ប្រធាន​សមាគម​ទី​ភ្នាក់ងារទេសចរណ៍​ជប៉ុន​ សន្យា​ជួយ​ជំរុញ​ឲ្យមាន​ការហោះហើ​រ​ត្រង់​​ពី​ជប៉ុន​មក​កម្ពុជា​​

26-10-2019 12:25 pm 109

​លោក Hiromi Tagawa ប្រធាន​សមាគម​ទី​ភ្នាក់ងារទេសចរណ៍​ជប៉ុន (Japan Association of Travel Agents- JATA)​បាន​លើកឡើងថា ជប៉ុន​នឹង​ជួយ​ជំរុញ​ការផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា និង​ជំរុញ​ការហោះហើរ​ត្រង់​ពី​ជប៉ុន​មក​កម្ពុជា​បន្ថែមទៀត​។ កា​លើកឡើង​ដូច្នេះ គឺ​នៅ​ក្នុងឱកាស​ជួបពិភាក្សា​ការងារ ជាមួយ​លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោក​អ៊ុង រចនា ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​នៅ​ប្រទេស​ជប៉ុន ក្នុង​ពិព័រណ៍​ទេសចរណ៍​ពិភពលោក​ជប៉ុន (JATA Travel Showcase 2019) ដែល​រៀបចំឡើង​ចាប់ពី​ថ្ងៃទី​២៤ រហូតដល់​ថ្ងៃទី​២៧ ខែតុលា នៅ​ទីក្រុង​អូ​សា​កា ប្រទេស​ជប៉ុន​។​

​ទន្ទឹមនឹង​ការអបអរសាទរ អំពី​ភាព​រីកចំរើន​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​នៃ​ប្រទេស​ទាំងពីរ លោក​ប្រធាន​សមាគមន៍​ទីភ្នាក់ងារ​ទេសចរណ៍​ជប៉ុន ដែលជា​ភ្នាក់ងារ​តែមួយគត់ និង​ជា​សេនាធិកា​រឲ្យរដ្ឋាភិបាល​ជប៉ុន ក្នុង​ការទាក់ទាញ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ បាន​កោតសរសើរ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បានដាក់ចុះ​គោលនយោបាយ​ជាតិ​អេកូ​ទេសចរណ៍ ២០១៩-២០៣០ និង​បានរៀបចំ​ធ្វើ​ផែនការមេ​អភិវឌ្ឍន៍ ទេសចរណ៍ នៅ​សៀមរាប​អង្គរ​។​

​ប្រធាន​សមាគម​ទី​ភ្នាក់ងារទេសចរណ៍​ជប៉ុន បាន​សន្យា ថា នឹង​ខិតខំ​ជួយ​ជំរុញ​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​ដល់​សមាជិកសមាគម​ន៍​របស់​ខ្លូន ក៏ដូចជា​ជួយ​ជំរុញឲ្យមាន​ការហោះហើ​រ​ត្រង់ ពី​ប្រទេស​ជប៉ុន ទៅ​កម្ពុជា​ថែមទៀត ដោយ​បច្ចុប្បន្ន​ទើប​មាន​ការហោះហើរ ប្រចាំថ្ងៃ​រវាង​រាជធានី​ភ្នំពេញ និង​ទីក្រុង​តូ​ក្យូ​ប៉ុណ្ណោះ​។​

​ជាមួយគ្នា​នោះ លោក​ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ ក៏បាន​ផ្សព្វផ្សាយ​បន្ថែម​អំពី​ភាព​ទាក់ទាញ នៃ​ទេសចរណ៍​កម្ពុជា ពិសេស​ផលិតផល​ទេសចរណ៍​បែប​វប្បធម៌ បេតិកភណ្ឌ និង​អេកូ​ទេសចរណ៍​។ លោក​រដ្ឋមន្ត្រី បាន​ស្នើឲ្យ​ភាគី​ជប៉ុន​ជួយ​ជំរុញ​ការវិនិយោគ លើ​វិស័យ​ទេសចរណ៍ធម្មជាតិ និង​សហគមន៍​ផងដែរ ហើយ​ភាគី​ជប៉ុន​ក៏បាន​កោតសរសើរ​ដល់​កម្ពុជា ដែល​ជំរុញ​ការអភិវឌ្ឍ​ទេសចរណ៍ធម្មជាតិ​នេះ ដោយ​ទេសចរណ៍​ប្រភេទ​នេះ មិន​ត្រឹមតែ​ជួយ​ការពារ​ធនធានធម្មជាតិ និង​វប្បធម៌​ប៉ុណ្ណោះ​ទេ ថែមទាំង​ចូលរួម​សម្រេច​គោលដៅ​អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព​របស់​អង្គការ​សហ​ប្រជាតិ​ថែមទៀត ដែល​ប្រទេស​ជប៉ុន​កំពុងតែ​យកចិត្តទុកដាក់​ខ្លាំង​៕

ព័ត៌មានផ្សេងទៀត