លោក​ត្រាំ​បញ្ជាក់​ជា​ផ្លូវ​ការណ៍​ពី​ការស្លាប់​នៃ​មេដឹកនាំ​ក្រុម​IS

28-10-2019 9:40 am 2224

Abu Bakr al-Baghdadi មេដឹកនាំ​ក្រុម​រដ្ឋ​អ៊ីស្លាម បាន​ស្លាប់បាត់​បង់ជីវិត​ហើយ នៅក្នុង​ប្រតិបត្តិការ​យោធា​របស់​អាមេរិក​ក្នុងប្រទេស​ស៊ី​រី​។ លោក​ដូណាល់ ត្រាំ​ប្រធានា​ធិបតី​អាមេរិក បាន​ថ្លែង​បញ្ជាក់​នៅ​សេត​វិមាន​នា​ថ្ងៃអាទិត្យ​ថា Abu Bakr al-Baghdadi បានធ្វើ​អត្ថ​ឃាត​ខ្លួនឯង នៅពេលរ​ត់ដល់​ផ្លូវ​ទ័ល​ក្នុង​រូង​ក្រោម​ដី​។ នៅពេល​រត់គេច​ពី​សត្វ​ឆ្កែ​អាមេរិក​ក្នុង​រូង​ក្រោម​ដី ស្ថិតនៅក្នុង​ខេត្ត​អេត​លីប​ប្រទេ​ស​ស៊ីរី Abu Bakr al-Baghdadi ដែល​ដឹងថា​ខ្លួន​នឹង​ត្រូវស្លាប់ បាន​យំ​ស្រែក មុន​បំផ្ទុះ​គ្រាប់រំសេវ​ដែល​បំពាក់​ជាមួយ​អាវកាក់​នៅលើ​ខ្លួន​របស់គេ​។ 

​ឥទ្ធិពល​នៃ​គ្រាប់រំសេវ បានចាក់ទម្លុះរាងកាយ Abu Bakr al-Baghdadi បែក​ជាច្រើន​បំណែក តែ​ដោយ​យោងទៅលើ​ការពិនិត្យ​DNA បញ្ជាក់ថា អ្នកស្លាប់​ពិតជា​Abu Bakr al-Baghdadi ប្រាកដ​មែន​។ បន្ទាប់ពី​ផ្ទុះ រូង​ក្រោម​ដី​ក៏បាន​បាក់​រលំ​សង្កត់​លើ​សាកសព Abu Bakr al-Baghdadi​។ ជាមួយគ្នា​នោះ ក្មេងៗ​៣​នាក់ ដែល​រួម​ដំណើរ​ជាមួយ​មេដឹកនាំ​ក្រុម​រដ្ឋ​អ៊ីស្លាម ក៏បាន​ស្លាប់បាត់​បង់ជីវិត​ផងដែរ​។ នៅក្នុង​សន្ទរកថា​បញ្ជាក់​ពី​ការស្លាប់​នៃ​មេដឹកនាំ​ក្រុម​រដ្ឋ​អ៊ីស្លាម លោក​ត្រាំ​ថ្លែងថា ចោរ​ដែល​តែងតែ​ព្យាយាម​បំភិតបំភ័យ​អ្នកដទៃ នៅ​ចុងក្រោយ​អោប​ជាប់​ជាមួយ​ការភ័យខ្លាច និង​ការ​ភ័យ​ស្លន់ស្លោ​។​

​លោក​ត្រាំ​ក៏បាន​បញ្ជាក់ដែរថា ពុំមាន​យោធា​អាមេរិក​ណា​ម្នាក់ ស្លាប់បាត់​បង់ជីវិត នៅក្នុង​ប្រតិបត្តិ​ការតាមប្រមាញ់ Abu Bakr al-Baghdadi ទេ ប៉ុន្តែ បណ្តាលឲ្យ​សត្វ​ឆ្កែ​មួយ​ក្បាល ក្នុងចំណោម​សត្វ​ឆ្កែ​ឯទៀត ដែល​ចូលរួម​នៅក្នុង​ប្រតិបត្តិការ​នេះ រងរបួស​ធ្ងន់ធ្ងរ​។ 

​គួរ​ជម្រាបជូន​ថា កងកម្លាំង​ពិសេស​អាមេរិក បាន​បើក​ប្រតិបត្តិការ​យោធា​ប្រមាញ់ Abu Bakr al-Baghdadi នៅ​យប់​ថ្ងៃ​សៅរ៍​។ លោក Abu Bakr al-Baghdadi មានឈ្មោះ​ពិត​ថា Ibrahim Awad al-Badri បាន​ដឹកនាំ​ក្រុម​សកម្មប្រយុទ្ធ​ប្រឆាំងនឹង​រដ្ឋាភិបាល​តាំងពី​ឆ្នាំ ២០១០ នៅពេលដែល​លោក ជា​មេដឹកនាំ​ក្រុម​អាល់​កៃ​ដា​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​។ អាល់​កៃ​ដា ជា​ក្រុម​មួយ​ក្នុងចំណោម​ក្រុម​ដែល​បាន​រួមបញ្ចូល​គ្នា​ជា​មួយក្រុម IS ហើយ​បាន​លេចធ្លោ​ឡើង​កំឡុងពេល​មាន​ការប៉ុនប៉ង​រួមបញ្ចូល ជាមួយ​រណសិរ្ស Al-Nusra នៅក្នុង​ប្រទេស​ស៊ី​រី​។ Abu Bakr al-Baghdadi ដែលមាន​វ័យ​៥០​ឆ្នាំ​រូបនេះ ត្រូវគេ​សន្និដ្ឋានថា បាន​លាក់ខ្លួន​ជាច្រើន​ឆ្នាំ​មកហើយ នៅតាម​បណ្តោយ​ព្រំដែន​ស៊ី​រី និង​អ៊ីរ៉ាក់​ដែលជា​ប្រទេស​កំណើត​។ នៅ​ខែតុលា​ឆ្នាំ ២០១១ សហរដ្ឋអាមេរិក​បាន​ចាត់តាំង លោក​ជា​ភេរ​វករ​ជា​ផ្លូវការ និង​ប៉ុនប៉ង​តាម​ចាប់ខ្លួន ព្រមទាំង​ប្រកាស​ផ្តល់​រង្វាន់ ១០ លាន​ដុល្លារ សម្រាប់​អ្នក​ផ្តល់ព័ត៌មាន​ពី​កន្លែង​លាក់ខ្លួន ឬ​មរណភាព​របស់ Abu Bakr al-Baghdadi ទៀតផង​៕

 

ព័ត៌មានផ្សេងទៀត