ប្រជាជន​ឈី​លី​ជាង​១​លាន​នាក់​​នាំគ្នា​តវ៉ា​​ទាមទារ​​ទម្លាក់​ប្រធានាធិបតី​

26-10-2019 4:42 pm 364
រូបភាព​ប្រជាជន​ឈីលី​នាំគ្នាតវ៉ា

​ប្រជាជន​ប្រមាណ​១​លាន​នាក់ បាន​ចូលរួម​ក្នុង​ក្បួន​បាតុកម្ម​ដោយ​សន្ដិភាព នៅក្នុង​រដ្ឋធានី​នៃ​ប្រទេសឈី​លី​កាលពី​ថ្ងៃទី​២៥​តុលា អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​វិសមភាព​ក្នុងសង្គម​។ ប្រជាជន​នាំគ្នា​ដើរ​ដង្ហែ​ក្បួន​ជុំវិញ​ទីក្រុង លើក​ទង់ជាតិ​គ្រវី​អំពាវនាវ​ឲ្យមាន​ការធ្វើកំណែទម្រង់​។ អភិបាលក្រុង​សាន​ទី​អា​ហ្គោ​បាន​និយាយថា នេះ​គឺជា​រឿង​ប្រវត្ដិសាស្ដ្រ​មួយដែល​មាន​មនុស្ស​តវ៉ា​ច្រើន​ថ្ងៃ​ដូច្នេះ​។ 

​ចំណែក​ប្រធានាធិបតីឈីលី​លោក​សេបា​ស្ទៀ​ន ភី​នេ​រ៉ា​(Sebastián Piñera)​បាន​និយាយថា រដ្ឋាភិបាល​បាន​ស្ដាប់លឺ​សារ​របស់​ក្រុមបាតុក​រហើយ​។ លោក​បានបញ្ជាក់​នៅលើ​បណ្ដាញ​ធ្វី​ត​ទ័​រ​ថា ទាំងអស់គ្នា​បាន​ផ្លាស់ប្ដូ​រហើយ​។ ការហែក្បួន​ប្រកបដោយ​សន្ដិភាព​នាពេលនេះ បាន​បើកផ្លូវ​ប្រកបដោយ​ក្ដីសង្ឃឹម​នៅ​ពេលអនាគត​។ តែ​ទោះជា​យ៉ាងណាក៏ដោយ​ប្រជាជន​នៅតែ​មិន​ពេញចិត្ដ និង​ទាមទារ​ទម្លាក់​ប្រធានាធិបតី​ថែមទៀត​ក្រៅតែពី​ទាមទារ​ធ្វើកំណែទម្រង់​។​

​សូម​រម្លឹកថា ការតវ៉ា​នៅ​ក្នុង​ប្រទេសឈី​លី​បាន​ផ្ទុះឡើង​មួយ​សប្ដាហ៍​មកហើយ ដើមហេតុ​ដំបូង​គឺ​ដោយសារតែ​ការដំឡើង​តម្លៃ​សំបុត្រ​រថភ្លើង​ក្រោម​ដី ប៉ុន្ដែ​ពេលនេះ​ការដំឡើងថ្លៃ​បាន​ផ្អាក​វិញ​ហើយ​។ បញ្ហា​បាន​រីក​រាលដាល​កាន់តែ​ធ្ងន់ធ្ងរ និង​បង្ក​ជា​ការព្រួយបារម្ភ​កាន់តែខ្លាំង​ជុំវិញ​ការចំណាយ សម្រាប់​ការរស់នៅ​ប្រចាំថ្ងៃ​និង​បញ្ហា​វិសមភាព​សង្គម​។ តាំងពី​ចាប់ផ្ដើម​ការតវ៉ា​មាន​មនុស្ស​យ៉ាងតិចណាស់​១៦​នាក់​ហើយ​បាន​ស្លាប់បាត់​បង់ជីវិត រាប់រយ​នាក់​រងរបួស និង​ជាង​៧​ពាន់​នាក់​ត្រូវ​ចាប់ខ្លួន​ក្រោយពី​មាន​អំពើហិង្សា​៕

 ពាក្យគន្លឹះ  ឈីលីការតវ៉ា

ព័ត៌មានផ្សេងទៀត