ក្រសួង​ការងារ​៖​កម្មករនិយោជិត​អាច​ឈប់សម្រាក​បាន​៤​ថ្ងៃ​ក្នុង​ឱកាស​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​

28-10-2019 2:16 pm 716

​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​ម្ចាស់ ឬ​នាយក​សហគ្រាស​គ្រឹះស្ថាន​ទាំងអស់ ស្តីពី​ការ​ឈប់សម្រាក​ក្នុងឱកាស​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ​អក​អំបុក ខាងមុខ​។​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​

​នៅ​ក្នុង​សេចក្តីជូនដំណឹង​បាន​បញ្ជាក់បន្ថែម​ថា សូម​លោក លោកស្រី​ដែល​ជា​ម្ចាស់​សហគ្រាស គ្រឹះស្ថាន​ទាំងអស់ អនុញ្ញាត​ឲ្យ​កម្មករនិយោ​ជិត​របស់​ខ្លួន​ឈប់សម្រាក​រយៈពេល ៤​ថ្ងៃ​នៅក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​១០​ដល់​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដោយ​មាន​ប្រាក់​ឈ្នួល​។​

​ជាមួយគ្នានេះដែរ ក្រសួង​ការងារ ក៏​បាន​បញ្ជាក់​ដែរ​ថា ចំពោះ​សហគ្រាស គ្រឹះស្ថាន​ទាំងឡាយ​ណា ដែល​មិន​អាច​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​បាន ក្នុងឱកាស​ឈប់សម្រាក​បុណ្យ​នេះ សូម​ម្ចាស់​នាយក​គ្រឹះស្ថាន ត្រូវ​រៀបចំ​បែងចែក​ឲ្យ​កម្មករ​និយោជិត បាន​ឈប់សម្រាក​ទៅតាម​ថ្ងៃបុណ្យ​នី​មួយៗ ដោយ​ផ្លាស់ប្តូរ​វេន​គ្នា​។​ចំណែក​កម្មករ ដែល​ធ្វើការ​ថ្ងៃ​ឈប់សម្រាក​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​ខាងលើនេះ មាន​សិទ្ធិ​ទទួល​នូវ​ប្រាក់​បំណាច់​បន្ថែម​ដែល​មាន​ចំនួន​ស្មើ​នឹង​ប្រាក់​ឈ្នួល​នៃ​ថ្ងៃ​ធ្វើការ​ធម្មតា​៕

ព័ត៌មានផ្សេងទៀត