឋមន្ដ្រីការពារជាតិអាមេរិក(រូបធំ) និងមេដឹកនាំក្រុមIS(រូបតូច)
ស្តាប់ជាសំឡេង

​មន្ដ្រី​នៃ​ក្រសួង​ការពា​ជាតិ​អាមេរិក​នៅតែ​បន្ដ​ប្រកាសអាសន្ន​ដដែល ពាក់ព័ន្ធ​នឹង​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម ទោះបីជា​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ បានប្រកាសថា​មេដឹកនាំ​ក្រុម​នេះ​បាន​ស្លាប់បាត់​បង់ជីវិត​ហើយ​ក្ដី​។ លោក​ត្រាំ​បញ្ជាក់​កាលពី​ចុង​សប្ដាហ៍​មុន​ថា មេដឹកនាំ​ក្រុម​រដ្ឋ​អ៊ីស្លាម​ឈ្មោះ អា​ប៊ូ​បាក អាល់​បា​ដេឌី​(Abu Bakr al-Baghdadi) បាន​បំផ្ទុះ​គ្រាប់បែក​សម្លាប់​ខ្លួនឯង​ក្នុងអំឡុងពេល​កងទ័ព​ពិសេស​អាមេរិក ធ្វើ​ប្រតិ​បត្ដិការនៅ​ភាគ​ពាយព្យ​ប្រទេស​ស៊ីរី​។​

​រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​អាមេរិក​លោក​ម៉ាក អេ​ស្ព័​រ​(Mark Esper)​បាន​ប្រាប់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​ថា ស្ថានភាព​សន្ដិសុខ​នៅ​ក្នុងប្រទេស​ស៊ី​រី​កំពុងតែ​ស្មុគស្មាញ​នៅឡើយ ហើយ​ស្ថានការណ៍​នេះ​នៅ​ពុំទាន់​អាច​លែងដៃ​បានទេ​។ លោក​បន្ថែមថា បេសកកម្ម​ធំ​បំផុត​របស់​យោធា​អាមេរិក​នៅ​ស៊ី​រី គឺ​ដើម្បី​ធានាថា​ក្រុម​រដ្ឋ​អ៊ីស្លាម​ពិតជា​ត្រូវ​បរាជ័យ​ជា​រៀងរហូត​។ រដ្ឋាភិបាល​អាមេរិក​គ្រោង​នឹង​បើក​កិច្ចប្រជុំ​អន្ដរជាតិ​មួយ​នៅ​ខែក្រោយ ដើម្បី​ស្វែងរក​កិច្ចសហប្រតិបត្ដិកា​រដក​សមាជិក​ដែល​នៅ​សេសសល់​របស់​ក្រុម​សកម្មប្រយុទ្ធ​។ សម្រាប់​ប្រទេស​មួយចំនួន​បាន​លើកឡើងថា ពួកគេ​ក៏​នៅតែ​ស្ថិតក្នុង​ការប្រកាសអាសន្ន​ដដែល ចំពោះ​ការវាយប្រហារ​សងសឹក​ពី​ក្រុម​សកម្មប្រយុទ្ធ​ដែល​ដើរ​តាម​ក្រុម​រដ្ឋ​អ៊ីស្លាម​។​

​គួរ​ជម្រាបជូន​ថា កងកម្លាំង​ពិសេស​អាមេរិក​បាន​បើក​ប្រតិបត្តិការ​យោធា​ប្រមាញ់​លោក​Abu Bakr al-Baghdadi កាលពី​យប់​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​។ លោក​Abu Bakr al-Baghdadi មានឈ្មោះ​ពិត​ថា Ibrahim Awad al-Badri បាន​ដឹកនាំ​ក្រុម​សកម្មប្រយុទ្ធ​ប្រឆាំងនឹង​រដ្ឋាភិបាល​តាំងពី​ឆ្នាំ​២០១០ នៅពេលដែល​លោក​ជា​មេដឹកនាំ​ក្រុម​អាល់​កៃ​ដា​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​។ អាល់​កៃ​ដា​ជា​ក្រុម​មួយ​ក្នុងចំណោម​ក្រុម​ដែល​បាន​រួមបញ្ចូល​គ្នា​ជាមួយ​ក្រុម​រដ្ឋ​អ៊ីស្លាម​ឬ​IS ហើយ​បាន​លេចធ្លោ​ឡើង​កំឡុងពេល​មាន​ការប៉ុនប៉ង​រួមបញ្ចូល ជាមួយ​រណសិរ្ស​Al-Nusra​នៅក្នុង​ប្រទេស​ស៊ី​រី​។ 

Abu Bakr al-Baghdadi​ដែលមាន​វ័យ​៥០​ឆ្នាំ​រូបនេះ ត្រូវគេ​សន្និដ្ឋានថា​បាន​លាក់ខ្លួន​ជាច្រើន​ឆ្នាំ​មកហើយ នៅតាម​បណ្តោយ​ព្រំដែន​ស៊ី​រី​និង​អ៊ីរ៉ាក់​ដែលជា​ប្រទេស​កំណើត​។ នៅ​ខែតុលា​ឆ្នាំ​២០១១​សហរដ្ឋអាមេរិក​បាន​ចាត់ទុក​លោក​ជា​ភេរ​វករ​ជា​ផ្លូវការ និង​ប៉ុនប៉ង​តាម​ចាប់ខ្លួន​ព្រមទាំង​ប្រកាស​ផ្តល់​រង្វាន់​១០​លាន​ដុល្លារ សម្រាប់​អ្នក​ផ្តល់ព័ត៌មាន​ពី​កន្លែង​លាក់ខ្លួន ឬ​មរណភាព​របស់​Abu Bakr al-Baghdadi​។ តែ​ទីបំផុត​Abu Bakr al-Baghdadi បានធ្វើ​អត្ថ​ឃាត​ខ្លួនឯង​នៅពេលរ​ត់ដល់​ផ្លូវ​ទ័ល​ក្នុង​រូង​ក្រោម​ដី ខណៈ​រត់គេច​ពី​ការ​ប្រមាញ់​របស់​កងទ័ព​អាមេរិក​។ ការ​ហ៊ាន​អះអាង​ពី​ការស្លាប់​របស់​មេដឹកនាំ​ក្រុម​រដ្ឋ​អ៊ីស្លាម​រូបនេះ ដោយ​យោងទៅលើ​ការពិនិត្យ​DNA​បង្ហាញថា​ពិតជា​រូបគេ​ប្រាកដ​មែន​៕

ព័ត៌មានផ្សេងទៀត