នាយករដ្ឋមន្ត្រី​វៀតណាម​បញ្ជា​ឲ្យ​ស៊ើបអង្កេត ករណី​រកឃើញ​សាកសព​៣៩​នៅ​អង់គ្លេស​

27-10-2019 2:14 pm 366
  ស្តាប់
ស្តាប់ជាសំឡេង

​នាយករដ្ឋមន្ត្រី​វៀតណាម​លោក​ង្វៀន សួន​ភុក​កាលពី​ថ្ងៃសៅរ៍ ២៦ តុលា បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ក្នុង​តំបន់ កំណត់ថា​តើ​ពលរដ្ឋ​វៀតណាម ស្ថិតក្នុង​ចំណោម​មនុស្ស ៣៩ នាក់​ដែល​គេ​រកឃើញថា​ស្លាប់​នៅ​ចក្រភព​អង់គ្លេស​នៅ​ថ្ងៃទី ២៣ ខែតុលា​។ លោក​ង្វៀន សួន​ភុក​ក៏​បានបញ្ជាឲ្យ​ប៉ូលីស​បើ​កការស៊ើបអង្កេ​ត លើ​សកម្មភាព​ជួញដូរ​មនុស្ស ដែល​ត្រូវបាន​ចោទប្រកាន់​ផងដែរ​។ លោក​ចង់បាន​របាយការណ៍​ពី​ករណីនេះ ពី​អាជ្ញាធរ​នៅ​ថ្ងៃទី ៥ ខែវិច្ឆិកា​ខាងមុខ​។ នេះ​បើតាម​លោក​សួន​ភុក និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍ ចុះផ្សាយ​លើ​គេហទំព័រ​របស់​រដ្ឋាភិបាល​។​

​យោងតាម​ការចុះផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​សិង្ហ​បុរី CNA ថា ពលរដ្ឋ​វៀតណាម ដែល​រស់នៅ​ភាគ​កណ្តាល​ប្រទេស​វៀតណាម បាននិ​យាថា ពួកគេ​ព្រួយបារម្ភ​ខ្លាច​មិត្តភក្តិ​និង​សាច់ញាតិ ដែល​ស្វែងរក​ការធ្វើដំណើរ​ទៅ​អង់គ្លេស ក្រោម​មូលហេតុ​ផ្សេងៗ ស្ថិតនៅ​ក្នុងចំណោម​សាកសព​ទាំង​៣៩​នោះ​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ រដ្ឋមន្ត្រី​ក្រសួងការបរទេស​វៀតណាម បាន​បោះដៃ​ទៅ​មន្ត្រី​នៃ​ស្ថានទូត​របស់ខ្លួន​ប្រចាំ​នៅ​ទីក្រុង​ឡុង​ដ៍ សហការ​ជាមួយ​ប៉ូលិស​អង់គ្លេស ក្នុង​ការកំណត់​អត្តសញ្ញាណ​ជនរងគ្រោះ​។ លោក Martin Pasmore ប៉ូលិស​ដែល​ក្តោប​ក្តាប់​សំណុំរឿង​នេះ និយាយថា មន្ត្រី​របស់លោក បាន​រកឃើញ​អត្តសញ្ញាណប័ណ្ណ​តិចតួច​ណាស់ ក្នុងចំណោម​សាកសព​ទាំងអស់ ហើយ​សង្ឃឹមថា អាច​កំណត់​អត្តសញ្ញាណ​អ្នកស្លាប់​បាន​តាមរយៈ​ស្នាម​ម្រាមដៃ និង​ការពិនិត្យ DNA ក៏ដូចជា​រូបថត​ពី​មិត្តភក្តិ​និង​សាច់ញាតិ​ជាដើម​។ 

​យ៉ាងណា ពេលនេះ លោក Martin Pasmore មិនទាន់​ដឹង​នោះទេ អំពី​សញ្ជាតិ​សាកសព​នី​មួយៗ ប៉ុន្តែ​លោក​នឹង​ព្យាយាម​ឲ្យបាន​ច្រើន​តាមដែ​លអាច​ធ្វើទៅបាន នៅក្នុង​ការស្រាវជ្រាវ​ទៅក្នុង​សហគមន៍​វៀតណាម​។ ដំបូង​ឡើយ​ប៉ូលិស ថា​ជនរងគ្រោះ​អាចជា​ជន​ជាតិចិន តែ​ក្រោយមក​ពួកគេ​មិន​ចង់​ប៉ាន់ស្មាន​លើ​សញ្ជាតិ​របស់​ជនរងគ្រោះ មុនពេល​មាន​ការកំណត់​អត្តសញ្ញាណ​ជា​ផ្លូវការ​ទេ ដើម្បី​ចៀសវាង​ការសន្និដ្ឋាន​ខុស​។​

​គួរ​បញ្ជាក់ថា រថយន្ដ​កុងតឺន័រ​ដឹក​សាកសព ត្រូវ​ប៉ូលិស​ឃាត់​បាន​កាលពី​ថ្ងៃទី​២៣​តុលា បន្ទាប់ពី​ធ្វើដំណើរ​តាម​ស្រឡាង​មកពី​ប្រទេស​បែលហ្ស៊ិក​។ យ៉ាងណាមិញ មូលហេតុ​ពិតប្រាកដ​នៅ​ពីក្រោយ​ករណីនេះ ពុំទាន់​មាន​ការបញ្ជាក់​ឲ្យដឹង​ទេ ដោយ​ប៉ូលិស​កំពុង​ស៊ើបអង្កេត​បន្ថែម​។ ប៉ុន្ដែ​វា​បាន​ធ្វើឲ្យមាន​ក្ដីបារម្ភ​កើតឡើង​ជាថ្មី ជុំវិញ​បញ្ហា​ជួញដូរ​មនុស្ស​។ នៅក្នុង​សំណុំរឿង​នេះ អ្នកបើករថយន្ត​ម្នាក់ ភេទ​ប្រុស អាយុ ២៥ ឆ្នាំ​មកពី​អៀរ​ឡង់​ខាងជើង ត្រូវបាន​ចាប់ខ្លួន ពីបទ​សង្ស័យ​ឃាតកម្ម ហើយ​មនុស្ស ៣​នាក់​ទៀត ស្ថិតនៅក្នុង​ការ​ឃុំឃាំង ក្រោម​ការសង្ស័យ​ពីបទ​ជួញដូរ​មនុស្ស​និង​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​។ ប៉ូលិស​អៀរ​ឡង់​កាលពី​ថ្ងៃ​សៅរ៍ បាន​និយាយថា ពួកគេ​បាន​ចាប់ខ្លួន​មនុស្ស​ទី ៥ ពាក់ព័ន្ធ​នឹង​ការស៊ើបអង្កេត​៕

ព័ត៌មានផ្សេងទៀត