លោកគឹម សុខជំរុញឲ្យលោកសម រង្ស៊ីក្លាហានហ៊ានវិលចូលស្រុកដូចការសន្យា

29-10-2019 10:48 am 5954

លោកគឹម សុខ អ្នកវិភាគបញ្ហាសង្គម និងនយោបាយ និងកំពុងរត់គេចខ្លួននៅក្រៅប្រទេសផងនោះ បានសរសេរនៅលើហ្វេសប៊ុករបស់ ខ្លួន កាលពីថ្ងៃទី២៨ ខែតុលា ថា ជាមេដឹកនាំនយោបាយជួរមុខលោកសម រង្ស៊ី ត្រូវពង្រឹងសេចក្ដីក្លាហានខ្ពស់ជាងអ្នកណាទាំងអស់ ទិញសំបុត្រយន្តហោះចូលកម្ពុជាតែម្ដង។ បើចុះចតត្រឹមថៃលោកសម រង្ស៊ី ក៏ត្រូវប្តេជ្ញា ដើរឆ្លងព្រំដែនចូលប្រទេសកម្ពុជាដែរ ហើយកុំគ្រាន់តែទៅតំបន់ជិតៗព្រំដែន ថ្លែងមួយប្រាវលើទឹកដីថៃ រួចត្រឡប់ទៅបារាំងវិញ។

អ្នកវិភាគរូបនេះ បានសរសេរបន្ត ថា ការប្រកាសចូលស្រុកថ្ងៃ៩វិច្ឆិកា គួរតែជាការសន្យារបស់មនុស្សចាស់ឬអ្នកនយោបាយគំរូជាន់ខ្ពស់ ពុំមែនជាសម្ដីកូនក្មេងឬអ្នករត់តាមនយោបាយ ដែលគ្រាន់តែនឹកឃើញអ្វីថាហ្នឹងឲ្យតែរួចពីមាត់នោះទេ។ សម្ដីសន្យារបស់មនុស្សចាស់ឬអ្នកនយោបាយគំរូជាន់ខ្ពស់ គឺការថ្លែងអំពីផែនការភ្ជាប់នឹងហេតុផលនិងការប្ដេជ្ញាធ្វើ ទាំងអាចប្រមើលដឹងជាមុនច្រើនបំផុត នូវឧបសគ្គដែលនឹងកើតចំពោះមុខ។

ជាមួយគ្នានេះលោកគឹម សុខ ក៏បានលើកឡើងនូវហានិភ័យចំនួន៥ចំណុច ប្រសិនបើលោកសម រង្ស៊ី មិនព្រមវិលត្រឡប់ទៅកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកាខាងមុខ រួមមានដូចជា៖ទី១.នយោបាយថ្លែងដណ្ដើមគុណសម្បត្តិតែឯង តាមវិធីចាំត្រងស្ថានការណ៍វិវត្តន៍ ក្រោមនីតិវិធីនៃសម្ពាធសហគមន៍អន្តរជាតិ លើរដ្ឋាភិបាលលោកហ៊ុន សែន ក៏លែងសម។ ទី២.នយោបាយងាកទៅសម្រ្ះសម្រួលបង្រួបបង្រួមផ្ទៃក្នុង ក៏នឹងក្លាយទៅជារឿង កាន់តែចម្រូងចម្រាសស្មុគស្មាញបំផុត។ ទី៣.នយោបាយចង់ក្លាយជាភាគីជជែក ក្នុងករណីមានការចរចា ក្រោមការវែកផ្លូវរបស់សហគមន៍អន្តរជាតិ ក៏អាចនឹងនៅឆ្ងាយពីឈ្មោះលោកសម រង្ស៊ី។ ទី៤.រដ្ឋាភិបាលលោក ហ៊ុន សែន មានឱកាសកាន់តែធំ ព្យាយាម បិទផ្លូវនយោបាយរបស់លោកសម រង្ស៊ី ស្ទើរតែជិតស្លុង និងបោះនុយដោះដូរនយោបាយដូចមុន ដល់លោកសម រង្ស៊ី។ និងទី៥.រឿងធំបំផុត ស្មារតីរបស់អ្នកគាំទ្រនៅមូលដ្ឋាន នឹងធ្លាក់ទ្រោមជាលំដាប់ ដែលទ្រោមព្រោះពួកគាត់ផ្ទាល់ នឹងរសាយចិត្តខ្សោះជំនឿលើលោក សម រង្ស៊ី ដែលលេងតែល្បែងសន្យាចោលរឿងចូលស្រុក និងទ្រោមព្រោះគណបក្សប្រជាជនកម្ពុជា បានជាហេតុផលយ៉ាងសម បង្កើនយុទ្ធនាការវាយបំបាក់ទឹកចិត្តរាល់ថ្ងៃ។

កាលពីពេលថ្មីៗនេះ កញ្ញាកឹម មនោវិទ្យា កូនស្រីរបស់លោកកឹម សុខា ក៏បានរិះគន់គម្រោងនៃការវិលត្រឡប់របស់លោកសម រង្ស៊ី មកកម្ពុជាថា គ្រាន់តែចង់បានចំណាប់អារម្មណ៍តែប៉ុណ្ណោះ ហើយថា ឆាកជីវិតនយោ បាយរបស់លោកសម រង្ស៊ី ជាសហស្ថាបនិកអតីតគណបក្សសង្គ្រោះជាតិគឺចប់អស់ហើយ ដោយសារតែលោកខ្វះការប្តេជ្ញាចិត្ត ធ្វើការសម្រេចចិត្តភ្លាមៗបែបអត្តនោម័ត ហើយសំខាន់ជាងនេះទៅទៀត គឺខ្វះទស្សនៈវិស័យបែបយុទ្ធសាស្ត្រ៕ 

ព័ត៌មានផ្សេងទៀត