លោកស ខេង៖ ការចាប់ខ្លួនសកម្មជនCNRP មិនមែនជាទង្វើរំលោភសិទ្ធិមនុស្សទេ

26-10-2019 2:32 pm 513

លោកស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៦ ខែតុលានេះ បានបញ្ជាក់ ថា ការចាត់វិធានការទៅលើសកម្មជនអតីតបក្សប្រឆាំង(CNRP) មិនមែនជាទង្វើរំលោភសិទ្ធិមនុស្សនោះទេ។ ការបញ្ជាក់​នេះ បន្ទាប់ពីលោកស ខេង មើលឃើញ ថា មានការរិះគន់ពីមជ្ឈដ្ឋានខ្លះ ចំពោះការចាត់វិធានការច្បាប់របស់អាជ្ញាធរ មានសមត្ថកិច្ចក្នុងការចាប់ខ្លួនជនសង្ស័យ ដែលបានចូលរួមក្នុងគម្រោងនៃការវិលត្រឡប់មកកម្ពុជារបស់លោកសម រង្ស៊ី ដែលលោកហៅ ថា ជាសកម្មភាពនៃការធ្វើរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ លោកស ខេង បានសរសេរនៅលើហ្វេសប៊ុក នារសៀលថ្ងៃទី២៦ ខែតុលានេះ ថា ការចាត់វិធានការច្បាប់ចំពោះសកម្មភាពទាំងឡាយណា ដែលប៉ុនប៉ងបំផ្លាញសុខសន្តិភាព ស្ថេរភាពនយោបាយ ការញុះញង់ឲ្យមានអំពើហិង្សា ចលនាបំបែកបំបាក់ផ្ទៃក្នុងជាតិ ឈានទៅផ្ដួលរំលំរាជរដ្ឋាភិបាល គឺពុំមែនជាសកម្មភាពរំលោភសិទ្ធិមនុស្ស ក្នុងសង្គមប្រជាធិបតេយ្យនោះឡើយ។

លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសរសេរបន្ត ថា ការប្រកាសជាសាធារណៈ និងជាបន្តបន្ទាប់របស់លោកសម រង្ស៊ី អំពីគម្រោងផែនការដែលគេហៅ ថា ការវិលមកកម្ពុជាវិញ នាថ្ងៃ៩វិច្ឆិកាឆ្នាំ២០១៩ ដោយបានធ្វើការអំពាវនាវម្តងហើយម្តងទៀត ឲ្យកងទព័ជាតិផ្ដាច់ខ្លួនដើម្បីប្រឆាំង នឹងរាជរដ្ឋាភិបាល ការបង្កើតមូលនិធិសំរាប់ទ្រទ្រង់កងទ័ពខុសច្បាប់របស់ខ្លួន ការញុះញង់ប្រជាពលរដ្ឋឲ្យបះបោរផ្តួលរំលំរាជរដ្ឋាភិបាល ការថ្លែងជាសាធារណៈប្រមាថមាក់ងាយ ព្រះមហាក្សត្រជាទីគោរព ដ៏ខ្ពង់ខ្ពស់បំផុតនៃជាតិ និងទាមទារឲ្យព្រះអង្គដាក់រាជ្យ នោះគឺពិតជាពុំមែនជាសកម្មភាព ដែលត្រូវប្រត្តិបត្តិជាធម្មតាក្នុងសង្គមប្រជាធិបតេយ្យនោះឡើយ។ លោកស ខេង បានលើកឡើងទៀត ថា គម្រោងផែនការវិលចូលកម្ពុជាវិញរបស់លោកសម រង្ស៊ី និងបក្សពួកគឺជាគម្រោងនៃចលនាឧទ្ទាមសុទ្ធសាធ ហើយដែលនឹងនាំទៅដល់ការបំផ្លាញសុខសន្តិភាព និងការបំបែកបំបាក់ជាតិ ដែលអាចបង្កនូវគ្រោះមហន្តរាយធ្ងន់ធ្ងរ មិនអាចប៉ាន់ស្មានបាន ចំពោះជាតិនិងប្រជាជនកម្ពុជា។

លោកឧបនាយករដ្ឋមន្រ្ដីស ខេង បានរំលឹក ថា សកម្មភាពនៃការវិលត្រឡប់របស់លោកសម រង្ស៊ី នាពេលនេះ គឺខុសស្រឡះពីសកម្មភាព នៃការវិលត្រឡប់មកកម្ពុជាវិញរបស់លោកសម រង្សី កាលពីឆ្នាំ២០១៣ ដែលនៅពេលនោះ លោកសម រង្ស៊ី ជាប្រធានគណបក្សនយោបាយស្របច្បាប់ និងទទួលបានការប្រោសព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រ ហើយការវិលត្រឡប់របស់លោកនៅពេលនោះ គឺដើម្បីមកចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ហេតុដូច្នេះហើយនៅពេលនោះអ្នក ដែលមានសមានចិត្តអាចមានសិទ្ធិចូលរួមហែរហមលោក គឺពុំមែនជាសកម្មភាពខុសច្បាប់នោះឡើយ។ ប៉ុន្តែការវិលត្រឡប់មកកម្ពុជានាពេលនេះគឺលោកសម រង្សី ស្ថិត ក្នុងស្ថានភាពជាទណ្ឌិត ហើយជាអ្នកដឹកនាំគម្រោងចលនាឧទ្ទាមក្រៅច្បាប់ថែមទៀតផង។

ទន្ទឹមនេះគម្រោងផែនការវិលមកកម្ពុជាវិញនាពេលនេះ គឺជាការប៉ុនប៉ងបង្កការអុកឡករំខានដល់ការរៀបចំពីបុណ្យឯករាជ្យជាតិ ក៏ដូចការចូលរួមសប្បាយរីករាយរបស់ប្រជាពលរដ្ឋ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលព្រះករុណាព្រះមហាក្សត្រ ព្រះអង្គតែងតែយាងជាព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីបុណ្យទាំងនេះជារៀងរាល់ឆ្នាំ។ ជាមួយគ្នានេះលោកស ខេង បានអំពាវនាវដល់អ្នកនយោបាយ និងបងប្អូនជនរួមជាតិទាំងអស់ ត្រូវរួបរួមគ្នាប្រឆាំង ចំពោះគម្រោងផែនការរបស់លោកសម រង្ស៊ី នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមិនត្រូវចូលរួមក្នុងសកម្មភាពណាមួយនៃផែនការនេះ ហើយជំនួសមក វិញដោយការចូលរួមអបអរសាទរពិធីបុណ្យឯករាជ្យជាតិ ការចូលរួមសប្បាយរីករាយ ក្នុងព្រះរាជពីធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក ហើយនិងចូលរួមពិសារអំបុកឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី៩ វិច្ឆិ កា ដើម្បីរួបរួមគ្នាការពារ រដ្ឋធម្មនុញ្ញ ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារសុខសន្តិភាព និង ឯកភាពជាតិ៕ 

ព័ត៌មានផ្សេងទៀត