គិត​ត្រឹម​ថ្ងៃនេះ​ដំណាំ​ស្រូវ​ខូចខាត​ជាង​៥​ម៉ឺន​ហិកតា​នៅ​ទូទាំង​ប្រទេស​

29-10-2019 11:08 am 373

​គិត​ត្រឹម​ថ្ងៃទី ២៥ កញ្ញា ឆ្នាំ ២០១៩ តាម​ការវាយតម្លៃ ដំណាំ​ស្រូវ​ខូចខាត​សរុប​ចំនួន​៥៦ ៥៣៦ ហិកតា ដោយសារ​គ្រោះធម្មជាតិ ការ​រាតត្បាត​ពី​សត្វល្អិត​ចង្រៃ ការ​កើត​ជំងឺ​ផ្សេងៗ​លើ​ដំណាំ​កសិកម្ម  ស្មើនឹង ១៥,២០%  នៃ​ផ្ទៃដី​ផលប៉ះពាល់​ចំនួន ៣៧១ ៩៥១ ហិកតា ឬ ស្មើនឹង ២,១៥% នៃ​ផ្ទៃដី​ដំណាំ​ស្រូវ​អនុវត្ត​បាន​ទូទាំងប្រទេស ខណៈ​ផ្ទៃដី​ដំណាំ​ស្រូវ​ដែល​បាន​ស្ដារឡើងវិញ​សរុប​ចំនួន ១៧ ១៨៩ ហិកតា ស្មើនឹង ២៤,២៦% នៃ​ផ្ទៃដី​ខូចខាត​។​

​ការបង្កបង្កើន​ផល​ស្រូវ​រដូវវស្សា​នៅ​ទូទាំង​ប្រទេស​សម្រេច​បាន​ចំនួន ២ ៦២៦ ៤៦០ ហិកតា ស្មើនឹង ១០១,៥៦%  នៃ​ផែនការ ២ ៥៨៦ ១៥២ ហិកតា ក្នុង​ការប្រើប្រាស់​គ្រឿងយន្ត សម្រាប់​ការរៀបចំ​ដី​ផលិតកម្ម​ដំណាំ​ស្រូវ​រដូវវស្សា​គឺ​ស្មើនឹង ៩៨,៨២% ធៀប​នឹង​ការប្រើប្រាស់​ដោយ​គោក្របី​មាន ១,១៨% ខណៈ​ដំណាំ​ស្រូវ​ខូចខាត​សរុប​ចំនូ​ន ៥៦ ៥៣៦ ហិកតា នៃ​ផ្ទៃដី​ដំណាំ​ស្រូវ​អនុវត្ត​បាន​ទូទាំងប្រទេស​។​

​ក្រសួង​កសិកម្ម​បាន​និង​កំពុង​ជំរុញ​អង្គភាព​ជំនាញ ពិសេស​មន្ទីរ​កសិកម្ម​រាជធានី ខេត្ត យកចិត្តទុកដាក់​ចំពោះ​យន្តការ​បទដ្ឋាន​បច្ចេក​ទេស​សំខាន់ៗ និង​សហការ​ចុះ​អន្តរាគមន៍​ទាន់ពេលវេលា​ក្នុង​ការតាមដាន​វាយតម្លៃ ផលប៉ះពាល់ ការខូចខាត​ដោយ​គ្រោះធម្មជាតិ និង ត្រៀមលក្ខណៈ​នៅពេល​កសិករ​ទទួលរ​ង​នូវ​ផល​ប៉ះពាល់​ផ្សេងៗ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា បរិមាណ​នាំចេញ​អង្ករ​ក្នុង​ឆ្នាំ ២០១៩ បាន​ចំនូ​ន ៣៩៨ ៥៨៦ តោន មាន​ការកើនឡើង​ចំនូ​ន ៩ ៣២២ តោន ស្មើនឹង +២,៣% ធៀប​នឹង​ការនាំំ​ចេញ​ឆ្នាំ ២០១៨​។ គិត​ត្រឹម​ខែ កញ្ញា ឆ្នាំ​២០១៩​នេះ កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅកាន់​ប្រទេស​ចំនួន ៥៣ ក្នុង​នោះ​ប្រទេស​ចិន​លំដាប់​ទី​១ (១៥៧ ៧៩៣​តោន​) ប្រទេស​បារាំង​លំដាប់​ទី​២ (៥៣ ៧២៣​តោន​) ប្រទេ​សហ្កា​បុង​លំដាប់​ទី​៣ (២១ ៦៨២​តោន​)  ប្រទេស​ម៉ាឡេស៊ី​លំដាប់​ទី​៤ (២០ ៥៩៩​តោន​) ប្រទេស​ប្រ៊ុយណេ​លំដាប់​ទី​៥ (១៦១២៧ តោន​) ប្រទេស​ណេ​ដឺ​ឡែ​ន​លំដាប់​ទី​៦ (១៤ ៧២៥​តោន​) ប្រទេស​អូស្ត្រាលី​លំដាប់​ទី​៧ (១៤ ៥១៩ តោន​) ប្រទេស​អេស​ស្ប៉ាញ​លំដាប់​ទី​៨ (១០ ០៨៩​តោន​) ប្រទេស​អង់គ្លេស​លំដាប់​ទី​៩ (៩ ៥៧៩​តោន​) និង​ប្រទេស​វៀតណាម​លំដាប់​ទី​១០ (៨ ៦០៥​តោន​) ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន ដែល​បាន​នាំចេញ​អង្ករ​មាន​ចំនួន ៧៩ ក្រុមហ៊ុន​៕

ព័ត៌មានផ្សេងទៀត