EU​ព្រមឲ្យ​​អង់គ្លេស​​ពន្យារពេល​​តែ​រឿង​បោះឆ្នោត​​មុន​កំណត់​​ត្រូវ​ជាប់គាំង​

29-10-2019 8:32 am 195

​សហភាព​អឺរ៉ុប​កាលពី​ថ្ងៃ​ចន្ទ បាន​ឯកភាព​ពន្យារពេល​លើ​ការចាកចេញ​របស់​អង់គ្លេស​ហើយ គឺ​ទុកពេល​បី​ខែ​ទៀត​តាម​សំណើ​។ ស្របពេល​ទទួល​បានកា​រ​ពន្យារពេល​ដូច្នេះ នាយករដ្ឋមន្ដ្រី​អង់គ្លេស​លោក​បូរី​ស ច​ន​សុន​បាន​និយាយថា លោក​នឹងធ្វើ​គ្រប់យ៉ាង​ដើម្បី​បញ្ចប់​ភាពជាប់គាំង​នយោបាយ ដោយ​រៀបចំ​ការបោះឆ្នោត​មុន​កំណត់​នៅ​ថ្ងៃទី​១២​ខែធ្នូ​ខាងមុខ​។​

​អង់គ្លេស​បានកំណត់​នឹង​ដើរ​ចេញពី​សហភាព​អឺរ៉ុប​នៅ​ថ្ងៃទី​៣១​ខែតុលា​នេះ ប៉ុន្ដែ​ដោយសារ​មិន​ស្រុះស្រួល​នៅក្នុង​សភា ពេលវេលា​ដែល​បានកំណត់​ត្រូវ​ផ្អាក​ទាំងស្រុង​។ ការចាកចេញ​របស់​អង់គ្លេស​ពី​សមាជិក​សហភាព​អឺរ៉ុប ត្រូវ​ស្ថិតក្នុង​ភាពជាប់គាំង​ដោយសារ​អ្នកនយោបាយ​អង់គ្លេស នៅតែ​ឈ្លោះប្រកែក​គ្នា​អំពី​ពេលវេលា របៀប​ឬ​វិធីសាស្ដ្រ ថា​តើ​គួរតែ​ផ្ដាច់ខ្លួន​ចេញពី​អឺរ៉ុប​យ៉ាងម៉េច​។​

​ចំពោះ​លោក​ច​ន​សុន​បាន​សន្យាថា នៅ​ថ្ងៃទី​៣១​តុលា​លោក​នឹង​ប្រកាសថា​ការចាកចេញ​ពី​អឺរ៉ុប ត្រូវធ្វើ​បន្ដទៀត​ឬក៏​ត្រូវស្លាប់​។ លោក​នៅតែ​ទទូច​ចង់ឲ្យ​រៀបចំ​ការបោះឆ្នោត​មុនកំណត់​មួយ ដើម្បី​បញ្ចប់​នូវ​អ្វីដែល​លោក​ចាត់ទុកថា ជា​ភាពជាប់គាំង​នយោបាយ​ដ៏​អាក្រក់ កំពុង​ធ្វើឲ្យ​សាធារណជន​បាត់បង់​ទំនុកចិត្ដ ជុំវិញ​លទ្ធផល​នៃ​ការចាកចេញ​របស់​អង់គ្លេស​ពី​សមាជិក​អឺរ៉ុប​។​

​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​ប្រទស​សមាជិ​ក​សហភាព​អឺរ៉ុប​ទាំង​២៧ គាំទ្រ​លើ​ការពន្យារពេល​សម្រាប់​អង់គ្លេស លោក​ច​ន​សុន​នៅតែ​ប៉ុនប៉ង​បង្ខំ​ឲ្យមាន​ការបោះឆ្នោត​មុនកំណត់​នៅ​ថ្ងៃទី​១២​ធ្នូ ក្នុង​ក្ដីសង្ឃឹម​អាច​ឈ្នះ​សំឡេង​ភាគច្រើន ដើម្បី​អនុម័ត​លើ​កិច្ចព្រមព្រៀង​ដែល​លោក​បាន​ចរចា​ជាមួយ​អឺរ៉ុប​ជា​ផ្លូវការ​។ ការបោះឆ្នោត​លើ​កិច្ចព្រមព្រៀង​កន្លងមក ទទួលបាន​ការគាំទ្រ​ពី​សមាជិកសភា​ហើយ ប៉ុន្ដែ​បញ្ហា​គឺ​សមាជិកភា​ភាគច្រើន​មិន​គាំទ្រ​ពេលវេលា​ដែល​ត្រូវ​ដើរចេញ​។ ពួកគេ​ថា​ត្រូវការ​ពេល​បន្ថែម ព្រោះ​អ្វីដែល​បានកំណត់​ហាក់​ឆាប់រហ័ស​ពេក​។​

​រីឯ​ការបោះឆ្នោត​ស្វែងរក​សំឡេងគាំទ្រ​ឲ្យ​រៀបចំ​ការបោះឆ្នោត​ជា​សកល​មុន​កំណត់ ទទួលបាន​សំឡេងគាំទ្រ​នៅក្នុង​សភា​តែ​២៩៩​សំឡេង​ប៉ុណ្ណោះ ខណៈ​លោក​នាយករដ្ឋមន្ដ្រី​ត្រូវការ​សំឡេងគាំទ្រ​រហូតដល់​៤២៤​សំឡេង ស្មើនឹង​ពីរភាគបី​នៃ​អាសនៈ​៦៥០​នៅក្នុង​រដ្ឋសភា ទើប​អាច​រៀបចំ​ឲ្យមាន​ការបោះឆ្នោត​មុនកំណត់​បាន​។ ប៉ុន្ដែ​បន្ទាប់ពី​ការបោះឆ្នោត​លោក​ច​ន​សុន​លើកឡើងថា លោក​នឹង​ព្យាយាម​ម្ដងទៀត​តាមផ្លូវ​នីតិប្បញ្ញត្ដិ​។ ដូច្នេះ​តើ​គោលបំណង​របស់​លោកបូ​រី​ស ច​ន​សុន អាច​ទទួលជោគជ័យ​ឬទេ​? ហើយ​តើ​ការផ្ដាច់​ខ្លួន​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប នឹងត្រូវ​អូស​បន្លាយពេល​យូរ​ប៉ុនណា​ទៀត​? 

ព័ត៌មានផ្សេងទៀត