លោកគឹម សន្តិភាព៖រាល់ការផ្លាស់ប្តូរអំណាចក្រៅពីការបោះឆ្នោត ជាទង្វើខុសច្បាប់!

29-10-2019 8:49 am 1336

លោកគឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអះអាង ថា រាល់ការផ្លាស់ប្តូរអំណាចក្រៅពីទម្រង់នៃការបោះឆ្នោត គឺជាទង្វើខុសច្បាប់ទាំងអស់!។ ការអះអាងនេះ បន្ទាប់ពីលោកស្រីមួរ សុខហួរ ប្រធានគណៈកម្មការរៀបចំមាតុភូមិនិវត្តន៍របស់អតីតមន្ត្រីជាន់ខ្ពស់ នៃអតីតបក្សប្រឆាំង បានថ្លែងក្នុងវីដេអូផ្សាយផ្ទាល់ក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនថា ការវិលត្រឡប់មកកម្ពុជារបស់ក្រុមលោកសម រង្ស៊ី មិនមានការផ្លាស់ប្ដូរនោះទេពោលគឺនៅថ្ងៃទី៩ ខែវិច្ឆិកាខាងមុខ ហើយការវិលត្រឡប់នេះគឺដើម្បីផ្លាស់ប្ដូររដ្ឋាភិបាល។

លោកគឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានសរសេរនៅលើហ្វេសប៊ុក កាលពីថ្ងៃទី២៨ ខែតុលាថា ដោយយោងតាមស្មារតី រដ្ឋធម្មនុញ្ញការបោះឆ្នោត ត្រូវធ្វើឡើងរៀងរាល់៥ឆ្នាំម្តង ហើយកម្ពុជាបានរៀបចំការបោះឆ្នោតនីតិកាលទី៦ នៅឆ្នាំ២០១៨រួចហើយ ដែលជាលទ្ធផលការសម្តែងឆន្ទៈរបស់អ្នកបោះឆ្នោតជាង៨៣%នៃអង្គបោះឆ្នោតសរុប! ហេតុនេះនៅឆ្នាំ២០១៩ កម្ពុជាពុំមានការបោះឆ្នោតដើម្បីផ្លាស់ប្តូរអ្នកដឹកនាំនោះទេ!។

អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះ បានសរសេរបន្ត ថា ផែនការ និងសកម្មភាពដែលអ្នកបានធ្វើ និងកំពុងធ្វើ បានឆ្លងផុតពីអ្វីដែលគេហៅ ថា ប្រជាធិបតេយ្យនោះហើយ គឺឈានចូលដល់អំពើរដ្ឋប្រហារដើម្បីផ្តួលរំលំរដ្ឋអំណាចស្របច្បាប់តែម្តង ដែលរដ្ឋអំណាចទោះនៅប្រទេសណាក៏ដោយ ត្រូវតែប្រកាន់យកវិធានការច្បាប់តឹងរឹងដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបនូវសកម្មភាពឧក្រិដ្ឋនេះ ដើម្បីធានារក្សានូវស្ថេរភាពសន្តិសុខនៃរដ្ឋ!។ បើតាមលោកគឹម សន្តិភាព “រាល់ការផ្លាស់ប្តូរអំណាច ក្រៅពីទម្រង់នៃការបោះឆ្នោត គឺជាទង្វើរខុសច្បាប់ទាំងអស់!”៕ 

ព័ត៌មានផ្សេងទៀត