អ៊ីរ៉ាក់​​ប្រកាស​​ដាក់​បម្រាម​​គោចរ​​ក្នុង​រដ្ឋធានី​​បន្ទាប់ពី​​ផ្ទុះ​ការតវ៉ា​​ដោយ​ហិង្សា​​ជាថ្មី​

29-10-2019 10:22 am 163
រូបភាព​ប្រជាជនអ៊ីរ៉ាក់កំពុងតវ៉ា

​អាជ្ញាធរ​អ៊ីរ៉ាក់​កាលពី​ថ្ងៃ​ចន្ទ​បានប្រកាស​ដាក់​បម្រាម​គោចរ​នៅ​ពេលយប់​ក្នុង​ទីក្រុង​បា​ដា​ដ បន្ទាប់ពី​មាន​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​កើតឡើង​ជាថ្មី​។ រថយន្ដ​និង​ការ​ថ្មើរជើង​នឹងត្រូវ​ហាមឃាត់ ចន្លោះ​ពី​ម៉ោង​១២​ពាក់កណ្ដាល​អធ្រាត្រ​ដល់​ម៉ោង​៦​ព្រឹក ដែល​បម្រាម​គោចរ​នេះ​នឹងដាក់​រហូតដល់​មាន​ការជូនដំណឹង​ជាថ្មី​។ ការប្រកាស​នេះដែរ​ធ្វើឡើង​បន្ទាប់ពី​ក្រុម​តវ៉ា​៥​នាក់​បាន​ស្លាប់ នៅក្នុង​ការប៉ះទង្គិច​ជាថ្មី​ក្នុង​ទីក្រុង​បា​ដា​ដ​កាលពី​ថ្ងៃ​ចន្ទ​។​

​តាម​របាយការណ៍​បាន​បញ្ជាក់ថា ក្រុមបាតុករ​រាប់ពាន់នាក់​ក្នុងនោះ​មាន​សិស្សសាលា​ជាច្រើន​ផង បាននាំគ្នា​ប្រឆាំងនឹង​បម្រាម​គោចរ ដោយ​ប្ដេជ្ញា​ថា​ពួកគេ​នឹង​បន្ដ​តវ៉ា​នៅក្នុង​ទីក្រុង​។ បើ​គិត​តាំងពី​មាន​ការតវ៉ា​ចាប់ផ្ដើម​កាលពី​ថ្ងៃទី​០១​តុលា មាន​មនុស្ស​ជាង​២២០​នាក់​ហើយ​បាន​ស្លាប់បាត់​បង់ជីវិត​។ ប្រជាជន​អ៊ីរ៉ាក់​នាំគ្នា​តវ៉ា​ទាមទារ​ឲ្យ​បង្កើត​ការងារ​បន្ថែម ឲ្យ​បញ្ចប់​អំពើពុករលួយ និង​ធ្វើកំណែទម្រង់​សេវាសាធារណៈ​។​

​នាយករដ្ឋមន្ដ្រី​អ៊ីរ៉ាក់​លោក​អាឌែល អាប់​ឌុល ម៉ាហ៍​ឌី បាន​សន្យា​នឹង​បន្ដ​ធ្វើកំណែទម្រង់ ប៉ុន្ដែ​ក្រុម​តវ៉ា​នៅតែ​ទទូច​ចង់​ដក​រដ្ឋាភិបាល​របស់លោក​ចេញពី​តំណែង​។ បន្ទាប់ពី​មាន​រលក​បាតុកម្ម​ជា​លើកដំបូង​នេះ លោក​នាយករដ្ឋមន្ដ្រី​ក៏​សន្យា​នឹង​រុះរើ​គណៈរដ្ឋមន្ដ្រី ព្រមទាំង​កាត់​ប្រាក់ខែ​មន្ដ្រីជាន់ខ្ពស់​ថែមទៀត​។ លោក​នឹង​ត្រៀម​ថវិកា​ចំនួន​៦៦​លាន​ដុល្លារ ជួយ​ដល់​អ្នក​អត់​ការងារ​ធ្វើ​និង​បង្កើត​កម្មវិធី​បណ្ដុះបណ្ដាល​ដល់​យុវជន ហើយ​សាងសង់​ផ្ទះ​១​សែន​ខ្នង​នៅក្នុង​តំបន់​ក្រីក្រ​៕

ព័ត៌មានផ្សេងទៀត