ក្រោយចូលCPPលោកគង់ បូរ៉ា ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ

28-10-2019 9:38 am 1211

លោកគង់ បូរ៉ា អតីតតំណាងរាស្រ្ត នៃអតីតបក្សសង្រ្គោះជាតិ ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បន្ទាប់ពីរូបលោកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា(CPP)។ យោងតាមព្រះរាជក្រឹត្យព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលឡាយព្រះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា បានត្រាស់បង្គាប់ ថា តែងតែមុខតំណែងលោក​គង់ បូរ៉ា ជាអនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ។

ព្រះករុណា ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងលោកគង់ បូរ៉ា ជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃដូចនេះ បន្ទាប់ពីមានសំណើរបស់លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន។ គួររំលឹក ថា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ​២០១៩កន្លងទៅនេះ លោកគង់ បូរ៉ា អតីតតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង នៃអតីតគណបក្សសង្រ្គោះជាតិ និងលោកដន វ៉ាន់ឌី សមាជិកអតីតគណបក្សសង្រ្គោះជាតិខេត្តព្រៃវែង ត្រូវបានបញ្ចូលជាសមាជិកគណ​ប​ក្ស​ប្រជាជនកម្ពុជា។

លោកគង់ បូរ៉ា បានបញ្ជាក់ថា រូបមិនចង់មានឈ្មោះដិតដាម ជាអតីតសមាសភាព អតីតគណបក្សសង្រ្គោះជាតិនោះទេ គឺមានតែការចូលជាសមាជិកគណបក្សប្រជាជនកម្ពុជាទេ ពោលគឺឈរខាងការពារជាតិ សាសនា ព្រះមហាក្សត្រ ដែលស្មើនឹងការពាររដ្ឋធម្មនុញ្ញ ការពារសមិទ្ធផលកិច្ចព្រមព្រៀងទីក្រុងប៉ារីស៕ 

 ពាក្យគន្លឹះ  លោកគង់ បូរ៉ាចូលCPP

ព័ត៌មានផ្សេងទៀត