លោក​ហ៊ុន សែន ថ្វាយព្រះពរ​ព្រះមហាក្សត្រ​ខួប​១៥​ឆ្នាំ​នៃ​ការគ្រងរាជ្យសម្បត្តិ​

29-10-2019 9:01 am 140

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងឱកាសនៃ ព្រះរាជពិធីបុណ្យខួបលើកទី១៥ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ (២៩ តុលា ២០០៤ - ២៩ តុលា ២០១៩) របស់ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានថ្វាយព្រះពរជ័យសិរីមង្គលបវរមហាប្រសើរ ដល់ព្រះមហាក្សត្រ សូមព្រះអង្គមាន ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា និង ព្រះបញ្ញាញាណវាងវៃ ដើម្បីទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជានុរាស្ត្រទូទាំងប្រទេស។

សូមបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៩ គឺជា​ខួប​លើក​ទី​១៥​ឆ្នាំ នៃ​ការឡើង​គ្រង​រាជសម្បត្តិ​របស់ ព្រះករុណា ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្ដម​សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ព្រះអង្គ ព្រះរាជ​សម្ភព​នា​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​១៩៥៣​។ ទ្រង់​ជា​ព្រះរាជបុត្រ​របស់ ព្រះករុណា​ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះ​បរម​រតន​កោដ្ឋ និង​សម្ដេច​ព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ​។ ព្រះអង្គ​ត្រូវ​បាន​ក្រុមប្រឹក្សារាជសម្បត្តិ​ជ្រើសតាំង​ជា ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ត​ពី​ព្រះបិតា ក្រោយពេល​ដែល​ព្រះ​បរម​រតន​កោដ្ឋ បាន​ដាក់​រាជ្យ​កាលពី​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០០៤៕

ព័ត៌មានផ្សេងទៀត