ប្រភព​៣​បញ្ជាក់​ពី​ការស្លាប់​មេដឹកនាំ​ក្រុម​IS ដែល​អាមេរិក​តាម​ប្រមាញ់​យូរ​មកហើយ​

27-10-2019 4:19 pm 304

ប្រភពពី​ខាង​ប្រទេស​ស៊ី​រី​បញ្ជាក់ប្រាប់​ក្រុម​ចារកម្ម​អ៊ីរ៉ាក់ ដែលមាន​ភារកិច្ច​តាម​ចាប់ខ្លួន Abu Bakr al-Baghdadi ថា មេដឹកនាំ​ក្រុម​សកម្មប្រយុទ្ធ​ដ៏​កំណាច​ម្នាក់នេះ ត្រូវបាន​គេ​សម្លាប់ រួមជាមួយ​អង្គរក្ស​ផ្ទាល់ខ្លួន​នៅ Idlib បន្ទាប់ពី​កន្លែង​លាក់ខ្លួន​របស់លោក ត្រូវបាន​គេ​រកឃើញ នៅពេល​ព្យាយាម​យក​គ្រួសារ​របស់លោក​ចេញពី Idlib ឆ្ពោះទៅ​ព្រំដែន​តួ​ក​គី​។ នេះ​បើតាម​ប្រភពពី​មន្ត្រី​អ៊ីរ៉ាក់​និង​អ៊ីរ៉ង់​បាន​និយាយ​។ ជាមួយគ្នា​នោះ មេបញ្ជាការ​ម្នាក់ នៃ​ក្រុម​សកម្មប្រយុទ្ធ​នៅក្នុង​ខេត្ត Idlib ភាគ​ពាយព្យ​នៃ​ប្រទេស​ស៊ី​រី និយាយថា Abu Bakr al-Baghdadi ត្រូវគេ​ជឿថា​ត្រូវ​បានសម្លាប់ នៅ​ក្នុងការ​វាយឆ្មក់​មួយ នា​កណ្តាលអធ្រាត្រ​ថ្ងៃ​សៅរ៍ ក្រោម​យុទ្ធនាការ​ឧទ្ធម្ភាគចក្រ យន្តហោះ​ចម្បាំង និង​ការប្រយុទ្ធ​នៅ​លើដី ក្នុងភូមិ​មួយ​ក្បែរ​ព្រំដែន​ស៊ី​រី​-​តួ​ក​គី​។​

ភ្លាមៗ​មន្ត្រី​អាមេរិក​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ បង្ហើប​ប្រាប់​រ៉​យ​ទ័​រថា Abu Bakr al-Baghdadi ត្រូវបាន​វាយប្រហារ នៅក្នុង​ការ​វាយឆ្មក់​ពេលយប់ ប៉ុន្តែ​មិន​បញ្ជាក់ថា​ប្រតិបត្តិការ​នេះ ជោគជ័យ​ឬ​អត់​ទេ​។  រីឯ​មន្ទី​រប​ច្ចុកោណ​អាមេរិក ក៏​មិនបាន​អត្ថាធិប្បាយ​យ៉ាងណា​នៅឡើយ​ដែរ​។ តែ​អ្នកនាំពាក្យ​សេត​វិមាន​លោក Hogan Gidley ប្រកាស​កាលពី​ល្ងាច​ថ្ងៃ​សៅ​រ៍ថា លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក​នឹងធ្វើ​សេចក្តីថ្លែងការណ៍​សំខាន់​មួយ​នៅ​ម៉ោង ៩ ព្រឹក​ថ្ងៃអាទិត្យ​។ លោក ត្រាំ​បាន​បង្ហោះ​សារ​លើ​ធ្វី​ត​ទ័​រ​ថា "​អ្វីមួយ​ធំ​ណាស់​ទើបតែ​បាន​កើតឡើង​!"​។ ដូច្នេះ សេចក្តីថ្លែងការណ៍​សំខាន់​នេះ ទំនង​បញ្ជាក់​ពី​ការស្លាប់​របស់ Abu Bakr al-Baghdadi ដែល​អាមេរិក​តាម​ប្រមាញ់​ជា​យូរណាស់​មកហើយ​។​

​លោក Abu Bakr al-Baghdadi មានឈ្មោះ​ពិត​ថា Ibrahim Awad al-Badri បាន​ដឹកនាំ​ក្រុម​សកម្មប្រយុទ្ធ​ប្រឆាំងនឹង​រដ្ឋាភិបាល​តាំងពី​ឆ្នាំ ២០១០ នៅពេលដែល​លោក ជា​មេដឹកនាំ​ក្រុម​អាល់​កៃ​ដា​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​។ អាល់​កៃ​ដា ជា​ក្រុម​មួយ​ក្នុងចំណោម​ក្រុម​ដែល​បាន​រួមបញ្ចូល​គ្នា​ជា​មួយក្រុមរដ្ឋអ៊ីស្លាម( IS​) ហើយ​បាន​លេចធ្លោ​ឡើង​កំឡុងពេល​មាន​ការប៉ុនប៉ង​រួមបញ្ចូល ជាមួយ​រណសិរ្ស Al-Nusra នៅក្នុង​ប្រទេស​ស៊ី​រី​។ Abu Bakr al-Baghdadi ដែលមាន​វ័យ​៥០​ឆ្នាំ​រូបនេះ ត្រូវគេ​សន្និដ្ឋានថា បាន​លាក់ខ្លួន​ជាច្រើន​ឆ្នាំ​មកហើយ នៅតាម​បណ្តោយ​ព្រំដែន​ស៊ី​រី និង​អ៊ីរ៉ាក់​ដែលជា​ប្រទេស​កំណើត​។ នៅ​ខែតុលា​ឆ្នាំ ២០១១ សហរដ្ឋអាមេរិក​បាន​ចាត់តាំង លោក​ជា​ភេរ​វករ​ជា​ផ្លូវការ និង​ប៉ុនប៉ង​តាម​ចាប់ខ្លួន ព្រមទាំង​ប្រកាស​ផ្តល់​រង្វាន់ ១០ លាន​ដុល្លារ សម្រាប់​អ្នក​ផ្តល់ព័ត៌មាន​ពី​កន្លែង​លាក់ខ្លួន ឬ​មរណភាព​របស់ Abu Bakr al-Baghdadi ទៀតផង​៕

ព័ត៌មានផ្សេងទៀត